ឈ្មួញដីស្រែប្រាំងឈូសឆាយបំផ្លាញព្រៃលិចទឹកជិត១០០ហិកតា ក្រោមក្រខ្សែភ្នែកលោក ហៃ  មនោរម្យ ចៅហ្វាយស្រុកជលគិរី?

ឈ្មួញដីស្រែប្រាំងឈូសឆាយបំផ្លាញព្រៃលិចទឹកជិត១០០ហិកតា ក្រោមក្រខ្សែភ្នែកលោក ហៃ  មនោរម្យ ចៅហ្វាយស្រុកជលគិរី?

ខេត្តកំពង់ឆ្នាំង:-ថ្មីៗនេះ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់បឹងទន្លេសាប ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទបល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹក ទន្រ្ទានយកដី ធ្វើជាកម្មសិទ្ធិ បានកើតឡើង យ៉ាងរាលដាល ក្រោយពីលោក ហៃ មនោរម្យ បានចូលកាន់តំណែងជាចៅហ្វាយស្រុកជលគិរី។ព្រោះតែហេតុនេះហើយទើបមានការ អំពាវនាវឲ្យក្រសួង និងស្ថាប័ន ពាក់ព័ន្ធចាត់វិធានការបង្រ្កាប បទល្មើសបំផ្លាញព្រៃលិចទឹក ប្រកបដោយប្រសិទ្ធភាព ព្រោះ. មន្រ្តី ជំនាញ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនទាន់ចាត់វិធានការបង្រ្កាប បទល្មើស តាមតួនាទីរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ការបង្រ្កាបបទល្មើសឈូស ឆាយបំផ្លាញព្រៃលិចទឹក ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាពេលនេះ មិនមានប្រសិទ្ធភាព
ឡើយ ហើយថ្មីៗនេះបទល្មើសបំផ្លាញព្រៃលិចទឹក ជម្រកត្រីពងកូនបានកើត ឡើងឥតឈប់ឈរ។

ប្រជាពលរដ្ឋនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ច្រើននាក់បាននិយាយថា ព្រៃលិចទឹកជម្រកត្រី ពងកូននៅក្នុងឃុំពាមឆ្កោក រាប់រយហិកតា ត្រូវក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយ ទន្រ្ទានយកធ្វើ ជាកម្ម សិទ្ធិដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា មន្រ្តីអាជ្ញាធរឃុំពាមឆ្កោក និងមន្រ្តីអាជ្ញាធរ ស្រុកជលគិរី បានដឹងយ៉ាងច្បាស់ពីបទល្មើសបំផ្លាញព្រៃលិចទឹក ដែលកំពុងកើតឡើងយ៉ាងពេញ បន្ទុកក៏ ប៉ុន្តែ គេមិនទាន់ចាត់វិធានការ ទប់ស្កាត់បទល្មើសនៅឡើយទេ ។ ហេតុនេះហើយ ទើបមានការសង្ស័យថា មន្រ្តី អាជ្ញាធរ មានជាប់ពាក់ព័ន្ធផលប្រយោជន៍ ជាមួយក្រុមជនល្មើស ទើបបណ្ដោយឲ្យបទល្មើសបំផ្លាញ ព្រៃលិចទឹក កើតឡើងយ៉ាងពេញបន្ទុកយ៉ាងនេះ។

ប្រជាពលរដ្ឋនៅឃុំពាមឆ្កោក ស្រុកជលគិរី បានលើកឡើងថា នៅពេលឃើញបទល្មើសបំផ្លាញ ព្រៃលិចទឹក កើតឡើងពួកគាត់តែងតែ រាយការណ៍ទៅមន្រ្តីរដ្ឋបាលជលផល និងមន្រ្តីអាជ្ញាធរមូលដ្ឋាន ឲ្យចាត់វិធានការ ទប់ស្កាត់។ ក៏ប៉ុន្តែជាក់ស្ដែងមន្រ្តីរដ្ឋបាលជលផលនិងមន្រ្តីអាជ្ញាធរឃុំ ស្រុកនេះ មិនចាត់វិធានការទប់ស្កាត់ បទល្មើស បំផ្លាញព្រៃលិចទឹកនោះទេ ហើយបណ្ដោយឲ្យជនល្មើសប្រើគ្រឿង ចក្រឈូសឆាយបំផ្លាញ ព្រៃលិចទឹកជម្រក ត្រីពងកូន អស់រាប់រយហិកតា។ ជាងនេះទៅទៀតសូម្បីតែប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង និងនាយខណ្ឌ រដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង ក៏រក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈបទល្មើសបំផ្លាញព្រៃលិច ទឹកកើតឡើង យ៉ាងរាលដាល។ ហេតុនេះហើយទើបប្រជាពលរដ្ឋគ្មានជំនឿ លើមន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរ ក្នុងការបង្រ្កាប បទល្មើសបំផ្លាញព្រៃលិចទឹក ដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ។

សរុបសេចក្ដីមកព្រៃលិចទឹក នៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ច ខ្លាចអំណាចលោកចៅហ្វាយស្រុកថ្មី។ ពលរដ្ឋក្នុងឃុំពាមឆ្កោកនិយាយតៗគ្នាថា ទបល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹក បើខ្មោចស្រុកវាមិនឲ្យដៃ ខ្មោចព្រៃក៏វាមិនហ៊ានដែរ។ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ព្រោះចាប់តាំងពីលោក ហៃ មនោរម្យ បានធ្វើចៅហ្វាយស្រុកជលគិរីភ្លាម ដីព្រៃលិចទឹក ជម្រកត្រីពងកូន រាប់រយហិកតាកំពុង ប្រឈមនឹងសេចក្ដីវិនាសទាំងស្រុងហើយ៕

240 Views