ជុំវិញ ឧក្រិដ្ឋកម្មព្រៃឈើជ្រកក្រោមលេះ អាជ្ញាប័ណ្ណបាតអាង វារីអគ្គិសនីសេសានក្រោម ២ !

ជុំវិញ ឧក្រិដ្ឋកម្មព្រៃឈើជ្រកក្រោមលេះ អាជ្ញាប័ណ្ណបាតអាង វារីអគ្គិសនីសេសានក្រោម ២ !

ខេត្តស្ទឹងត្រែង ៖
កន្លងមក បើយើងនៅចាំមិនច្រឡំទេ គឺទំហំផ្ទៃដី៣៦.០០០ហិកតា ដែលជាព្រៃរិចរិលត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអាងស្តុកទឹក ដើម្បីដំណើរការស្ថាបនាវារីអគ្គិសនីសេសានក្រោម ២ ។ មុននឹងប្រែក្លាយឱ្យទៅជាអាងស្តុកទឹកតាមលក្ខណៈបច្ចេកទេស គេតម្រូវឲ្យកាប់ព្រៃឈើចេញឱ្យអស់ ដែលគេហៅថា សម្អាតបាតអាងដើម្បីស្តុកទឹក និងស្ថាបនាឱ្យក្លាយជាទីតាំង វារីអគ្គិសនី ។ កាលនោះ អ្នកណាក៏ដឹងដែរថា ក្រុមហ៊ុនសាងសង់ បានប្រគល់សិទ្ធិឱ្យឧកញ៉ាម្នាក់ឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា ទទួលភារកិច្ចម៉ៅការកាប់ឈើក្នុងទំហំ៣៦.០០០ហិកតានេះ ។

ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលគេស្គាល់ថា ជាឈ្មួញឈើរាប់ទសវត្សមកហើយ នៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម រហូតដល់ឧត្តរមានជ័យ ដែលមន្ត្រីមានសមត្ថកិច្ចខាងបង្ក្រាបបទល្មើសព្រៃឈើសុទ្ធតែបានស្គាល់ឈ្មោះឧកញ៉ាខ្នា ស្ទើរគ្រប់គ្នា ពីព្រោះគាត់ជាឈ្មួញឈើម្នាក់ដ៏មហិមា ។
ឈើអារជ្រុង តូច ធំ វែង ខ្លី រាប់ពាន់ម៉ឺនដុំ ដែលស្តុកនៅបាតអាងសេសានក្រោម២ កន្លងមកស្ទើរ ១០០% ជាឈើប្រណិត ប្រភេទធ្នង់ នាងនួន និងបេង ដែលអាជ្ញាធរអះអាងថា ជាឈើឧកញ៉ាខ្នា ។ ក្រៅពីដឹកជញ្ជូនចេញកក្រើកមេឃ កក្រើកដី តាំងពីខែ មករា ឆ្នាំ ២០១៣មក រហូតមកដល់ពេលនេះជិតដាច់ឆ្នាំ២០១៨ហើយ នៅតែដឹកមិនទាន់អស់ទៀត គឺដឹកអាចាស់ចេញ អាថ្មីជញ្ជូនចូលហូរហែរ ទោះបី ១០ឆ្នាំទៀត ក៏ដឹកចេញមិនអស់ដែរ ។

កាលនោះ មេរដ្ឋបាលព្រៃឈើខេត្ត ពិសេសមេប៉ូលិសខេត្ត លោក រាជ សុខុន មិនមែនមិនដឹងនោះទេ…មែនទេ ? អ្នកស្រុកសេសានធ្លាប់បានរាយការណ៍មកថា មានមនុស្សមួយក្រុម ដែលគេសង្ស័យថា ជាដៃជើងឧកញ៉ាខ្នា បានដើរប្រមូលឈើប្រណិតពីគ្រប់តំបន់ ទិញផងកាប់អារផង អាងមានសិទ្ធ ពីឈ្មោះថា «សម្អាតបាតអាង» ដោយគ្មានខ្លាចអាជ្ញាធរណាទាំងអស់ ដឹកជញ្ជូនឈើពីខាងក្រៅ ប្រមូលចូលក្នុងតំបន់បាតអាង ដើម្បីឱ្យឈើចោរទាំងនោះក្លាយជាឈើស្របច្បាប់ទើប អាចវាយត្រាដឹកចេញបាន ដែលមេព្រៃត្រូវបានគេសង្ស័យថា នៅចាំតែទទួលលាភសក្ការៈ ។
សកម្មភាពរបស់ឧកញ៉ាខ្នា គឺវាតទីប្រមូលឈើប្រណិតនៅស្រុកសេសាននេះ ប្រៀបដូចជួយជំរុញលើកទឹកចិត្តឱ្យអ្នកស្រុកលួចកាប់ឈើម៉ាសេរី ដែលក្រុមគាត់ជាអ្នកចាំប្រមូលទិញដឹកយកមកដាក់នៅក្នុងតំបន់បាតអាង មិនចេះអស់ មិនចេញហើយរហូតដល់ថ្ងៃនេះ ។

ឆ្នាំ២០១៨ហើយ មិនអាចកុហក់ ពលរដ្ឋបានទៀតទេ អ្នកណាក៏ដឹងដែរថា ផ្ទៃព្រៃឈើ តែ៣៦.០០០ហិកតា ដែលរាជរដ្ឋាភិបាលយកធ្វើជាបាតអាងស្ដុកទឹក សម្រាប់ស្ថាបនាវារីអគ្គិសនី ជាព្រៃរិចរិលគ្មានឈើប្រណិតឯណា កាប់ដឹកមិនចេះអស់បែបនេះទេ ។
ពេលនេះប្រសិនបើ គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិតជាមានឆន្ទ: ក្នងការស្រាវជ្រាវ ស្វែងរកការពិត រកយុត្តិធម៌ ដល់សម្បត្តិមហាសាលរបស់រដ្ឋមែននោះ អាចមានជាប់ពាក់ព័ន្ធដូចសម្លរកំពិសជាមិនខាន ក្នុងនោះមានមេប៉ូលិសខេត្ត មេព្រៃខេត្ត មេប៉េអឹមខេត្ត ចៅហ្វាយខេត្ត រហូតដល់ស្រុក រួមទាំងអាជ្ញាធរឃុំផង អាចមិនខុសពីតំបន់កន្ទុយនាគឡើយ ។

ក្រោយការទទួលសិទ្ធិ ពីក្រុមហ៊ុនសាងសង់ភ្លាម លោកឧកញ៉ា លឹម ប៊ុណ្ណា បានចាប់ផ្ដើមប្រមូលផលអនុផលព្រៃឈើចាប់តាំងពីដើមខែមករា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ឆ្នាំ២០១៨ហើយ មិនចេះអស់សោះ ហើយផលព្រៃឈើទាំងនោះក៏ត្រូវបានអនុញ្ញាតដឹកចេញ បន្ទាប់ពីមានច្បាប់ពីរដ្ឋបាលព្រៃឈើខេត្ដស្ទឹងត្រែងជាបន្ដបន្ទាប់ផងដែរ គឺដឹក១០ឆ្នាំទៀតក៏មិនអស់ដែរ ព្រោះគេដើរកាប់អារពាសវាលពាសកាល ។

ដោយសារយល់ឃើញមានភាពមិនប្រក្រតីមួយចំនួន ក្នុងក្រុមហ៊ុនទទួលផែនការសម្អាតបាតអាង ទើបរាជរដ្ឋាភិបាលបានចេញ សជណ ចុះថ្ងៃទី១៦ តុលា យោងចំណាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចុះថ្ងៃទី១២ តុលា ឆ្នាំ២០១៣ ដោយរាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការអនុវត្ដ ឱ្យក្រុមហ៊ុនសម្អាតបាតអាង ផ្អាកការប្រមូលផលអនុផលព្រៃឈើរបស់ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ ក្នុងតំបន់អាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីសេសានក្រោម២ មួយរយៈ រហូតដល់មានការកំណត់ព្រំប្រទល់តំបន់អាងស្តុកទឹកនៅលើទីតាំងជាក់់ស្តែង ព្រោះល្បីកាប់ឈើប៉ាតណាប៉ាតណីពេក ។

បន្ទាប់ពីមានគណៈកម្មការចម្រុះអន្តរក្រសួង ដែលមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិង ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ ធ្វើការសិក្សាកែរតម្រូវ ដែលមិនចំទីតាំងឱ្យបានរួចរាល់ និងត្រូវចុះកំណត់ព្រំប្រទល់ជាក់ស្តែងជាមុន មុននឹងកាប់ប្រមូលផល និង សម្អាតបាតអាងបន្ត ព្រោះឧកញ៉ា ស្នា អ្នកម៉ៅការកាប់ឈើប្រណិតយកមកពីតំបន់ផ្សេង ដែលអាជ្ញាធរខ្លះមានយុត្តិធម៌ មានការសោកស្តាយ ទើបលួចទម្លាយពាងប្រហុកនេះ ។

តើលោកអ្នកនៅចាំបានទេ ? កាលនោះលោកឧត្តមសេនីត្រីយ៍ សុខ សេន មេបញ្ជាការរងយោធិភូមិភាគទី១ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងអង្គប្រជុំ នៃសាលាខេត្តស្ទឹងត្រែង ជូនលោករដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តផងដែរ អំពីសកម្មភាពកាប់ព្រៃយកឈើហួសដែនកំណត់ថា គ្មានឈើបាតអាងឯណាធ្លាយដល់រ៉ើនសៃព្រំប្រទល់ ខេត្តរតនគិរី និងដល់ភ្នំក្រឡាពស់ នោះទេ គិតតែពីកាប់ឈើប្រណិតឱ្យតែមាន ។

ជាក់ស្តែងឈើប្រភេទធ្នង់រាប់ពាន់កំណាត់ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង ត្រូវបានគេកាប់យកទៅដាក់នៅភូមិខាង ជាការត្រៀមដឹកចូលបាតអាងស្តុកទឹកវ៉ារីអគ្គិសនី ។ ប៉ុន្តែក្រោយពីបានបែកធ្លាយរឿងអាស្រូវខុសគោលការណ៍ ដ៏អាក្រក់បែបនេះ ក៏ត្រូវបានកម្លាំងចម្រុះ ចុះទៅបង្ក្រាប គឺឃាត់ទុកអត់ឱ្យដឹកចេញទេ ។

ក្នុងករណីកើតមានបទល្មើសយ៉ាងគគ្រឹកគគ្រេង នៅក្នុងខេត្តស្ទឹងត្រែងកន្លងទៅ លោក រាជ សុខុន ស្នងការនគរបាលខេត្តស្ទឹងត្រែង បានរៀបរាប់មិនសុច្ចរិតពីផលលំបាក របស់កម្លាំងប៉ូលិស លោកប្រាប់ទៅអង្គប្រជុំរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយខុសពីប្រធានបទក្នុងស្មារតីអង្គប្រជុំថា លោកមានការស្មុគស្មាញក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដោយសារចាប់ពីស្រុកសៀមប៉ាងរហូតដល់ខេត្តស្ទឹងត្រែង គឺមានអ្នកកាសែត និងទូរទស្សន៍៩៨% ច្រើនជាងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទនៅក្នុងខេត្តស្ទឹងត្រែងទៅទៀត ។
រាជ សុខុន និយាយថា អាពួកកាសែតទាំងហ្នឹង បើមិនឱ្យលុយពួកវា គឺវាចុះតែរឿងអាក្រក់ ហើយលោកនឹងមានវិធានការណ៍លើពួកហ្នឹង តែលោកនៅមិនទាន់បានធ្វើ ។

ក្រោយពីនិយាយខុសលើខ្លឹមសារ និងស្មារតីអង្គប្រជុំ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឆ្លើយតបទៅលោក រាជ សុខុន មេប៉ូលិសខេត្តវិញថា រដ្ឋាភិបាលបានគាំទ្រឱ្យសារព័ត៌មានចុះផ្សាយរាល់ព័ត៌មានអំពីបទល្មើសព្រៃឈើ ព្រោះអ្នកសារព័ត៌មានជាធនធានមនុស្សមួយក្នុងការចែករំលែកការងារក្នុងសង្គម ដូច្នេះមិនត្រូវនិយាយវាយតម្លៃគ្រប់អ្នកសារព័ត៌មាននោះទេ ហើយអ្នកសារព័ត៌មាននៅក្នុងខេត្តប្រហែលជា មិនច្រើនជាងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនោះទេឬអី ។

បន្ទាប់ពីត្រូវរដ្ឋលេខាធិការស្រាយបំភ្លឺវិញនោះ លោក រាជ សុខុន ស្នងការនគរបាលខេត្ត បានបោមុខយ៉ាងខ្លាំង ក្នុងអង្គប្រជុំ ហើយស្ងាត់មាត់ដូចគេចុក ។

រហូតមកដល់ពេលនេះ ឧក្រិដ្ឋកម្មព្រៃឈើជ្រកក្រោមលេសអាជ្ញាប័ណ្ណបាតអាង វារីអគ្គិសនីសេសានក្រោម ២មានរយះពេលប្រាំបីឆ្នាំហើយ ឈើខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ព្រោះគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការណ៍ទប់ស្កាត់ឡើយ ។

ថ្មីៗនេះប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ក្បែរបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ បានរាយការណ៍មកថា ៖ ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងបក្ខពួកឈ្មោះ សាន ចយ បានបន្តធ្វើសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងពេញបន្ទុកដោយសារ មានការឃុបឃិតជាប្រព័ន្ធ ។ ជាពិសេសក្នុងខណៈ ដែលមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពីថ្ងៃទី០៧ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ គឺឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើចេញពីស្រុកសេសាន យ៉ាងគឃ្លើន ។

ប្រភពពីកម្មករធ្វើការងារនៅក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្ហើបឲ្យដឹងថា៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ពួកគេបានឃើញរថយន្តយីឌុប ៥គ្រឿង ដឹកឈើមូលរាប់រយម៉ែត្រគូបចេញពីឃ្លាំងស្តុកឈើនៅក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួនយ៉ាងរលូន ។

ប្រភពបានបន្តទៀតថា ៖ ឈើដែលគរទុកក្នុងឃ្លាំងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ រាប់ពាន់ម៉ែត្រគូប សព្វថ្ងៃនេះ គឺជាឈើដែលកាប់មកពីតំបន់ការពារ និង តំបន់អភិរក្សក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេ ព្រោះគេដឹងថាឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ។

ប្រភពដដែលថា មួយរយះចុងក្រោយនេះ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើពីព្រៃការពារ ព្រៃអភិរក្ស ចូលទៅក្នុងទីតាំង បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងគំហុក។ ឈើទាំងនោះត្រូវបានគេអារច្រៀក ហើយដឹកជញ្ជូនតាមរថយន្តធំៗ ចំណុះពី៨០តោនទៅ១០០តោន ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូនដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ ។

ជុំវិញ ឧក្រិដ្ឋកម្មព្រៃឈើជ្រកក្រោមលេស អាជ្ញាប័ណ្ណបាតអាង វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែងនេះ ពលរដ្ឋបានរិះគន់ថា ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ដេកលក់យូរហើយ បណ្តោយឲ្យឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ធ្វើសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានញញើតអ្វីទាំងអស់ ។

មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់សកម្មភាពដឹកជញ្ជូនឈើ របស់ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេ ព្រោះគេដឹងថា ខ្នងបង្អែករបស់ឧកញ៉ា ជ័យ គឺជាអ្នកមានឥទ្ធិពលខ្លាំងជាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្មទៅទៀត ។

ក្រុមអ្នកសារព័ត៌មានជាច្រើននាក់យល់ឃើញថា សកម្មភាពកាប់ឈើប្រណិតបែបនេះ បានក្លាយជាឧក្រិដ្ឋកម្មព្រៃឈើយ៉ាងពិតប្រាកដដែល រាជរដ្ឋាភិបាលអាណត្តិទី៦ ច្បាស់ជាប្រើដំបងបំបែកសម្បុក មេខ្លោងឧក្រិដ្ឋកម្មព្រៃឈើទាំងនេះមិនខានឡើយ ។

អ្នកសារព័ត៌មានយើង រង់ចាំមើលតទៅទៀត តើអាចប្រមូល មេខ្លោងឧក្រិដ្ឋកម្មព្រៃឈើ កាប់ឈើប្រណិតពីខាងក្រៅដឹកចូលបាតអាង ឡើងជ្រុញដែរ ឬ អត់ ? ៕

111 Views