មនុស្សយ៉ាងតិច៤៩នាក់ស្លាប់ដោយសារ ការបាក់ដី (ជប៉ុន)

មនុស្សយ៉ាងតិច៤៩នាក់ស្លាប់ដោយសារ ការបាក់ដី (ជប៉ុន)

ជប៉ុន ៖
យោងតាមទីភ្នាក់ងារព័ត៌មានសាធារណៈជប៉ុន NHK មានមនុស្សស្លាប់យ៉ាងតិច៤៩នាក់ ហើយជាង៤៧នាក់ទៀតបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ នៅភាគនារតីនៃប្រទេសជប៉ុន ពីព្រោះមានធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យបាក់ដី។ សារព័ត៌មាននោះក៏បានរាយការណ៍មកថា មនុស្សជាង១លាន៦សែននាក់ បានត្រូវបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន។

ខណៈពេលភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងលិចនិងកណ្តាលជប៉ុន សេវាផ្នែកអាកាសធាតុបានប្រាប់ឲ្យដឹងថា ទឹកភ្លៀងជាង៥៨សង់ទីម៉ែត្របានធ្លាក់ចុះនៅទីក្រុង Motoyama ដែលជាទីក្រុងមួយនៅលើកោះ Shikoku ភាគខាងត្បូង ក្នុងរយៈពេល២៤ម៉ោងដែលបានបញ្ចប់កាលពីព្រឹកថ្ងៃសៅរ៍ ។

លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្រ្តីជប៉ុនបានប្រាប់ឲ្យដឹងថា ពួកអ្នកពន្លត់អគ្គិភ័យ មន្រ្តីប៉ូលិសនិងកងកម្លាំងយោធាប្រហែល៤ម៉ឺន៨ពាន់នាក់បានធ្វើការឆ្លើយតបដល់ការបាក់ដីនិងស្ថានភាពគ្រាបន្ទាន់រាប់សិបកន្លែង ។

ទីភ្នាក់ងារអគ្គិភ័យនិងការរៀបចំគ្រោះមហន្តរាយរបស់ជប៉ុន បានប្រាប់ឲ្យដឹងថា ពួកអ្នកស្រុក៣លាន១សែននាក់បន្ថែមទៀតត្រូវបានគេប្រាប់ឲ្យចាកចេញ។ ទីភ្នាក់ងារឧត្តុនិយមជប៉ុនបានចេញការព្រមានពីការធ្លាក់ភ្លៀង បាក់ដី និង ការឡើងកម្ពស់ទឹកទន្លេយ៉ាងខ្លាំងនៅផ្នែកនានា លើកោះ Honshu ដែលជាកោះដ៏សំខាន់មួយ ។ សារព័ត៌មានបានឲ្យដឹងទៀតថា ប្រព័ន្ធអាកាសធាតុបានត្រូវគេដាក់នៅចន្លោះតំបន់ភាគខាងលិចនិងខាងកើតនៃប្រទេសជប៉ុនហើយថា ការធ្លាក់ភ្លៀងយ៉ាងខ្លាំងត្រូវ គេរំពឹងនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ៕

300 Views