ធនធានធម្មជាតិ ព្រៃឈើ ស្ពានថ្នល់ខ្មែរនៅភាគឦសាន ត្រូវបានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារបុគ្គលមានគោរម ងារជាឧកញ៉ាពីរបីនាក់ រកស៊ីទុច្ចរិតធើ្វឲ្យ្វតម្លៃ «ឧកញ៉ា» ស្រុកខ្មែរធ្លាក់ចុះ!

ភាគឦសាន៖ បើទោះបីជាបុគ្គលមានគោរមងារជាឧកញ៉ា មួយចំនួនជាប់ឈ្មោះក្នុងបញ្ជីខ្មៅ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានសំណុំរឿង នៅក្នុងតុលាការយ៉ាងណា ក៏ដោយ គេសង្កេតឃើញថា រយៈពេលពីរបីសប្ដាហ៍កន្លងទៅនេះ មេឈ្មួញឈើធំៗ ដែលមានគោរមងារជាឧកញ៉ា ៣នាក់ ១ គឺឧកញ៉ា សឹង សំអុល ២ ឧកញ៉ា ប៉ោ សំអឿន និង៣ ឧកញ៉ា តុប វីដា នៅតែបន្ត
សកម្មភាពរកស៊ីទុច្ចរិត កាប់បំផ្លាញឈើដឹកជញ្ជូនចេញពីតំបន់ដែនជម្រក
សត្វព្រៃភ្នំព្រេច យកទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុន ទៅទៀត។

ប្រភពពីបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានលើកឡើងថា ក្រុមឈ្មួញដែលមានគោរមងារជាឧកញ៉ា បីនាក់ខាងលើ បានប្រើរថយន្តបង្កុង ត្រាក់ទ័រនិងគោយន្តកាឡេថង ជាច្រើនគ្រឿង ដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ដូចជាព្រៃការពារ របស់ព្រៃសហគមន៍។ល។ ថ្មីៗនេះ គេបានឃើញសមត្ថកិច្ច ក្រសួងពាក់ព័ន្ធកំពុងចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រក
សត្វព្រៃភ្នំព្រេច នោះដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅភាគឦសាន គ្មានជំនឿថា ការបង្ក្រាបរបស់សមត្ថកិច្ទទាំងនោះមានប្រសិទ្ធភាពឡើយ។

ប្រជាជន មន្ត្រីរាជការ ដែលស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ស្ពានថ្នល់ខ្មែរ តាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ពួកគាត់បានទទូចសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន តាមរយះបណ្តាញផ្សព្វផ្សាយព័ត៌មានថា៖ សូមសម្តេចមេត្តាជួយ បញ្ឈប់សកម្មភាព បុគ្គលមានគោរមងារជាឧកញ៉ា រកស៊ីទុច្ចរិត ដែលកំពុងធ្វើឲ្យតម្លៃ«ឧកញ៉ា»
ស្រុកខ្មែរធ្លាក់ចុះ ដោយសារទង្វើមិនគប្បីរបស់ឧកញ៉ាពីរបីនាក់ ខាងលើ។

អ្នករិះគន់ភាគច្រើនបានលើកឡើងស្រដៀងគ្នាថា ទង្វើមិនគប្បីរបស់ឧកញ៉ាមួយចំនួន ឬ ការចោទប្រកាន់ទៅលើឧកញ៉ា ដែលប្រព្រឹត្តខុសឆ្គង បានធ្វើឲ្យតម្លៃរបស់ឧកញ៉ា ស្រុកខ្មែរធ្លាក់ចុះ។ តម្លៃរបស់ឧកញ៉ាធ្លាក់ចុះ មិនមែនមានន័យថា ឧកញ៉ាទាំងអស់នៅស្រុកខ្មែរសុទ្ធតែប្រព្រឹត្តមិនល្អនោះទេ ។ ប៉ុន្តែពាក្យស្លោកខ្មែរថា ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់ ។ បើទោះបីជាឧកញ៉ាខ្លះជាមនុស្សល្អ ហើយបានចូលរួមកសាងជាតិអស់ពីកម្លាំងកាយចិត្តយ៉ាងណាក្ដី ក៏អំពើល្អទាំងនេះ មិនអាចទៅលុបលាងអំពើអាក្រក់ ដែលឧកញ៉ាមួយចំនួនទៀតប្រព្រឹត្តនោះឡើយ ។

ដើម្បីស្ដារតម្លៃនៃឧកញ៉ាឡើងវិញ បុគ្គលដែលមានគោរមងារជាឧកញ៉ា ត្រូវតែពិចារណាពីការប្រព្រឹត្តរបស់ខ្លួនឡើងវិញ ។ សម្រាប់សង្គមខ្មែរ សព្វថ្ងៃ គោរមងារជាឧកញ៉ាលែងមានតម្លៃទៀតហើយ ប្រសិនបើ គោរមងារនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់បម្រើតែផលប្រយោជន៍ខ្លួន និងបក្សពួក ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាជនខ្មែរទេនោះ សូមកុំភ្លេចថា នៅពេល ដែលលោក ឧកញ៉ា ប្រព្រឹត្តមិនគប្បី មិនមែនមានតែលោក ឧកញ៉ា នោះទេ ដែលត្រូវគេរិះគន់ គឺពិតជាមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល ដែលបានស្នើឈ្មោះឲ្យលោក បានគោរមងារជាឧកញ៉ា នោះ ក៏រងការរិះគន់ផងដែរ ។

ដូច្នេះបុគ្គលមានគោរមងារជាឧកញ៉ា
គួរតែជាបុគ្គលដ៏គួរឲ្យគោរព មានគុណធម៌ រកស៊ីសុច្ចរិត និងជួយកសាងជាតិ ។ ចំណែកបុគ្គល ដែលមានបានដោយរបររកស៊ីទុច្ចរិត បំផ្លាញ ធនធានធម្មជាតិ ព្រៃឈើ ស្ពានថ្នល់ខ្មែរ ហើយយកប្រាក់បន្តិច បន្តួច មកបរិច្ចាគជូនរដ្ឋដើម្បីក្លាយខ្លួនជាឧកញ៉ានោះ មិនគួរប្រគល់គោរមងារជា «ឧកញ៉ា» ជូនឡើយ ៕

245 Views