ក្នុងខែរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នេះ ឈ្មួញឈើ និង មន្ត្រីគ្រាប់ល្ពៅសប្បាយចិត្ត រីកថ្លើមសំរុកដឹកឈើទៅលក់ឲ្យយួន!

ក្នុងខែរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នេះ ឈ្មួញឈើ និង មន្ត្រីគ្រាប់ល្ពៅសប្បាយចិត្ត រីកថ្លើមសំរុកដឹកឈើទៅលក់ឲ្យយួន!

ខេត្តរតនគិរី :- ប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងបានលុង បានឲ្យដឹងថា ចាប់ពីដើមខែកក្កដា រហូតមកដល់ថ្ងៃនេះ មេឈ្មួញឈើប្រណិត ដែលគេស្គាល់ឈ្មោះ ទូច ណាត និង ទូច ប៉ែត កំពុងសប្បាយចិត្ត រីកថ្លើម បន្តសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងព្រំដែន ជាច្រើន កន្លែងទៀតក្នុងអូរយ៉ាដាវ ។ ចំណែកនៅតាមតំបន់ព្រំដែន ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី ក៏មាន សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយូន យ៉ាងពេញបន្ទុកដោយពុំមានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ហ៊ានចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបបទល្មើសកាប់ឈើក្នុងព្រៃសហគមន៍ ព្រៃអភិរក្ស ព្រៃដែនជម្រកសត្វ ព្រៃការពារនិងឧទ្យានជាតិវីរៈជ័យ កំពុងកើតមានកាន់តែខ្លាំងក្លានៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះ។ ដូច្នេះ ក្រសួងនិងក្រសួងកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធ មិនត្រូវដេកលក់នោះទេ ព្រោះបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ កំពុងកើតឡើង យ៉ាងរាលដាលហើយបទល្មើស កាប់គាស់ឈូសឆាយព្រៃទន្រ្ទាន យកដីក៏នៅតែកើតមាន គួរឲ្យព្រួយបារម្ភដែរ នៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស។

ប្រជាសហគមន៍ ការពារព្រៃឈើក្នុងស្រុកមួយចំនួន នៃខេត្តរតនគិរី បានរាយការណ៍មកថា ឈ្មួញធំៗជាច្រើននាក់ក្នុងខេត្តរតនគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីត ចេញទៅស្រុកយួន តាមច្រករបៀងភូមិភិ ច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលូន។ ចំណែកមន្រ្តីជំនាញនៅតាមផ្លូវជាតិលេខ៧៨ និងសមត្ថកិច្ចតាមច្រកព្រំដែន ក៏ដូចជាតាមច្រករបៀងកំពុងឈរចាំរាប់ក្បាលឡានយកលុយមិនចាត់វិធានការ ទប់ស្កាត់បទល្មើសទៅតាមតួនាទី របស់ខ្លួននោះទេ ហេតុនេះហើយទើបប្រជាពលរដ្ឋរិះគន់ចំៗថា មន្រ្តីជំនាញនិងសមត្ថកិច្ច ជាអ្នកឃុបឃិតបើកដៃ ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រសិនបើមន្រ្តីជំនាញ និងសមត្ថ កិច្ច ពាក់ព័ន្ធបំពេញការងារត្រឹមត្រូវ តាមតួនាទីរបស់ខ្លួននោះគឺ ឈ្មួញមិនអាចដឹកជញ្ជូន ឈើចេញទៅយូនយ៉ាងពេញបន្ទុកបានឡើយ។

ប្រពភពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា

ឈ្មួញដែលបន្តសកម្មភាពដឹក ជញ្ជូនឈើចេញតាមច្រកព្រំដែន និងច្រក របៀងក្នុងខេត្តរតនគិរី មានដូចជា ឈ្មោះទូច ណាត ឈ្មោះទូច ប៉ែត និងឈ្មួញជាច្រើននាក់ទៀត ។ ក្នុងចំណោមឈ្មួញទាំងនេះ មានឈ្មួញខ្លះប្រកបរបរដឹងជញ្ជូនឈើ យកទៅលក់នៅស្រុកយួន មាន រយៈពេលជាង១០ទៅ២០ឆ្នាំមកហើយ មិនដែល មានមន្រ្តីជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធណាហ៊ានចាត់វិធានការ បង្រ្កាបពួកមេឈ្មួញទាំងឲ្យមានប្រសិទ្ធិភាពនោះទេ។ ផ្ទុយទៅវិញមន្រ្តីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធបានចាត់ទុកឈ្មួញទាំងនេះ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនហ៊ានចាត់វិធានការ បង្រ្កាបព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ។ ជាងនេះទៅទៀតមានថ្នាក់ដឹកនាំខេត្ត និងមន្រ្តីប្រដាប់អាវុធមួយចំនួន ក៏ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុក តាមច្រករបៀងនៅច្រកព្រំដែន ក្នុងខេត្តរតន គិរី យ៉ាងសកម្មផងដែរ។

ប្រភពពីប្រជាសហគមន៍ ការពារព្រៃឈើក្នុងស្រុកវ៉ើនសៃ បានបង្ហាញឲ្យដឹងថា ព្រៃសហគមន៍ ព្រៃអភិរក្សនិងព្រៃ ការពារ ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុង រងការបំផ្លាញយ៉ាងពេញបន្ទុកទៅហើយ ដោយពុំមានមន្រ្តីជំនាញ ឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា មានមន្រ្តីអាវុធហត្ថម្នាក់ គឺជា ឈ្មួញ ប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់ច្រើនឆ្នាំ មកហើយដោយពុំមានមន្រ្តី ជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធហ៊ានចាត់វិធានការបង្រ្កាបឡើយ។ មន្រ្តីអាវុធហត្ថម្នាក់នោះ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដឹកជញ្ជូន ឈើពីស្រុលវ៉ើនសៃចូលក្រុងបានលុង យ៉ាងគគ្រឹកគគ្រេងជាពិសេស នៅពេលយប់ដោយពុំមាន ឧបសគ្គអ្វី ទាំងអស់។ ហេតុនេះហើយទើបប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកវ៉ើនសៃ ព្រួយបារម្ភយ៉ាង ខ្លាំង ចំពោះវិនាសកម្មព្រៃឈើក្នុងមូលដ្ឋានពួកគាត់ព្រោះមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានចាត់វិធានការបង្រ្កាបបទល្មើសដែលបងើតឡើង ដោយមន្រ្តីអាវុធហត្ថម្នាក់នោះឡើយ។

នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ក៏មានបទល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើខុសច្បាប់កើតឡើង យ៉ាងរាល ដាលដែរ ព្រោះមានការឃុបឃិតពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតគូរតែរឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន ។ ជាពិសេសតំបន់ដែនជ្រកសត្វព្រៃលំផាត់ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី បទល្មើស កាប់ឈើកំពុងកើតឡើងយ៉ាអនាធិបតេយ្យ ដោយគ្មានការបង្រ្កាបពីមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើ ឡើយ ។ មិនតែប៉ុណ្ណោះប្រភពពីមន្រ្តីអាជា្ញធរមូលដ្ឋាន និងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុក លំផាត់ បានឲ្យដឹងថា មន្រ្តីបរិស្ថានមួយចំនួន គឺជាឈ្មួញប្រមូលទិញឈើ និងស្តុកឈើដោយគ្មានញញើត អ្វីទាំងអស់ ព្រោះគ្មាននរណាហ៊ានប៉ះពាល់ពួកគេឡើយ។ ឈ្មួ្មញមួយចំនួន ដឹកជញ្ជូន ឈើចេញពីតំបន់ដែន ជម្រកសត្វព្រៃលំផាត់ ចូលទៅក្រុងបានលុង ហើយឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនទាំងយប់ ទាំងថ្ងៃ ដោយពុំមានការបង្ក្រាបពីមន្រី្តជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ ហេតុនេះហើយទើបមេឈ្មួញជាច្រើននាក់ ក្នុងខេត្តរតនគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមអំពើចិត្តព្រោះមានការឃុបឃិត ជាប្រព័ន្ធអស់ទៅហើយ៕

114 Views