ឯកឧត្តន អ៊ុន ចាន់ដា អភិបាលខេត្ត ចាប់អារម្មណ៍លើតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋក្នុងខេត្តព្រះវិហារ !

ឯកឧត្តន អ៊ុន ចាន់ដា អភិបាលខេត្ត ចាប់អារម្មណ៍លើតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋក្នុងខេត្តព្រះវិហារ !

បទយកការណ៍

ខេត្តព្រះវិហារ ៖
យើងសង្កេតមើលទៅ មិនថា ឯកឧត្តមអភិបាលខេត្ត ឬ បងប្អូនអ្នករួមដំណើរនោះទេ ហាក់ដូចជាអស់កម្លាំងបន្តិច ដោយសារការធ្វើដំណើរឡើងទៅលើខ្នងភ្នំត្បែងមានជ័យ គឺធ្វើដំណើរថ្មើរជើង ត្រូវដើរឡើងតាមកាំជណ្តើរជាង១៣០០កាំ កំពស់ជាង៤០០ម៉ែត្រ ចំណាយពេលដើរឡើងប្រមាណ ជិត១ម៉ោង ទើបបាត់អស់ក្តីនឿយហត់ និងក្តីកង្វល់ក្នុងចិត្ត នៅពេលដែលយើងបានឃើញទេសភាពបែបធម្មជាតិ ដ៏ស្រស់បំព្រង បៃតងខ្ចី នៅលើខ្នងភ្នំគួរជាទីមនោរម្យ ។

ថ្ងៃនេះ ថ្ងៃសុក្រ ចុងសប្តាហ៍ សូមណែនាំតំបន់ទេសចរណ៏ធម្មជាតិ ប្រវត្តិសាស្ត្រមួយ ដើម្បីកំសាន្តអារម្មណ៍ រំសាយពីទុក្ខកង្វល់ និងផ្តល់ជាគំនិតសម្រាប់គម្រោងដើរកម្សាន្តនាពេលទំនេរណាមួយនោះ គឺតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ក្នុងខេត្តព្រះវិហារ ។

ហេតុអ្វីបានជា ភ្នំត្បែងគឺជាកន្លែងពិសិដ្ឋ និងគួរជាទីទាក់ទាញសម្រាប់ការធ្វើដំណើរទៅកំសាន្តនៅទីនោះ ?

ភ្នំត្បែង ជាតំបន់ដ៏ស្រស់ស្អាតគ្របដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង ៤០មឺុនហិកតា ជាអតីតតំបន់ប្រវត្តិសាស្ត្រ ដែលព្រះរាជាខ្មែរ កាលពីសម័យបូរាណប្រារព្ធពិធីសាសនាផ្សេងៗ ។ ដោយរួមបញ្ចូលគ្នា ជាមួយតំបន់ធម្មជាតិដ៏ទាក់ទាញ រួមមានព្រៃព្រឹក្សាលតាវល្លិ៍ធំល្វឹងល្វើយ ដើមឈើ សត្វ ព្រៃ ,បក្សាបក្សី និង មច្ឆាជាតិកម្រៗ រូងភ្នំ ក៏ដូចជំរាលថ្មភ្នំធម្មជាតិ ល្អស្រស់ត្រកាល ។

ជួរភ្នំត្បែងមានជ័យ ស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារ ត្រូវបានប្រជាជនខ្មែរគ្រប់សម័យកាលចាត់ទុកថាជា ភ្នំដ៏ពិសិដ្ឋ និងមានអាថ៌កំបាំងច្រើន ដែលមិនទាន់ត្រូវបានលាតត្រដាងរហូតមកដល់សព្វថ្ងៃនេះ ហើយយើងនៅចាំបានថា កាលពីអំឡុង ឆ្នាំ២០១៦ កន្លងទៅ តាមរយៈសំណើររបស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលតំបន់ ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ ដែលគ្របដណ្តប់ចំនួន ៥ស្រុក គឺស្រុកគូលែន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង ។

ការដាក់បញ្ចូល ភ្នំត្បែង ជាសម្បត្តិបេតិកភណ្ឌធម្មជាតិនេះ នឹងអនុញ្ញាតិអោយក្រសួងពាក់ពន្ធ័ និងអ្នកជំនាញខាងបុរាណវិទ្យាមានឱកាស សិក្សាស្រាវជ្រាវឲ្យកាន់ស៊ីតែជម្រៅ អំពីប្រវត្តិសាស្ត្រនៃតំបន់នេះ ជាពិសេសការស្វែងរកផ្ទាំងសិលាចារិកមួយចំនួន ដែលមានស្រាប់ និងខ្លះ ដែលបានបាត់បង់ ហើយអ្នកជំនាញសង្ឃឹមថា ទៅថ្ងៃអនាគត យើងនឹងបំពេញបាននូវកង្វះខាត នៃព័ត៌មានអំពីតំបន់ដ៏ពិសិដ្ឋនេះ ។

ទីតាំងធម្មជាតិ និង ប្រវត្តិសាស្ត្រ ដែលយើងបានទៅដល់ហើយ ពិតជាមិនអាចបំភ្លេចបាននោះ រួមមាន ទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬ ចាក់អង្រែ រូងប្រជៀវភ្នំត្បែង ទីតាំងសក្ការៈថ្មីបីដុំ និង រមណីយដ្ឋានទឹកធ្លាក់បេងកោង ដែលកំពុងលាក់ ខ្លួនពួនបង្ហាញសម្រស់ តាមជើងភ្នំត្បែងមានជ័យ ។

មុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកទេសចរណ៏ត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជម្រែលភ្នំ ដែលអមសងខាងដោយចំការ ចេកដាច់កន្ទុយភ្នែក និងការឡើងភ្នំដែលមានកម្ពស់ជាង ៤០០ម៉ែត្រ តាមរយះកាំជណ្តើររហូតដល់ ១៣០០ កាំ ។

សូមបញ្ជាក់ ៖ ពេលដែលទៅដល់កំពូលភ្នំ យើងបានឃើញសិលាចារឹក ព្រមទាំងចម្លាក់ផ្កាឈូកមួយ នៅក្នុងគុហា ដែលមានរូបភ្ជាប់មកជាមួយនេះ ជាភស្តុតាងប្រវតិ្តសាស្ត្រនៃតំបន់នេះ ។ យើងចាប់អារម្មណណ៏ទៅលើផ្ទាំងថ្មធំៗ ជាច្រើនដុំ រួមមានថ្មគម្ពីរ ដែលគេហៅថា ថ្មកម្រើក និងថ្មហោះ ថ្មជាវត្ថុសក្តិសិទ្ធិជាងគេនៅទីនោះ ។

នៅលើស្រទាប់ថ្មទាំងពីរ យើងបានឃើញអត្ថបទសិលាចារិកជាភាសាសំស្ក្រឹត មានខ្លះវែង ខ្លះខ្លី ហើយខ្លះរលប់សឹងតែអស់ ទៅហើយ ម្យ៉ាងវិញទៀត ដោយសារផ្នែកមួយផ្ទាំងនៃថ្មដ៏ធំមហិមានេះ ផ្តេក ផ្អៀង ហើយគងលើថ្មជម្រាលភ្នំ ជាហេតុនាំឲ្យ កើតជារូងធម្មជាតិមួយ នៅកណ្តាល ហើយរូងនេះ ក៏មានរាងមូល វាក៏ក្លាយ ទៅជាអសនៈសម្រាប់ភាវនាធម៌ តាំងពីសម័យអង្គរមកម្ល៉េះ ។ នៅក្នុងរូងសក្តិសិទ្ធនេះ ក៏មានយ័ន្តមួយ ដែលមានរូបជាផ្កាឈូកក្រពុំ មានប្រាំបីត្របក ស្ថិតនៅចំកណ្តាល នៃថូទឹកចំនួន ៣ ដែលពោរពេញទៅដោយទឹកមន្តដ៏ពិសិដ្ឋ កំពុងហូរចេញពីភ្នំ ។

លោកសាស្ត្រចារ្យ មីសេល ត្រាណេ អ្នកស្រាវជ្រាវបុរាណវិទ្យា ធ្លាប់បានបញ្ជាក់ក្នុងឯកសាររបស់ខ្លួនថា ផ្នត់គំនិតរបស់ខ្មែរគ្រប់សម័យកាល បានចាត់ទុកជួរភ្នំត្បែងមានជ័យ ជាកន្លែងដ៏ពិសិដ្ឋ ដែលពួកគាត់រមែង តែងតែទៅធ្វើធម៌ ឬ សមាធិ ធ្វើធុដុង្គ រុក្ខមូល ឬ មានអ្នកសច្ចំ តាបស ឥសីជាដើម ។ ហើយតាមការស្រាវជ្រាវ តាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន ថ្វីត្បិតតែជួរភ្នំត្បែងមានជ័យ ជាកន្លែងព្រៃភ្នំក៏មែនពិត ក៏ប៉ុន្តែដូនតាខ្មែរ រមែងតែងតែឡើងភ្នំ ចុះភ្នំនោះ ដើម្បីស្វែងរកនូវបុណ្យកុសល សម្រាប់ខ្លួនឯងផ្ទាល់ ឬ ក៏ដូចសម្រាប់សង្គមជាតិទាំងមូល ។

និយាយជារួម តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ គឺជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរកំសាន្ត របៀបផ្សងព្រេង បែបធម្មជាតិ អ្នកស្រាវជ្រាវ អ្នកចូលចិត្តថតរូប ជាពិសេសការបោះជំរុំជាក្រុមរបស់យុវវ័យ សិស្សនិសិត្ស និង មិត្តរួមការងារជាដើម ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានយើង បានរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងពិធីលាបំណន់ ដែលឯកឧត្តម បានបន់់ស្រន់ មុនពេលបោះឆ្នោត ក្នុងអណាតិទី៦នេះ ក្នុងនោះដែរ ឯកឧត្តមបានថ្លែងទៅកាន់ក្មួយៗ ដែលរួមដំណើរ ទៅកំសាន្តនៅលើខ្នងភ្នំនោះថា យើងទាំងអស់គ្នា ត្រូវតែចូលរួមការពារបរិស្ថាន ទើបយើងអាចផុតភ័យ ការពារធម្មជាតិ លើដី ក្រោមដី មនុស្សក្តី សត្វក្តី ផុតពីក្តីវិនាស ៕

274 Views