ឈ្មួញឈើបង្ករសង្រ្គាមជាមួយអ្នកកាសែត កក្រើកភាគឦសាន

ឈ្មួញឈើបង្ករសង្រ្គាមជាមួយអ្នកកាសែត កក្រើកភាគឦសាន

ខេត្តរតនៈគីរី ៖
ថ្មីៗកន្លងមកនេះ យើើងសង្កេតឃើញ មេឈ្មួញរកសុីឈើដុះស្លែដែលមានឈ្មោះ ទូច ជាប្អូនបង្កើត លោក ប៉ែត បានបញ្ជារកូនចៅឲ្យបើករថយន្តបុក រថយន្តក្រុមអ្នកសារព័ត៌មាន និងបានទាញ ដាវសាំម៉ារៃ ដេញកាប់អ្នកកាសែត វាយកម្ទេចរថយន្តអស់ ៣គ្រឿង បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់ ។

ហេតុការណ៍ក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់ បើករថយន្តបុក និងដេញកាប់អ្នកកាសែតបាន កើតឡើងនៅវេលាម៉ោងប្រមាណជាង ១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុចត្រពាំងច្រេះ តាមផ្លូវជាតិលេខ៧៨ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរនៈគិរី ។

សេចក្តីរាយការណ៍បានបន្ថែមឲ្យដឹងទៀតថា មុនពេលកើតហេតុ អ្នកសារព័ត៌មានមួយក្រុម មានជិះរថយន្តជាច្រើនគ្រឿង ដើម្បីឃ្លាំមើល និង ផ្តិតយករូបភាពសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ តាមផ្លូវជាតិលេខ៧៨ ចេញពីក្រុមហ៊ុនចំការដូងប្រេង នៅក្បាលស្ពានស្រែពក ឆ្លងកាត់ ក្រុងបានលុង ខេត្តរតនៈគិរី រួចដឹកចេញទៅប្រទេសយួន តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ដែលគ្រប់គ្រង ដោយលោក កង សារឿន ជាប្រធាន ។

ប្រភពបានបន្តទៀតថា ខណៈពេលក្រុមអ្នកកាសែតបានឈប់តាមចិញ្ចើមផ្លូវចំណុចខាងលើ មួយសន្ទុះ ស្រាប់តែ មានក្បួនរថយន្តសាំយ៉ុង ផ្ទុកឈើពេញប្រៀប ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-0909 គេស្គាល់ជារបស់លោក ទូច ប្អូនលោកប៉ែត មានខ្សែមន្ត្រីធំៗកាងពីក្រោយខ្នងជាច្រើន ។

សូមរំឮកថា មេឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី ឈ្មោះ ទូច រកស៊ីដឹកឈើយ៉ាងគគ្រឹកគគ្រេង ដោយឆ្លងកាត់មុខសមត្ថកិច្ចបានយ៉ាងរលូន មិនដែលឃើញ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និង មន្ត្រីជំនាញពាក់ព័ន្ធណាបង្ក្រាបឡើយ ។ពួកគេតែងតែប្រើរូបភាពរថយន្តសាំយ៉ុងដឹកជញ្ជូនឈើប្រណិតយ៉ាងអនាធិតេយ្យ និង មានរថយន្តទំនើបម៉ាកហ្វត កាងបិទគូថពីក្រោយឡានដឹកបទល្មើសព្រៃឈើ ។
ប្រភពបានបង្ហើបឲ្យដឹងថា ឈើទាំងនេះដឹកចេញពីខេត្តស្ទឹងត្រែង យកលាក់ទុកនៅឃ្លាំងស្តុប ក្រុមហ៊ុនចំការដូងប្រេង ទន្លេស្រែពក និងជាច្រើនកន្លែងទៀត ។

បើទោះបីជាមាន បទបញ្ជារពីលោក ថង សាវុន អភិបាលខេត្តរតនៈគិរី ដែលខំបង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើកន្លងមកយ៉ាងណាក៏ដោយ ក៏ឈ្មួញទាំងនោះ នៅតែផ្គើននឹងបទបញ្ជាររបស់លោកអភិបាលខេេត្តរកទីបញ្ចប់គ្មាន ។ ចំណែកលោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ និង មន្ទីរបរិស្ថាន ខេត្តរតនៈគីរី គាត់មិនដែលអើពើលើករណីនេះម្ដងឡើយ ប្រហែលជាត្រូវរ៉ូវគ្នា ជាប្រព័ន្ធ ក៏អាចថាបាន ។

យោងតាមសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានក្នុងស្រុក១ចំនួន បានលើកឡើងថា ជំនាញមេព្រៃ និង ជំនាញបរិស្ថាន ក៍ដូចលោកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថានខេត្ត សព្វថ្ងៃ ពុំសូវយកចិត្តទុកដាក់ធ្វើការតាមតួនាទី និងជំនាញខ្លួននោះទេ ចំពោះបញ្ហាការពារ និង ទប់ស្កាត់ព្រៃឈើធនធានធម្មជាតិ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ នូវអ្វីដែលខ្លួនមាន ពួកគាត់តែងតែចាំទទួលផលស្រាប់ៗ ពីសមត្ថកិច្ចកងរាជអាវុធហត្ថផ្ទៃប្រទេស និង អ្នកសារព័ត៌មានតែប៉ុណ្ណោះ ។
មិនថា បទល្មើសព្រៃឈើ និងសាច់សត្វព្រៃ រីកដុះដាលដូចផ្សិត លក់ដូរពេញផ្សារក្នុង ខេត្ត អសមត្ថភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ ហើយរាល់ពេលអ្នកសារព័ត៌មានយើងរាយការណ៍ ពេលខលចូល នៅពេលជួបបទល្មើស ពួកគាត់ពុំដែលសហការឲ្យទាន់ពេលវេលាម្តងណាឡើយ ។ ពួកគាត់តែងតែឆ្លើយដោះសារ ឬ ទូរស័ព្ទចូលគ្មានអ្នកលើក ឬ លើកហើយឆ្លើយបង្វៀង ឬ ថា នៅឆ្ងាយ ពេលខ្លះ ឆ្លើយថា ជាប់រវល់ រួចបិទទូរស័ព្ទតែម្តង ។បទល្មើសដែលកើតមាន នៅដែនគ្រប់គ្រងរបស់ពួកគាត់ បែរជាឆ្លើយថា មិនដឹងក៏មានដែរ ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ទំនងជាឆ្នាំងបាយរបស់ពួកគាត់ ។
បើតែយ៉ាងនេះ ពិតជាខាតថវិការជាតិ មិនតិចទេ ព្រោះតែមន្ត្រីគ្រាប់ល្ពៅអស់ទាំងនេះ មានប្រាក់ខែហើយ ឆ្លៀតរកចំណូលក្រោមតុ ពីបទល្មើសទៀត ភាពអសកម្មរបស់មន្ត្រីជំនាញដដែលនេះ គួរតែអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការណ៍ ឬ ហៅទៅដុះក្អែលចំពោះមន្ត្រីទាំងនេះ ។

ពាក់ព័ន្ធករណីឈ្មួញឈើបង្ករសង្រ្គាមជាមួយអ្នកកាសែត កក្រើកភាគឦសានខាងលើនេះ ក្រុមការងារយើង ពុំបានសុំការបំភ្លឺពីភាគគីម្ខាងទៀត និងសមត្ថកិច្ចពាក់ព័ន្ធឡើយ ដោយមិនស្គាល់លេខទូរស័ព្ទ ៕
ដោយ អ្នកស្រី ព្រហ្មសុខពាន

222 Views