លោក ម៉ៅ ធនិនចៅហ្វាយខេត្តពោធិសាត់មិនខ្វល់និងប្រសាសន៍សម្តេចហ៊ុន សែន ធ្លាប់ព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”!

លោក ម៉ៅ ធនិនចៅហ្វាយខេត្តពោធិសាត់មិនខ្វល់និងប្រសាសន៍សម្តេចហ៊ុន សែន ធ្លាប់ព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”!

ខេត្តពោធិសាត់៖ បើទោះបីប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងប្រទេសកម្ពុជា និងរំឭកដល់មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កុំបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើទៀត ដោយសម្តេចបញ្ជាក់ថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”។

យើងនៅចាំបានថា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ”។

កាលនោះ យើងឃើញមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កន្លងមក ក៏ដូចជាការពិនិត្យមើលបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងកែលម្អឱ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិ “ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ” នាពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាក ដូចបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននោះទេ។ ក្នុងនោះសម្តេចបានបញ្ជាឱ្យស្រង់ឈ្មោះ មន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលសម្តេចបានលើកឡើងថា ជួយកសាងបន្តិចបន្តួច តែបែរជាសម្ងំលាក់ខ្លួនធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅតាមខេត្តមួយចំនួនទៅវិញ។ សម្តេចមានប្រសាសន៍ថា សម្តេច ស្អប់ជាទីបំផុត មនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាកជួយកសាងតិចតួចនេះ។ ម៉្យាងទៀត មន្ត្រីដែលបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ មិនខុសអីពីកាប់ក្បាលសម្តេចនោះទេ។

ជាទីបំផុត ប្រសាសន៍របស់ សម្តេច ហ៊ុន សែន សាបដូចទឹកទន្លេ ផ្ទុយទៅវិញ លោក ម៉ៅ ធនិន្ទ នៅតែបន្តបណ្តែតបណ្តោយឲ្យមេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ តាំង អៀង បានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ខេត្តពោធិសាត់ យ៉ាងពេញបន្ទុក ហើយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់មេឈ្មួញរូបនេះឡើយ នេះបើតាមសេចក្តីរាយការណ៏របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន ត្រូវមជ្ឈដ្ឋានមួយចំនួនរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ហើយបណ្ដោយឲ្យមេឈ្មួញ តាំង អៀង បង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងគឃ្លើន។ បើទោះបីមេឈ្មួញ តាំង អៀង បានប្រើអាជ្ញាប័ណ្ណហួសសុពលភាពរបស់ក្រុមហ៊ុនអឹមឌីអេស(MDS) ដើម្បីដឹកជញ្ជូនឈើយ៉ាងណា ក៏លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មិនចាត់វិធានការបង្ក្រាបដែរ។ ហេតុនេះហើយទើបប្រជាពលរដ្ឋមួយចំនួនរិះគន់ថា អភិបាលខេត្តពោធិ៍សាត់ គឺជាអ្នកឃុបឃិតកាងឲ្យមានបទល្មើសបំផ្លាញព្រៃឈើដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងប្រឈមនឹងសេចក្ដីវិនាសយ៉ាងធ្ងន់ធ្ងរព្រោះមេឈ្មួញ តាំង អៀង កំពុងបង្កើនសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់នេះយ៉ាងគគ្រឹកគគ្រេង បើទោះបីអាជ្ញាប័ណ្ណក្រុមហ៊ុនអឹមឌីអេស របស់ឧកញ៉ា ទ្រី ភាព ដែលអួតថាឈប់រកស៊ីឈើ ហួសសុពលភាពយូរឆ្នាំមកហើយក៏ដោយ ក៏មេឈ្មួញ តាំង អៀង អាចប្រើប្រាស់អាជ្ញាប័ណ្ណនេះដើម្បីបន្តកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើយ៉ាងរលូនដដែល នេះតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ចំណែក លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ក៏ដូចជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គឺឌាតែក្នូច មិនចាត់វិធានការទប់ស្កាត់បទល្មើសឡើយ ហើយកំពុងនាំគ្នារក្សាភាពស្ងៀមស្ងាត់ដើម្បីទទួលផលប្រយោជន៍ទៅវិញ។

ថ្មីៗកន្លងទៅនេះមេឈ្មួញ តាំង អៀង សម្រុកដឹកឈើប្រភេទធ្នង់និងរាជកុលចេញពីស្រុកភ្នំក្រវាញ និងស្រុកវាលវែង ចូលមករាជធានីភ្នំពេញនិងចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានប៉ុណ្ណោះ បណ្តាលឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ត្រូវប្រឈមនឹងសេចក្ដីវិនាសនាពេលឆាប់ៗខាងមុខ ចៀសមិនផុតឡើយ។ អ្វីដែលគួរកត់សម្គាល់នោះគឺលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ពេលដែលព្រៃឈើក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយប្រសិនបើលោករដ្ឋមន្ត្រីទាំងពីរក្រសួងចាត់ការបង្រ្កាបធ្ងន់ដៃ ច្បាស់ជាមេឈ្មួញ តាំង អៀង មិនហ៊ានគឃ្លើនបំផ្លាញព្រៃឈើដូចពេលនេះទេ។

ទាក់ទិននឹងរឿងខាងលើ យើងពុំអាចសុំការពន្យល់ពីលោក តាំងអៀង បានទេ ព្រោះមិនស្គាល់លេខទូរសព្ទ័៕

344 Views