ពិតឫទេថា ពលរដ្ឋខ្មែរសព្វថ្ងៃ្ងពូកែអួតរឿងផឹក ច្រើនជាងរឿងរកស៊ី ?

ពិតឫទេថា ពលរដ្ឋខ្មែរសព្វថ្ងៃ្ងពូកែអួតរឿងផឹក ច្រើនជាងរឿងរកស៊ី ?

ធម្មតាបើយើងចង់ធ្វើអ្វីមួយអោយល្បី លុះត្រាតែមានការគាំទ្រ និងសរសើរពីអ្នកដទៃ ជាក់ស្តែងការប្រមឹកក៏អញ្ចឹងដែរ។ បើអ្នកផឹកកាន់តែច្រើននោះភាពកោតសរសើរក៏ច្រើនទៅតាមនឹងដែរ មិនត្រឹមតែប៉ុណ្ណោះអ្នកប្រហែលជាត្រូវបានគេផ្តល់ជារូបសំណាកមួយសម្រាប់តំណាងដល់ការផឹករបស់អ្នកដូចរូបខាងលើនេះ។ សូមបញ្ជាក់បើផឹកដល់ថ្នាក់ស្រវឹងខ្លាំង សូមមេត្តាកុំបើកបរ ស៊ូដេកនៅកន្លែងផឹកនោះ ឬអោយគេដឹកវិញ។

ភាពជឿនលឿន និងងាយរកបាននៃផលិតផលគ្រឿងស្រវឹងក្នុងសង្គមកម្ពុជា កំពុងទាញរបៀបគិតមួយជ្រុងធំរបស់ពលរដ្ឋខ្មែរ ឱ្យដើរលើផ្លូវនៃការបំផ្លាញ បញ្ញាស្មារតី និងការទំនួលខុសត្រូវក្នុងសង្គមក្នុងនាមជាពលរដ្ឋធ្លាក់ចុះយ៉ាងគំហុក។ ដំណើរជីវិតគ្មានភាពច្បាស់លាស់របស់ពលរដ្ឋខ្មែរមួយចំនួននេះបន្តិចម្តងៗ បានទាញទម្លាក់គុណតម្លៃ និងភាពថ្លៃថ្នូររបស់ជាតិសាសន៍មួយនេះ ឱ្យស្ថិតនៅក្រោមបន្ទាត់នៃពាក្យថា «ធ្វេសប្រហែស និងស្រេចតែអញ ព្រោះវាជាសិទ្ធិរបស់អញ»។

បច្ចុប្បន្នភាពនៃការប្តូរផ្លាស់សម្ភារៈសង្គម និងតម្រូវការរបស់មនុស្ស បានកើនឡើងជាលំដាប់ និងមានរបស់ថ្មីៗជានិច្ច។ ហើយដូចគ្នាអ៊ីចឹងដែរ ពលរដ្ឋខ្មែរម្នាក់ៗ ប្រាថ្នាចង់រស់នៅក្នុងស្ថានភាពមួយដែលអស្ចារ្យ និងហ៊ឺហារ តាមរយៈការប្រើប្រាស់របស់ទំនើបៗ និងផឹកស្រាថ្លៃៗជាដើម។ រហូតពេលខ្លះគេយល់ថាមានតែសម្ភារៈថ្លៃទេ ដែលអាចឱ្យជីវិតគេមានការទទួលស្គាល់ និងខ្ពង់ខ្ពស់សម័យយសស័ក្តិថ្លាថ្លៃ ហើយផាត់ចោលគុណតម្លៃនៃចំណេះដឹងចោលទៅកៀនជញ្ជាំងផ្ទះម្ខាងដោយឡែក។ ការផឹកស្រានេះ គឺកើតមានគ្រប់ស្រទាប់វណ្ណៈនិយាយជារួម ហើយដាច់ដោយឡែក គេអាចនិយាយថា ជាទម្លាប់របស់អ្នកមានលុយបំផុត ហើយធ្លាក់ទៅដល់ដៃពលរដ្ឋដែលគ្មានលុយសោះ។

ការបង្កើតទម្លាប់ទទួលទានស្រា កំពុងបានក្លាយជាចំនុចអវិជ្ជមានមួយដែលគួរឱ្យព្រួយបារម្ភនៅពេលអនាគត។ ការបារម្ភទី១ គឺពលរដ្ឋខ្មែរ ពីពេលនេះ តទៅ ហាក់លែងចង់អួតរឿងរៀន ឬក៏ការអានសៀវភៅទៀតហើយ ប៉ុន្តែគេចាប់ផ្តើមអួតអំពីការផឹកស្រាតម្លៃថ្លៃៗ និងមានរសជាតិឆ្ងាញ់វិញម្តង។

បើគេសង្កេតមើលដោយប្រយោល មិនចាប់បង្ខំ គ្រាន់តែព្រះអាទិត្យបិទភ្នែកចូលដំណេក(មេឃ) ភ្លាម ស្ទើរគ្រប់ហាងផឹកស៊ីនៅភ្នំពេញ មានមនុស្សចូលផឹកស៊ីជុំគ្នាត្រៀមត្រា ពិសេសយុវជនផ្ទាល់តែម្តង។ សំលេងកែវស្រាបានប៉ះទង្គិចគ្នាយ៉ាងរណ្តំ ផ្សំផ្គុំជាមួយសម្រែកហ៊ោរបន្ទរលើកទឹកចិត្ត ឱ្យផឹកដាច់សាច់ស្អាតបានក្លាយជាពាក្យស្លោកដ៏មានប្រជាប្រិយភាពរបស់អ្នកផឹក។ ក្រៅពីសំឡេងកែវស្រា ពលរដ្ឋនៅមានសំឡេងតន្ត្រីប្រគុំកំដរអារម្មណ៍ជាមួយផង ក្នុងគោលដៅបន្ថែមអត្ថន័យឱ្យជីវិត។

មួយថ្ងៃបន្តិចៗ ទម្លាប់នេះ ហាក់ត្រូវបានដិតដាមជាប់ក្នុងខួរក្បាលរបស់ពលរដ្ឋខ្មែរ ហើយគ្រប់ពិធីជួបជុំផ្សេងៗ ពលរដ្ឋខ្លះលើកឡើងថា «ស៊ូខ្វះស្រី តែកុំឱ្យខ្វះស្រា»។ ពលរដ្ឋខ្មែររាប់ពីក្មេងនៅជនបទ រហូតដល់ចាស់សក់ស្កូវនៅទីក្រុង ដូចជាមិនសូវនាំគ្នាពិភាក្សា ពីការរៀនសូត្រ ការអានសៀវភៅ ការអភិវឌ្ឍប្រទេសជាតិប៉ុន្មាននោះទេ។ ហើយម្នាក់ៗ ក៏ហាក់នឿយណាយចំពោះ ការវិវត្តនៃស្ថានភាពដ៏រញ៉េរញ៉ៃ និងភាពដដែលៗ របស់អ្នកនយោបាយ ដែលជាអ្នកដឹកនាំប្រទេសដែរ។ទី២ ពលរដ្ឋខ្មែរ ហាក់បានជ្រើសរើសយក ការផឹកស្រា ជាគ្រូពេទ្យព្យាបាលចិត្តសាស្រ្ត។ ជារឿយៗ នៅពេលមានទុក្ខកង្វល់ស្មាញស្មុគដោះស្រាយមិនចេញ គេសង្កេតឃើញយុវជន ឬចាស់ៗមួយចំនួន បានតេហៅ និងបបួលគ្នីគ្នា ទៅហាងស្រាដើម្បីផឹកកាត់សាញ និងបំភ្លេចទុក្ខកង្វល់ចោល។

ហើយទម្លាប់នេះ បានធ្លាក់ចូលទៅក្នុងផ្នត់គំនិតក្មេងៗជំនាន់ក្រោយ ពិសេសកុមារ។ ពលរដ្ឋខ្លះផឹករហូតភ្លេចគិតថា ស្រាជាប្រភពនៃជំងឺមហារីកថ្លើម មហារីកបំពង់រំលាយអាហារ និងជំងឺជាងកាចសាហាវជាង២០០រយមុខទៀត។

ទី៣នៃបញ្ហាដែលកើតមានក្នុងសង្គមកម្ពុជាដែរនោះ គឺការតាំងស្រាជាគ្រឿងសង្ហាររឹម ដើម្បីបង្អួតគ្នារបស់អ្នកមានលុយ។ ការយកស្រាតាំងក្នុងផ្ទះនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះកូនៗ សីលធម៌សង្គម និងឥរិយាបទទំនាក់ទំនងជាអ្នកផ្សេង។ ព្រោះថា ចង់មិនចង់ កូនៗ បានមើលឃើញស្រាគ្រប់ពេល និងយល់ស្រាគឺរបស់មានតម្លៃហើយមើល៍ទៅ បានជាលោកពុក ឬអ្នកម្តាយយកមកតាំងក្នុងទូរទុកក្នុងផ្ទះ។ ប្រការនេះ គេអាចសន្និដ្ឋានបានថា កូននោះពេលធំដឹងក្តីឡើង អាចចេះផឹកស្រា ហើយ ការជួបជុំគ្នាផ្សេងៗ ជាមួយមិត្តភក្តិ ប្រាកដណាស់ថា គេនឹងយកស្រាដើម្បីកំដរបរិយាកាសនៃការទំនាក់ទំនង។

ពលរដ្ឋខ្មែរ គួរតែសាកល្បងបង្កើតទម្លាប់ថ្មី ទម្លាប់ថ្មីក្នុងន័យបំបាត់ចោលទម្លាប់ចាស់។ ទម្លាប់ចាស់ដែលចូលចិត្តផឹក ឬយកស្រាជាភ្នាក់ងារពង្រឹងការទំនាក់ទំនង មកជាការទទួលទានភេសជ្ជៈ ឬអាហារព្រឹកវិញម្តង ក្នុងន័យឱ្យបរិយាកាសថ្មីអាចកាត់បន្ថយការទទួលស្រា របស់លោកអ្នក។ ការផ្អាកការទទួលស្រា គឺអាចចូលរួមចំណែកយ៉ាងសំខាន់ដើម្បីពង្រឹងស្មារតី និងបង្កើតសីលធម៌រស់នៅឱ្យរបៀប និងគុណតម្លៃល្អប្រសើរ។ ពលរដ្ឋអាចប្តូរឥរិយាបទ ដែលផឹកស្រានៅពេលទំនេរ មកជាអានសៀវភៅ និងជួបជុំជាមួយមិត្តភក្តិនិយាយពី ការភាពរីកចម្រើន និងចំណុចខ្វះខាតមួយចំនួនដែលរដ្ឋាភិបាលត្រូវបំពេញ ប្រហែលជាការប្រសើរ។ ស្រាគ្រាន់តែទឹកម្យ៉ាងប៉ុណ្ណោះ ហើយស្រានេះទៀតសោត គឺបង្កើតឡើយដោយមនុស្ស។ ម្ល៉ោះហើយពលរដ្ឋខ្មែរ មិនគួរដោយសារស្រា សុខចិត្តបណ្តាលឱ្យខូចកិត្តិយស និងជាតិសាសន៍របស់ខ្មែរ ដែលដូនតាមប្រឹងរក្សារាប់ពាន់ឆ្នោះមកហើយនោះទេ៕

497 Views