សាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមផ្តន្ទាទោស ក្រុមអ្នកទទួលផលពីចោរកម្ម ចំនួនបីខេត្ត !

សាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមផ្តន្ទាទោស ក្រុមអ្នកទទួលផលពីចោរកម្ម ចំនួនបីខេត្ត !

ខេត្តកណ្តាល ៖
នៅព្រឹកថ្ងៃទី១៧ សីហា ២០១៨នេះ នៅសាលាដំបូងខេត្តកណ្តាល បានបើកប្រកាសសាលក្រមផ្តន្ទាទោស សំណុំរឿងក្រុមអ្នកទទួលផលពីចោរកម្ម ចំនួនបីខេត្ត ។ ក្នុងការប្រកាសសាលក្រមនេះ រួមមានលោកចៅក្រម គឹម ម៉េង ជាប្រធានប្រឹក្សា លោក ទី សំណាង ចៅក្រម លោក ផូង វណ្ណ ចៅក្រម និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។

ក្រោយបញ្ចប់សាលក្រម លោក គឹម ម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្តន្ទាទោស ជនជាប់ចោទទី០១.ឈ្មោះ តេង លី ភេទប្រុស ទី២.ឈ្មោះ សេង បូរិទ្ធ ភេទប្រុស ចំនួន០៧ឆ្នាំ និងទី.៣ឈ្មោះ ហេង ភក្តី ភេទប្រុស ទី៤.ឈ្មោះ យន់ សំអឿន ភេទប្រុស ទី.៥ឈ្មោះ យន់ វាសនា ភេទប្រុស ចំនួន០៤ឆ្នាំ ។ ជនជាប់ចោទខាងលើនេះ ត្រូវជាប់ចោទពីបទ ទទួលផលពីចោរកម្ម និង មានស្ថានទម្ងន់ទោស តាមមាត្រា៤០០ ,៤០១ នៃក្រមព្រហ្មទណ្ឌ ។

ប្រតិបត្តិការណ៍បង្ក្រាបនេះ ក្រោយកម្លាំងនគរបាល ស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនក្រុមចោរធាក់ផ្តួលម៉ូតូប្លន់ បាន៦នាក់ ក្រោយពួកគេធ្វើសកម្មភាព វាយប្លន់ជនរងគ្រោះ ២នាក់ប្តី ប្រពន្ធកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅចំណុច ដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចគេចខ្លួនបាត់ ។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីជនសង្ស័យ១ក្រុមនេះ ធ្វើសកម្មភាពធាក់ផ្តួលវាយប្លន់ជនរងគ្រោះ ឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកសិករ និងឈ្មោះ សឿន សម្ភស្ស ភេទស្រីអាយុ២៥ឆ្នាំ មានមុខរបរកសិករ អ្នកទាំងពីរជាប្តីប្រពន្ធរស់នៅ ភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5246 ។

ក្រោយកើតហេតុកម្លាំងនគរបាល លោកតាមបង្ក្រាបបានមុខសញ្ញា ៦នាក់ ធ្វើការដកហូត បានស្លាកលេខម៉ូតូបានចំនួន៣ ។ (ភ្នំពេញ 1GS-2799) (ភ្នំពេញ 1GI-2551) (ឧ.មានជ័យ 1C-6117) និងម៉ូតូចំនួន ៤គ្រឿង ១.ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខកណ្ដាល 1Y-5246 ។ ២.ម៉ូតូម៉ាកស៊ុយសុគីឡេត ពណ៌ស លាយក្រហមគ្មាន ស្លាកលេខ ។ ៣.ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខឧត្តមានជ័យ 1C-6117 ។ ៤.ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងតែមឆ្នាំ ២០១៨ ។
លោកបានបន្តថា ក្រោយធ្វើការស្រាវជ្រាវ ឃាត់បានជនសង្ស័យទាំង ៦នាក់ រួចនាំមកសាកសួរ ទើបដឹងថា មានបក្ខពួកមួយចំនួនទៀត នៅខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ដោយមានការឯកភាព ពីអគ្គនគរបាលជាតិ និង ដឹកនាំផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានចុះទៅសហការ ជាមួយកម្លាំងនគរបាល ខេត្តទាំងពីរ ធ្វើការស្រាវជ្រាវ ឆែកឆេរទីតាំង ទិញ លក់ម៉ូតូ ទទួលផលពីចោរកម្មចំនួន ៥ គោលដៅ រកឃើញម៉ូតូមិនប្រក្រតីជាច្រើនគ្រឿង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៦នាក់ នាំយកមកសាកសួរ ។

មុនដំបូងកម្លាំងចូលឆែកផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ។ រកឃើញម៉ូតូមិនប្រក្រតី មួយគ្រឿង ម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់ ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ និង វត្ថុតាងមួយចំនួនទៀត ដែលជាសម្ភារៈសម្រាប់ធ្វើសកម្មភាព ។ អ្នកផ្ទះឈ្មោះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី) រកឃើញស្លាកលេខម៉ូតូ ១៦ស្លាក (ខ.ម) ០១ និង វត្ថុតាង មួយចំនួនទៀតផងដែរ ។ រួចបន្តទៅឆែកឆេរផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា ដោយមានការ ចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

រកឃើញស្លាកលេខឡាន២បន្ទះ លេខៈ ភ្នំពេញ 2F-9660 និងកាតគ្រីម៉ូតូចំនួន៧សន្លឹក និងអត្តសញ្ញាណ ប័ណ្ណជនជាតិខ្មែរចំនួន ០៤សន្លឹក ។ រួចបន្តទៅឆែកឆេរផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី រកឃើញ ស្លាកលេខម៉ូតូចំនួន ០១សន្លឹក ភ្នំពេញ 1AD-4382 និង វត្ថុតាងផ្សេងទៀត ។ រួចបន្តទៅឆែកឆេរផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិ ឲ្យសមត្ថកិច្ចកាត់សោរទីតាំងផ្ទះលក់ម៉ូតូនៅ ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា រកឃើញម៉ូតូ ៤៥គ្រឿង ស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ។

ក្រោយត្រួតពិនិត្យរួច វត្ថុតាងចាប់យក រួមមានម៉ូតូចំនួន ០៨គ្រឿង ទីតាំងនេះប្រគល់ ឲ្យសមត្ថកិច្ច ខេត្តកំពង់ស្ពឺ គ្រប់គ្រងបណ្ដោះអាសន្ន ៕

99 Views