ស្វែងយល់អំពីទស្សន: អ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ខុងជឺ ដែលបានឲ្យតំលៃទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ !

ស្វែងយល់អំពីទស្សន: អ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ខុងជឺ ដែលបានឲ្យតំលៃទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ !

តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទ ទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្ស ប្រភេទទីពីរជាប្រភេទ មនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍ ។

២ការបែងចែកទស្សនៈរបស់ខុងជឺ

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅ ស្រុះទឹកក្តៅ ដូចជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជា អំពើ អមនុស្សធម៌ ។

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌ នៅក្នុងគ្រួសារ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាល ដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារ ជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ ខ្លួន» ។

សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះ មុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹង កំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ាន ធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈរបស់លោកខុងជឺសង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតី អៀន ខ្មាសត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើត សីលធម៌ មួយទៀតហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។

សីលធម៌នោះគឺ

-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។

-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។

-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។

-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើ នោះទៅអ្នកដទៃ ជាមុនសិន ។

-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀស វាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។

-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យ បានមុនទុក្ខទោសនោះ មកដល់ ។

-បើធ្វើប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។

-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។

-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្ស ដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។

៣គុណធម៌របស់ខុងជឺ

គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេត្រូវ ប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ»។ នេះទើបហៅថា «គុណធម៌»។តែបើគេធ្វើ កិច្ចការទាំង ឡាយដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌នោះសកម្មភាព របស់ពួកគេនឹងក្លាយទៅជា សកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌ ។ មួយវិញទៀត ខុងជឺ ចាត់ទុកថា «ការគ្រប់គ្រងដោយ គុណ ធម៌ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់» ។

គាត់រំពឹងថា ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈាន ទៅសម្រេចផ្លែផ្កាទៀតផង ។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យ មានសណ្តាប់ ធ្នាប់និងជីវភាពរុងរឿង ។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ។មនុស្ស ដែលមានទឹកចិត្តល្អ លុះត្រាតែ មានឆន្ទៈ ស្មោះត្រង់ និងមានការអប់រំល្អ ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្ រួសារ របស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ ។ បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវ ភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់ ។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមាន សន្តិភាព។ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការ ប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន ។ នេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់» ។ ខ្លឹមសារសំខាន់នោះ ឋិតនៅត្រង់ថា អ្នកគ្រប់គ្រងល្អ៕

776 Views