ពលរដ្ឋឃុំពាមឆ្កោកខកចិត្តនឹងចៅហ្វាយស្រុកជលគិរី បញ្ជាកំលាំងចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក មិនបានប៉ុន្មានថ្ងៃផង ដោះលែងវិញស្ងាត់ៗ

ពលរដ្ឋឃុំពាមឆ្កោកខកចិត្តនឹងចៅហ្វាយស្រុកជលគិរី បញ្ជាកំលាំងចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក មិនបានប៉ុន្មានថ្ងៃផង ដោះលែងវិញស្ងាត់ៗ

ខេត្តកំពង់ឆ្នាំង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមឆ្កោកមួយចំនួន ខកចិត្តនឹងចៅហ្វាយស្រុកជលគិរី បញ្ជាកំលាំងឲ្យចុះចាប់ត្រាក់ទ័រ ២គ្រឿង ដែលបានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅចំណុច ព្រៃធំ ឃុំពាមឆ្កោក ស្រុកជលគិរី កន្លងទៅថ្មីៗនេះ មិនបានប៉ុន្មានថ្ងៃផង ដោះលែងវិញស្ងាត់ៗ ត្រូវបានមតិសាធារណៈជនមួយចំនួន ដាក់ការសង្ស័យថា ៖ បានឃុបឃិតគ្នាជាមួយនឹងជំនាញពាក់ព័ន្ធ ទទួលបានសំណែនយ៉ាងសើមមាត់ សើម ក ពីក្រុមឈ្មួញបំផ្លាញព្រៃលិចទឹក សម្រាប់មច្ឆាជាតិពងកូន ដែលជាសម្បត្តិរដ្ឋ ។ប្រភពដដែលបានលើកឡើងថា ៖ តំបន់២ ចំណុចព្រៃធំនេះ គឺជាតំបន់ព្រៃរនាម ហើយក៏ជាតំបន់ហាមឃាត់ផងដែរ ចៅហ្វាយស្រុកជលគិរីជាច្រើនអាណត្តិមកហើយ មិនដែលមានចៅហ្វាយស្រុកណាម្នាក់ ហ៊ានសម្រេច ឲ្យបុគ្គលណាម្នាក់ទៅទន្រ្ទាន្តឈូសឆាយបំផ្លាញព្រៃធំនោះឡើយ ព្រោះវាជាដីរដ្ឋ ដែលឋិតនៅមាត់បឹងទន្លេសាប ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប៉ុន្តែថ្មីៗនេះ បន្ទាប់ពីលោក ហៃ មនោរម្យ បានចូលមកកាន់តំណែងជាចៅហ្វាយស្រុកភ្លាម ស្រាប់តែមានក្រុមឈ្មួញជាច្រើនក្រុម បានដាក់គ្រឿងចក្រឈូសឆាយ វាតទីបំផ្លាញព្រៃលិចទឹកសម្រាប់មច្ឆាជាតិពងកូន និង ពពួកសត្វជ្រកកោនរាប់រយហិកតា មិនថាខាងត្បូងសាលាស្រុក, ខាងជើងសាលាស្រុក ឬ ព្រៃបឹង ស្ទឹង អូរ អភិរក្សឡើយ ! ។

បើតាមប្រភពពីមន្ត្រីតូចតាចនៅក្នុងស្រុកជលគិរីមួយចំនួន បានបង្ហើបឲ្យដឹងដែរថា ៖ ចាប់តាំងពីលោក ហៃ មនោរម្យ មកកាន់តំណែងជាអភិបាលស្រុកជលគិរីភ្លាម លោកកែវ វង្សតារា ដែលប្រធានភូមិបាលស្រុកជលគិរី គេស្គាល់ថា ជាមន្ត្រីគ្រាប់ល្ពៅដៃ១០០០ បានឃុបឃិតគ្នាជាមួយនឹងជំនាញជលផល ជំនាញធនធានទឹក ព្រមទាំងអាជ្ញាធរភូមិ/ឃុំ រៀបចំដីព្រៃលិចទឹក ក្នុងតំបន់ហាមឃាត់ ឲ្យឈ្មួញបំផ្លាញព្រៃទាំងនោះ រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រឆាំងនឹងច្បាប់របស់រដ្ឋ យ៉ាងធ្ងន់ធ្ងររកទីបញ្ចប់គ្មាន ។

ថ្មីៗនេះ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយរិះគន់ចំៗ ពីភាពមិនប្រក្រតីរបស់លោកចៅហ្វាយស្រុកទើបមកកាន់តំណែងថ្មីរូបនេះ ៖ ពួកគាត់បានមើលឃើញថា លោកចៅហ្វាយស្រុក បញ្ជាកំលាំងឲ្យចុះចាប់ គ្រឿងចក្រ ដែលកំពុងឈូសឆាយនៅតំបន់ព្រៃធំនោះ ចំនួន ២គ្រឿង បានប្រហែលមួយដង្ហើមចង្រឹត ដើម្បីបំភាន់ភ្នែកសាធារណៈជនតែប៉ុណ្ណោះ ។ តែធាតុពិត បទល្មើសនៅតែជាបទល្មើសដដែល នេះដោយសារតែមានការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធយ៉ាងល្អប្រសើរ ពីសំណាក់អស់លោកមន្ត្រីជំនាញមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ។

សូមរំឮកឡើងវិញអំពីសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាននិយាយក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះនិងសំឡេងថា ៖ ដីព្រៃលិចទឹកនៅក្នុងតំបន់២ និងតំបន់៣ រាប់រយហិកតានៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកមានលុយ មានអំណាចឃុបឃិត ជាមួយលោក កែវ វង្សតារា ប្រធានការិយាល័យភូមិបាលស្រុក ជាអ្នករៀបចំឯកសារ ឲ្យលោក ហៃ មនោរម្យ ចៅហ្វាយស្រុកចុះហត្ថលេខា ជាល្បិចកល ភកុហក់ថ្នាក់លើថា ធ្វើដើម្បីប្រជាជន ។ តែការពិត គឺបំផ្លាញព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ សម្រាប់ប្រយោជន៍បុគ្គលខ្លួនតែប៉ុណ្ណោះ ហើយបណ្តោយឲ្យឈ្មួញ រុករាន្តយកដីធ្វើកម្មសិទ្ធិ្ធ ក្នុងរូបភាពស្នើរសុំពីប្រជាពលរដ្ឋតាមរយៈមេភូមិ មេឃុំបញ្ជូនជូនទៅលោក កែវ វង្សតារា ដែលគេស្គាល់យ៉ាងច្បាស់ថា ជាមន្ត្រីភូមិបាលដៃមួយពាន់ ល្បីខាងស៊ីញ៉េដីគ្រប់រឿងឲ្យឈ្មួញឈូសឆាយបំផ្លាញ ព្រៃលិចទឹកដើម្បីប្រមូលប្រាក់ដាក់ហោប៉ៅ ។

ឆ្លើយតបនឹងបញ្ហានេះ កន្លងមកអ្នកសារព័ត៌មានយើងធ្លាប់បានសំភាសន៍ជាមួយ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន មានប្រសាសន៍យ៉ាងខ្លីថា ៖ ( រឿងនេះលោកបានជ្រាបហើយ ឥឡូវខ្ញុំបានបញ្ជូនមន្ត្រីរបស់ខ្ញុំឲ្យទៅពិនិត្យមើល ហើយធ្វើពាក្យដាក់ប្តឹងទៅតុលាការ) ។

ជុំវិញបញ្ហាខាងលើនេះ ដើម្បីកុំឲ្យមានពាក្យថា ខឹងគោ វាយរទេះដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានទៅលើមន្ត្រីគ្រាប់ល្ពៅមួយចំនួន ប្រជាពលរដ្ឋដែលគោរពស្រឡាញ់តេជោ ហ៊ុន សែន បានទទូចសំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយ សូមសម្តេចជួយធ្វើឲ្យលោក ហៃ មនោរម្យ ចៅហ្វាយស្រុក, លោកកែវ វង្សតារា ប្រធានភូមិបាលស្រុកជលគិរី , លោក សោម ភារុន នាយខ័ណ្ឌជលផល និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មកំពង់ឆ្នាំង ឲ្យធ្វើជាមន្ត្រីជើង២បានហើយ កុំធ្វើជាមន្រ្តីជើង ១០ និង មន្ត្រីគ្រាប់ល្ពៅអី ! ។ បើធ្វើជាមន្ត្រីជើង ១០ និង មន្ត្រីគ្រាប់ល្ពៅតទៅទៀត ព្រៃលិចទឹក ដែលជាជម្រកសត្វ និង មច្ឆាជាតិ សម្រាប់ពងកូន ដែលជាក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋខ្មែរ ច្បាស់ជាវិនាសហិនហោច ក្រោមស្នាដៃមន្ត្រីជើង១០ និង មន្ត្រីគ្រាប់ល្ពៅជាក់ជាមិនខាន ៕

94 Views