ពលរដ្ឋឃុំពាមឆ្កោកថា ព្រៃលិចទឹករាប់រយហិកតា រងការបំផ្លាញយ៉ាង ធ្ងន់ធ្ងរ តាមអំណាចលោក កែវ វង្សតារា ការិយាល័យភូមិបាលនិងលោក ហៃ មនោរម្យ ចៅហ្វាយស្រុកជលគីរី !

ពលរដ្ឋឃុំពាមឆ្កោកថា ព្រៃលិចទឹករាប់រយហិកតា រងការបំផ្លាញយ៉ាង ធ្ងន់ធ្ងរ តាមអំណាចលោក កែវ វង្សតារា ការិយាល័យភូមិបាលនិងលោក ហៃ មនោរម្យ ចៅហ្វាយស្រុកជលគីរី !

ប្រជាពលរដ្ឋមួយចំនួននៅស្រុកជលគិរី ចោទប្រកាន់លោក កែវ វង្សតារ ការិយាល័យភូមិបាល និង លោក ហៃ មនោរម្យ ចៅហ្វាយស្រុកជលគីរីថា មិនអើពើទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃលិចទឹកនោះទេ គឺបែជាឃប់ឃិតបណ្ដោយឲ្យអ្នកមានអំណាច មានលុយកាក់វាតទីយកដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ទៅវិញ។

ព្រៃលិចទឹកដែលជាជម្រកសត្វ និងមច្ឆាជាតិពងកូនបន្តពូជនៅរដូវវស្សាដែលស្ថិតក្នុងក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រខ្មែរ ត្រូវបានក្រុមឈ្មួញ អ្នកមានលុយ មានអំណាច រំលោភបំពានជាហូរហែ ដោយប្រើគ្រឿងចក្រ ឈូសឆាយ កាយដុតកំទេច ធ្វើជាដីស្រែ ជីកស្រះ កាយប្រឡាយ ជ្រកក្រោមល្បិចកលថា ធ្វើតាមសំណើររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ឥតឈប់ឈរ នៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋមួយចំនួននៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា បានទទួលប្រយោជន៍ពីក្រុមឈ្មួញ ទើបបណ្ដោយឲ្យអ្នកមានលុយកាក់វាតទីយកដីនោះធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ អ្នកភូមិបញ្ជាក់ថា ព្រៃលិចទឹក ឬព្រៃរនាមរាប់រយហិកតាត្រូវគេកាប់យកដីស្ទើរតែអស់ទៅហើយ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់ទេ។

ប្រជាពលរដ្ឋដែលប្រទះឃើញសកម្មភាពបំផ្លាញ នៅតំបន់ព្រៃលិចទឹកចំណុចព្រៃធំ បឹងក្រពើកំបុតនោះ សម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះការឈូសឆាយរុករានយកដីនោះថា អាចនឹងហិនហោចអស់គ្មានសល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ អ្នកភូមិអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីរក្សាព្រៃលិចទឹកចំណុចនោះទុកជាជម្រកសត្វ និងត្រីពងកូននៅថ្ងៃអនាគត។

ប្រជាពលរដ្ឋម្នាក់រស់នៅឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាននិយាយក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះនិងសំឡេងថា ដីព្រៃលិចទឹកនៅក្នុងតំបន់២ និងតំបន់៣ រាប់រយហិកតានៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកមានលុយមានអំណាចឃប់ឃិត ជាមួយលោក កែវ វង្សតារា ប្រធានការិយាល័យភូមិបាលស្រុក ជាអ្នករៀបចំឯកសារ ឲ្យលោក ហៃ មនោរម្យ ចៅហ្វាយស្រុកចុះហត្ថលេខា ជាល្បិចកល ភកុហក់ថ្នាក់លើថា ធ្វើដើម្បីប្រជាជន។តែការពិត គឺបំផ្លាញព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ដើម្បីបុក្គលខ្លួនតែប៉ុណ្ណោះ ហើយបណ្តោយឲ្យឈ្មួញ រុករានយកដីធ្វើកម្មសិទ្ធិ្ធ ក្នុងរូបភាពស្នើរសុំពីប្រជាពលរដ្ឋតាមរយៈមេភូមិ មេឃុំបញ្ជូនជូនទៅលោក កែវ វង្សតារា ដែលគេស្គាល់យ៉ាងច្បាស់ថា ជាមន្ត្រីភូមិបាលដៃមួយពាន់ ល្បីខាងស៊ីញ៉េដីគ្រប់រឿងឲ្យឈ្មួញឈូសឆាយបំផ្លាញ ព្រៃលិចទឹកដើម្បីបមូលប្រាក់ដាក់ហោប៉ៅ។

ឆ្លើយតបនឹងបញ្ហានេះ ប្រប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន មានប្រសាសន៍យ៉ាងខ្លីថា( រឿងនេះលោកបានជ្រាបហើយ ឥឡូវខ្ញុំបានបញ្ជូនមន្ត្រីរបស់ខ្ញុំឲ្យទៅពិនិតមើលហើយធ្វើពាក្យដាក់ប្តឹងទៅតុលាការ)។

អ្នកតាមព័ត៌មានដ៏រសើបមួយនេះ ភាគច្រើនបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានទប់ស្កាត់ដីទាំងនោះជាបន្ទាន់ ដើម្បីរក្សាទុកជាជម្រកសត្វ និង ត្រីពងកូន ជាប្រយោជន៍របស់ជាតិនៅថ្ងៃអនាគត៖ អាជ្ញាធរត្រូវតែចាត់វិធានការទៅលើក្រុមអ្នកអ្នកបំផ្លាញព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិនោះឲ្យបាន។សកម្មភាពនេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធពុំមានវិធានការទាន់ពេលទេ ព្រៃលិចទឹកនៅតំបន់នោះនឹងហិនហោចអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយសារមន្ត្រីគ្រាប់ល្ពៅដៃដប់ ជើងម្ភៃជាមិនខាន៕

366 Views