ចង់ក្លាយជាបុគ្គលមានអំណាច គួររៀនប្រើយុទ្ធសាស្ត្រ ៤៣ ចំណុចនេះ!

ចង់ក្លាយជាបុគ្គលមានអំណាច គួររៀនប្រើយុទ្ធសាស្ត្រ ៤៣ ចំណុចនេះ!

លោក Robert Greene ជាអ្នកនិពន្ធសៀវភៅល្អៗ សម្រាប់អ្នករៀបចំយុទ្ធសាស្ត្រវាយលុកក្នុងសមរភូមិអាជីវកម្ម – ការធ្វើឲ្យខ្លួនឯងមានឫទ្ធានុភាព ឬបារមី និងសិល្បៈក្នុងការប្រើមនុស្ស និងប្រលោមចិត្តមនុស្ស។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗដែល TheBNEWS បានដកស្រង់ពី Business Insider ដែលបានសង្ខេបសៀវភៅ The 48 Laws of Power មានសេចក្ដីដូចខាងក្រោម។

១- កុំធ្វើចេះដឹងជាងថ្នាក់លើ (Never outshine the master) ៖ ពាក្យទំនឹមទំនៀមមួយឃ្លាពោលថា «ក្ដិចត្រួយតម្រឹមទ្រើង» មានន័យថាពេលខ្លះធ្វើចេះដឹងជាងគេ នាំទុក្ខដាក់ខ្លួនទៅវិញទេ។ ក្នុងកាលៈទេសៈខ្លះ អ្នកក្រោមបង្គាប់គេ មិនអាចធ្វើជាអ្នកចេះដឹងជាងចៅហ្វាយខ្លួនបានទេ ប៉ុន្តែត្រូវធ្វើជាអ្នកជើងក្រោយ ដើរតាមជើងមុខ។

២- មនុស្សដែលចូលចិត្តចាក់ចេកចាក់ស្ករ កុំសូវទុកចិត្តអស់ពីពោះពេក ព្រោះអាចនឹងធ្វើឲ្យអ្នកទឹកភ្នែកជូតក្បាលជង្គង់នៅថ្ងៃណាមួយ។ មនុស្សធន់ហ្នឹងអាចនឹងបោកអស់សក់ក្បាល ហើយម្យ៉ាងទៀត សត្រូវនិងមិត្ត មិនអាចមើលពីសម្បកក្រៅទៅ ដឹងទេ ព្រោះមនុស្សដូចតែគ្នា។

៣- កុំទុកចិត្តគេអស់ពីពោះ ៖ ពាក្យសំនួនថាមនុស្សដប់គត់ ដែលមានន័យថាស្មោះត្រង់ជ្រុលពេក ជាលក្ខណៈល្ងង់ ខ្វះសិល្បៈក្នុងការរស់នៅ ឬខ្វះពិសោធន៍ក្នុងជីវិតជាក់ស្ដែង។ ត្រូវលោកអ្នករកស្នៀតទប់ទល់នឹងល្បិចកិច្ចកលជាយថាហេតុ។ ពេលខ្លះគេចាំតែវាយប្រហារយើង បើយើង «បើកចំហក្លៀក» គេរឹតតែវាយប្រហារបានស្រួល។

៤- និយាយខ្លី តែខ្លឹម ៖ នៅពេលលោកអ្នកនិយាយច្រើន ទៅជាឆាប់សាប និងមិនសូវមានតម្លៃទៅវិញទេ។ ដូចនេះ និយាយតែភាសាមានទម្ងន់ មានខ្លឹមសារ ហើយនិយាយតែសាច់ការ ប្រសើរជាងព្រោកប្រាជ្ញបែកសាយាមោ ហើយចាកប្រធាន។

៥- ព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ និងរក្សាកេរ្តិ៍ឈ្មោះកុំឲ្យស្រអាប់

៦- ព្យាយាមរិះរកវិធីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ មិនថាដោយវិធីណាទេ

៧- ប្រសប់ប្រើមនុស្សឲ្យធ្វើកិច្ចការឲ្យលោកអ្នក ប៉ុន្តែអ្នកដែលទទួលបានមុខមាត់គឺជារូបអ្នក (កុំធ្វើអ្វីដែលអ្នកដទៃអាចធ្វើជំនួសអ្នកបាន)

៨- កុំដើរទៅ រកសត្រូវ ឲ្យសត្រូវដើរមករកអ្នក។ ត្រូវរៀបចំអន្ទាក់ ឬនុយដើម្បីឲ្យគូប្រជែងដើរចូលស៊ងដោយខ្លួនឯង។ បន្លាយខ្សែឲ្យវែងស្ទូចយកត្រីធំ។

៩- ផ្ចាញ់សត្រូវឲ្យសុំចុះចាញ់ដោយពាក្យសម្ដីសមហេតុផល ជាជាងដោយហិង្សា

១០- ព្យាយាមគេចចេញពីទិដ្ឋភាពអពមង្គល និងភាពសោកសៅ

១១- ព្យាយាមធ្វើជាមនុស្សដែលអ្នកដទៃត្រូវការអ្នកជានិច្ច ខ្វះអ្នកមិនបាន

១២- នៅពេលអ្នកផ្ដួលគូប្រជែងបានហើយ ចូរអ្នកព្យាយាមប្រើវិធីត្រជាក់បង្ហាញមេត្តាធម៌ និងសុចរិតភាព

១៣- ព្យាយាមជួយអ្នកដទៃដោយបង្រៀនគេឲ្យចេះចាប់ត្រីនិងបង្ហាញបឹងទៅ គេ មិនមែនឲ្យត្រីគេទេ ព្រោះជួយរបៀបនេះបានតែមួយគ្រាៗប៉ុណ្ណោះ

១៤- ដើរតួសម្បកក្រៅជាមិត្ត ប៉ុន្តែធាតុពិតជាអ្នកយកការណ៍

១៥- បើផ្ចាញ់សត្រូវ ត្រូវផ្ចាញ់កុំឲ្យគេងើបមុខរួច កុំឲ្យគេតដៃបាន

១៦- ព្យាយាមធ្វើជាមនុស្សអាថ៌កំបាំង។ បង្ហាញវត្តមានតែក្នុងកាលៈទេសៈចាំបាច់ និងមានរបៀបវារៈច្បាស់លាស់ ដើម្បីធ្វើឲ្យខ្លួនឯងមានតម្លៃ ព្រោះបញ្ចេញមុខច្រើនពេកឆាប់សាប។ ធ្វើបែបនេះ គេគោរព និងយកចិត្តទុកដាក់។

១៧- រិះរកវិធីធ្វើយ៉ាងណាកុំឲ្យអ្នកដទៃដឹងអំពីកម្លាំងពិតរបស់អ្នក

១៨- ត្រូវរកវិធីការពារខ្លួន សម្រាប់ទប់ទល់នឹងស្ថានភាពអាក្រក់ ប៉ុន្តែកុំប្រយ័ត្នជ្រុលរហូតដល់កាត់ផ្ដាច់ខ្លួនឯងពីពិភពខាងក្រៅ។

១៩- ត្រូវបែងចែកឲ្យច្បាស់រវាងមិត្តនិងសត្រូវ។ ពេលខ្លះសត្រូវបន្លំខ្លួនជាមិត្ត តាមពាក្យសំនួនមួយឃ្លា «តួអង្គចចកពាក់ស្បែកចៀម»។

២០- ត្រូវធ្វើជាមនុស្សឯករាជ កុំរេតាមខ្យល់បក់។

២១- ព្យាយាមរុញទូកបណ្ដោយទឹក៖ អ្នកខ្លះចូលចិត្តតាំងខ្លួនឯងជាមនុស្សឆ្លាត ម្ល៉ោះហើយអ្នកគួរតែបណ្ដោយតាមចិត្តគេខ្លះទៅ។ ពេលគេកំពុងឈ្លក់វង្វេងនឹងភាពជំនោររបស់គេ ជាពេលដែលអ្នកសម្ងំយកពិស។

២២- ប្រើយុទ្ធសាស្ត្រទន់បង្ក្រាបរឹង ៖ បើមើលស្ថានការណ៍មិនអាចឈ្នះគេ អ្នកគួរដកថយសិន រួចហើយចាំសន្សំ និងប្រមូលកម្លាំងវាយបកទៅគេវិញ។

២៣- ប្រមូលកម្លាំងឲ្យរួមគ្នាជាធ្លុងតែមួយ ហើយកុំឲ្យបែកខ្ញែក ឬកុំឲ្យគេហែកកម្លាំងបាន។

២៤- ជាមនុស្សពូកែប្រលោមចិត្តមនុស្ស ៖ នេះជាសិល្បៈប្រមូលអំណាចសម្រាប់ខ្លួនឯងតាមវិធីស្រទន់ ឬអំណាចស្រទន់។ តាមវិធីនេះ ជាវិធីធ្វើឲ្យគេស្រឡាញ់ពីក្នុងចិត្ត ជាជាងធ្វើឲ្យគេខ្លាចដូចខ្លា ហើយគេប្រមាថកាតទានពីក្រោយខ្នង។

២៥- ជ្រើសរើសផ្លូវដើរសម្រាប់ខ្លួនឯង ៖ បង្កើតឱកាសសម្រាប់ខ្លួនឯង បង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង។

២៦- ដើមឈើកាន់តែខ្ពស់ ត្រូវខ្យល់បក់កាន់តែខ្លាំង ៖ នៅក្នុងអង្គភាព ឬមុខជំនួញផ្សេងៗ គេកម្រយកចេញមុខដោយខ្លួនគេណាស់ ប៉ុន្តែគេប្រើអ្នកផ្សេងឲ្យធ្វើការជំនួស ព្រោះបើមានរឿងអ្វីគេអាចជួយពីក្រោយឆាក។

២៧- គ្រប់គ្រងពេលវេលាឲ្យបានល្អ ៖ ធ្វើអ្វី ធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ។ ការគ្រប់គ្រងពេលវេលាមិនបានល្អ នឹងធ្វើឲ្យលោកអ្នកទទួលអារម្មណ៍ប្រថុចញ៉ុច និងតក់ក្រហល់ ហើយធ្វើអ្វីកញ្ឆក់កណ្ដៀត។

២៨- ធ្វើអ្វី ត្រូវធ្វើឲ្យលះ ៖ ពាក្យទំនឹមទំនៀមមួយឃ្លាពោលថាកោសជ្រូក កុំឲ្យខ្លាចទឹកក្ដៅ បើខ្លាចទឹកក្ដៅកុំទាន់កោសជ្រូក។ ធ្វើអ្វីត្រូវធ្វើឲ្យពេញដៃ ឲ្យលះ មិនមែនធ្វើលេងៗ ទាំងញញើតញញើម ជាការឥតជោគជ័យទេ។

២៩- រៀបផែនការណ៍ឲ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ ៖ ត្រូវចេះព្យាករណ៍អំពីស្ថានភាពនានាតាមផ្លូវធ្វើដំណើរ ដើម្បីយើងរៀបជើងព្រួលទុកឲ្យហើយ។

៣០- ត្រូវចេះលាក់ចំណេះ កុំបង្ហាញឲ្យគេឃើញទាំងដុល ៖ តិចនិក និងអាថ៌កំបាំងពិសេសៗ ដែលនាំឲ្យលោកអ្នកជោគជ័យ និងផ្ដួលគូប្រជែងបាន ប្រសិនបើលោកអ្នកបញ្ចេញឲ្យគេដឹង ថ្ងៃណាមួយ គេនឹងប្រើយុទ្ធសាស្ត្រដដែលនេះវាយបកទៅអ្នកវិញ។

៣១- សិក្សាលម្អិតអំពីមូលហេតុនានាដែលនាំឲ្យអ្នកដទៃបរាជ័យ។

៣២- ផ្ចាញ់សត្រូវដោយការដើរចេញ ជាជាងឈរតទល់។ ពេលខ្លះ បើអ្នកនៅឈរតតាំង ឬនៅឈឺចិត្តឆ្អិតទ្រូងជាមួយសត្រូវ នាំតែគេបានចិត្តទៅវិញទេ។ ដូចនេះ ជម្រើសល្អគឺកុំរវល់ជាមួយមនុស្សបែបហ្នឹង។

៣៣- គិតតាមគំនិតរបស់អ្នក ប៉ុន្តែប្រព្រឹត្តខ្លួនឲ្យដូចគេដូចឯង។

៣៤- ប្រើយុទ្ធសាស្ត្រ «កញ្ជ្រោកទឹកដើម្បីចាប់ត្រី – Stir up waters to catch fish» ៖ ពេលខ្លះ ដំបៅមិនឈឺ យើងយកឈើទៅចាក់ឲ្យទាល់តែឈឺ។ បង្កើតបរិយាកាសឲ្យគេឈ្លោះគ្នា ដើម្បីលោកអ្នកចាំត្រងយកផលប្រយោជន៍។

៣៥- មិនជំពាក់គុណគេ តែឲ្យគេជំពាក់គុណយើងវិញ ៖ ពាក្យទំនឹមទំនៀមមួយឃ្លាពោលថា «ហុចអំបោះស្រណោះដៃ ឬឲ្យរបស់ស្រណោះដៃ» ដែលមានន័យថាក្នុងលោកនេះ គ្មានអ្នកណានៅសុខៗឲ្យកាដូទៅអ្នក ដោយមិនសម្លឹងឃើញអ្វីមួយទេ។ ប្រសិនបើអ្នកជំពាក់គុណគេ អ្នកនឹងស្ថិតក្រោមឥទ្ធិពលរបស់គេ។ ដូចនេះ អ្នកត្រូវប្រើវិធី «ញុំានំឲ្យលុយ» ។ ប៉ុន្តែអ្នកអាចរកវិធីឲ្យគេជំពាក់គុណអ្នកវិញ ព្រោះអ្នកអាចមានទឹកមាត់ប្រៃ ឬមានឥទ្ធិពលចំពោះអ្នកជំពាក់គុណ។

៣៦- ព្យាយាមសម្រេចឲ្យបានសមិទ្ធផលកាន់តែគាប់ប្រសើរ ៖ បើអ្នកជំនាន់មុនបានសម្រេចសមិទ្ធផលកម្រិតណា លោកអ្នកត្រូវតាំងចិត្តថាធ្វើឲ្យបានប្រសើរជាងនោះទៅទៀត។

៣៧- ប្រសិនបើចង់លុបបំបាត់បញ្ហាអ្វីមួយ ត្រូវសិក្សាឲ្យដល់ឫសគល់ ហើយកាត់ផ្ដាច់វាចោល។ បើមិនកាត់ឫសធំទេ បញ្ហាកើតឡើងមិនចេះចប់ កាត់ដុះឡើងវិញៗ។

៣៨- ប្រើយុទ្ធសាស្ត្រ «ទឹកត្រជាក់ ត្រីកុំ» ៖ មនុស្សយើងមិនមែនចូលចិត្តស៊ីខ្សែក្ដៅទេ។ ប្រសិនបើបើប្រើធម៌ត្រជាក់ អ្នកដទៃអាចក្លាយជាមនុស្សស្មោះត្រង់ និងនាំផលប្រយោជន៍ដល់លោកអ្នក។

៣៩- ប្រើយុទ្ធសាស្ត្របញ្ឆោត ឲ្យសត្រូវមើលឃើញការពិតទៅជាមិនពិត ការមិនពិតទៅជាពិត។ លោកអ្នកសាកប្រើយុទ្ធសាស្ត្របញ្ឆោតសត្រូវឲ្យស៊ើបយកតែព័ត៌មាន ក្លែងក្លាយពីលោកអ្នក ហើយស្មានថាជាការពិត។

៤០- ផ្លាស់ប្ដូរដោយសន្សឹមៗ កុំបំបោល ៖ ភាសាសាមញ្ញមួយឃ្លាពោលថា «និយាយស្រួលជាងធ្វើ» មានន័យថាការអនុវត្តក្នុងជីវិតជាក់ស្ដែងត្រូវប្រព្រឹត្តទៅដោយ សន្សឹមៗ។

៤១- នៅក្នុងលោកនេះ គ្មានអ្វីល្អឥតខ្ចោះនោះទេ ៖ សូមកុំព្យាយាមធ្វើជាមនុស្សល្អឥតខ្ចោះ។ ចំណុចណាមានការខ្វះខាត លោកអ្នកត្រូវទទួលស្គាល់ការពិត។

៤២- ធ្វើអ្វីកុំឲ្យហួសព្រំដែន ៖ នៅពេលអ្នកវាយលុកលើគេហើយ ពេលខ្លះក៏ជម្រុលទៅមុខថែមទៀត។ សូមកុំមានទំនុកចិត្តជ្រុលពេក និងកុំសប្បាយនឹងជ័យជម្នះខ្លាំងពេក ព្រោះប្រសិនបើបានដើរដល់គោលដៅហើយដើរហួសគោលដៅទៅទៀតនោះនឹងប្រឈម នឹងគ្រោះថ្នាក់។

៤៣- ក្នុងពេលប្រកួតប្រជែងជាមួយសត្រូវ សូមកុំឈរនៅទីភ្លឺខ្លាំងពេក ព្រោះគេនៅទីងងឹត បើយើងនៅទីភ្លឺប្រាកដជាត្រូវគេវាយងាប់៕

ប្រែសម្រួល៖ អន សំអាង
ប្រភព៖ Business Insider

560 Views