ដឹងការពិតហើយ រឿងគេថា គម្រោងសង់ព្រលានយន្តហោះ នៅខេត្តកណ្ដាលត្រូវលុបចោល

ដឹងការពិតហើយ រឿងគេថា គម្រោងសង់ព្រលានយន្តហោះ នៅខេត្តកណ្ដាលត្រូវលុបចោល

ព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតម្លៃ ១៥០០លានដុល្លារ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានលុបចោលហើយ ដោយសារមានកត្តាមួយចំនួន។

គម្រោងសង់ព្រលានយន្តហោះនៅខេត្តកណ្ដាល

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្ដម កែវ ស៊ីវន អគ្គនាយកបច្ចេកទេសនៃអាកាសចរណ៍កម្ពុជា បានប្រាប់ Sabay ថា ពុំមានការលុបចោលគម្រោងដូចដែលព័ត៌មានបានចេញផ្សាយនោះទេ។ ឯកឧត្ដម បន្តថា លោកដូចជាមិនបានឮដំណឹងណាមួយថាត្រូវលុបចោលគម្រោងសាងសង់ឡើយ តែផ្ទុយមកវិញគឺទទួលតែដំណឹងថា កំពុងបន្តគម្រោងទៅមុខទៀត។

«ទេ..ខ្ញុំដូចជាមិនឮដំណឹងណាមួយថា ត្រូវលុបចោលផង មានតែគម្រោងបន្តទៅមុខទៀត» នេះជាប្រសាសន៍របស់ អគ្គនាយកបច្ចេកទេសនៃអាកាសចរណ៍កម្ពុជា។

តាមការលើកឡើងបន្ថែមទៀតរបស់ឯកឧត្ដម កែវ ស៊ីវន ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន OCIC ដែលជាអ្នកវិនិយោគលើគម្រោងមួយនេះ កំពុងតែសិក្សាទៅលើការសាងសង់។ លោកថា ការសង់ព្រលានយន្តខ្នាតអន្តរជាតិមួយមានតម្លៃរាប់លានដុល្លារ មិនមែនគ្រាន់តែចុះហត្ថលេខាហើយ អាចសង់ភ្លាមនោះទេ។ ក្នុងនោះត្រូវសិក្សាបញ្ហាជាច្រើនដូចជា៖ ផលប៉ះពាល់ទាក់ទងនឹងបរិស្ថាន ការដោះស្រាយលើបញ្ហាដីធ្លី ប្លង់ បច្ចេកទេស។ល។ បន្ថែមលើពីនេះ គឺត្រូវជួលអ្នកប្រឹក្សាមកពីក្រៅប្រទេស ដើម្បីសិក្សាកាន់តែលម្អិតថែមទៀត។

រូបតំណាង

ការសិក្សាត្រូវធ្វើតាមជំហានៗ អាចត្រូវប្រើរយៈពេលយូរ។ យ៉ាងណាក្ដី ឯកឧត្ដម កែវ ស៊ីវន មិនអាចបញ្ជាក់បានទេថា នឹងត្រូវប្រើរយៈពេលប៉ុន្មានលើការសិក្សានេះ។ បច្ចុប្បន្នប្លង់ទាំងមូលមាននៅលើក្រដាសហើយ តែមិនទាន់បានកំណត់ថាបែបណានៅឡើយទេ។ បន្ទាប់ពីធ្វើការសិក្សាពាក់ព័ន្ធនឹងបញ្ហាទាំងអស់នោះរួចរាល់ហើយ គឺត្រូវបញ្ជូនបន្តទៅដល់រាជរដ្ឋាភិបាល ដើម្បីធ្វើការត្រួតពិនិត្យ និងឯកភាពទាំងស្រុង ទើបអាចឈានទៅដល់ការសាងសង់បាន។

សូមជម្រាបជូនថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតម្លៃ ១៥០០លានដុល្លារ លើផ្ទៃដី ២ ៦០០ហិកតា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រកាសគម្រោងកាលពីដើមឆ្នាំ២០១៨កន្លងទៅ។ ក្រោយការប្រកាសគម្រោងហើយ ធ្វើឲ្យឈ្មួញរកស៊ីផ្នែកដីធ្លី មានការចាប់អារម្មណ៍ជាខ្លាំង និងសម្រុកទៅទិញដីនៅតំបន់នោះ រហូតប្រែក្លាយដីដែលធ្លាប់តែពុំមានទីផ្សារ ស្រាប់តែត្រូវប៉ាន់មួយរំពេច។ យ៉ាងណាក្ដីមកទល់នឹងពេលនេះ នៅមិនទាន់មានការការសាងសង់ ជាហេតុធ្វើឲ្យអ្នកប្រមាញ់ដីទាំងនោះ ហាក់ខកចិត្តបន្តិច៕

1167 Views