ផ្ផ្អើលតៗគ្នារឿងជនជាតិចិនខួងថ្ម្មប្រាសាទនៅក្នុងតំបន់អង្គរ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាឆ្លើយថា មិនជាប់ពាក់ព័ន្ធជាមួយកិច្ចការអាជ្ញាធរអប្សរាឡើយ!

ផ្ផ្អើលតៗគ្នារឿងជនជាតិចិនខួងថ្ម្មប្រាសាទនៅក្នុងតំបន់អង្គរ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាឆ្លើយថា មិនជាប់ពាក់ព័ន្ធជាមួយកិច្ចការអាជ្ញាធរអប្សរាឡើយ!

សៀមរាប ៖ រូបភាពជនជាតិចិនមួយក្រុម មានឥវ៉ាន់នៅក្នុងសាក់កាដូរ និងឧបករណ៍ដូចជាស្វាន និងដែក ទៅខួងថ្មប្រាសាទនៅក្នុងតំបន់អង្គរ កាលពីម្សិលមិញនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ និងមានការប្រតិកម្មរិះគន់ យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងមានការស៊ែរតៗគ្នាជាច្រើន នៅលើបណ្ដាញសង្គម នៅកម្ពុជា ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Bunna Long បានសរសេរអមដោយរូប២សន្លឹក រួចបង្ហោះថា «សួស្តី មិត្តទាំងអស់គ្នា ខ្ញុំបានឃើញក្រុមការងារបច្ចេកទេសរបស់ជនជាតិចិន១ក្រុម បាននឹងកំពុងធ្វើការខួងថ្ម នៃទក្សិណ អង្គរវត្ត ។សំណួរ សួរថា តើត្រឹមត្រូវដែរឬទេ ? ខាងជំនាញណាដឹងជួយប្រាប់ផង គេធ្វើអ្វី ? » ។

ជាមួយគ្នានេះដែរ ក្រុមការងាររបស់គេហទំព័រសប្បាយ បានទូរស័ព្ទទៅសុំការបំភ្លឺពីលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពិតជាមានសកម្មភាពជនជាតិចិន យកដែកទៅស្វាន នៅទក្សិណផ្នែកខាងត្បូង នៃប្រាសាទអង្គរវត្តមែន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ នេះមែន ។

លោកបានបន្តឲ្យដឹងថា ជនជាតិចិននោះមានគ្នា៤នាក់ បានយកដែកខួងថ្មមួយកន្លែង នៅផ្នែកខាងត្បូងមុខប្រាសាទអង្គរទំហំមុខកាត់១,៦ សង់ទីម៉ែត្រ (ប្រហែលប៉ុនប៊ិច) និងជម្រៅ១១សង់ទីម៉ែត្រ ។ ដោយថ្មបុរាណមុខតំបន់អង្គរ ដែលពួកគេខួងនោះ ត្រឹមតែមួយកន្លែងប៉ុណ្ណោះ ដោយសារមានការចុះអន្តរាគមន៍ទាន់ពេលវេលា ។

ក្រោយឃើញសកម្មភាពមិនប្រក្រតីនោះភ្លាម អាជ្ញាធរជាតិអប្សរា បានធ្វើការរាយការណ៍ភ្លាមៗ ទៅដល់នគរបាលបេតិកភណ្ឌ ដើម្បីបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ផងដែរ ។

ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺចម្លើយរបស់ជនជាតិចិនទាំងនោះ បានឆ្លើយថា «ពួកគេខួងថ្ម ដើម្បីវាស់នីវ៉ូទឹក» ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ទៀតថា ការខួងថ្មវាស់នីវ៉ូទឹកនេះ មិនបានជាប់ពាក់ព័ន្ធជាមួយកិច្ចការរបស់អាជ្ញាធរជាតិអប្សរាឡើយ ហើយក៏មិនដឹងជនជាតិចិនទាំងនោះ កំពុងចង់សិក្សាពីអ្វី និងទទួលការងារពីខាងក្រសួងណានោះទេ ។

បច្ចុប្បន្ន ជនជាតិចិនទាំង៤នាក់ កំពុងស្ថិតក្នុងខេត្តសៀមរាបនៅឡើយ ក្រោមការតាមដានរបស់សមត្ថកិច្ច និងកំពុងបន្តសំណុំរឿងនេះទៀត ៕

366 Views