ចៅប្រុសតែមួយគត់របស់ ម៉ៅ សេទុង បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅកូរ៉េខាងជើង

ចៅប្រុសតែមួយគត់របស់ ម៉ៅ សេទុង បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅកូរ៉េខាងជើង

លោក ម៉ៅ ហ្ស៊ីនយូ ចៅប្រុស​តែ​ម្នាក់​គត់​របស់​អតីត​ប្រធានាធិបតី​ចិន ម៉ៅ សេទុង ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​សប្ដាហ៍​មុន មាន​រថយន្ត​ក្រុង​ទេសចរណ៍របស់​ចិន​មួយ​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយ​បាន​សម្លាប់​ជនជាតិ​ចិន​ចំនួន ៣២​នាក់ ហើយ​មិន​ទាន់​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាំង ៣២​នាក់​នោះ​នៅ​ឡើយ​ទេ។

លោក ម៉ៅ ហ្ស៊ីនយូ ចៅប្រុស​តែ​ម្នាក់​គត់​របស់​អតីត​ប្រធានាធិបតី​ចិន ម៉ៅ សេទុង

ប៉ុន្ដែ​វិទ្យុ​បារាំង​អន្តរជាតិ​ដែល​ផ្សាយ​ជា​ភាសា​ចិន បាន​រាយការណ៍​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​បុរស​វ័យ ៤៨​នាក់​ឆ្នាំ​ម្នាក់ ជា​ចៅ​ប្រុស​របស់​លោក ម៉ៅ សេទុង។

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ៅ ហ្ស៊ីនយូ បាន​ធ្វើ​ទេសចរណ៍​ជា​ក្រុម​ទៅ​កូរ៉េខាងជើង ជាមួយ​កូនៗ​របស់​ទាហាន​ចិន ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​សង្រ្គាមកូរ៉េ។

លោក គីម ជុងអ៊ុន អំឡុង​ជួប​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ព្យុងយ៉ាង

ក្រោយ​ពី​ពួកគេ​បាន​ត្រឡប់​មក​ពី​ទស្សនា​វិមាន​វីរបុរស​ចិន នៅ​តំបន់​ជនបទ Hoechang រថយន្ត​ក្រុង​របស់​ពួកគេ​បាន​បើក​ធ្លាក់​ស្ពាន​លើ​​ផ្លូវ​ហាយវ៉េ នៅ​ក្នុង​ខេត្ត Hwanghae នៅ​យប់​ថ្ងៃ​ទី២២ ខែ​មេសា ២០១៨។

ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ទៅ​សួរ​សុខ​ទុក្ខ​ជន​រងគ្រោះ​ជនជាតិ​ចិន ២​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត ដោយ​ផ្ទាល់​ដល់​ក្នុង​មន្ទីរពេទ្យ​របស់​កូរ៉េខាងជើង។

ជាង​នេះ​ទៅ​ទៀត គីម ជុងអ៊ុន បាន​ចូល​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​ព្យុងយ៉ាង ហើយ​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​លើ​ប្រជាជន​ចិន។

ជា​មួយ​គ្នា​នេះ គីម ជុងអ៊ុន ក៏​បាន​ធ្វើការ​សុំទោស​ប្រធានាធិបតី​ចិន ស៊ី ជីងពីង និង​ប្រជាជន​ចិន ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​សម្លាប់​ប្រជាជន​ចិន​យ៉ាង​ច្រើន នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង​ផង​ដែរ៕

អតីត​ប្រធានាធិបតី​ចិន ម៉ៅ សេទុង

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

533 Views