ប្រាក់​ចំណេញ​សុទ្ធ Samsung កើន ៥២%

ប្រាក់​ចំណេញ​សុទ្ធ Samsung កើន ៥២%

ក្រុងសេអ៊ូលៈ ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​កូរ៉េ​ខាង​ត្បូង Samsung Electronics ​បាន​មើល​ឃើញ​ពី​កំណើន​ប្រាក់​ចំណេញ​សុទ្ធ​ជាង ៥០ ភាគរយ​នៅ​ត្រីមាស​ទី​ ១ ដោយសារ​តម្រូវការ​បន្ទះ​ឈីប​ខ្ពស់ និង​ទូរស័ព្ទ​តម្លៃ​ខ្ពស់​សេរី​ចុងក្រោយ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុមហ៊ុន​ដែល​ផលិត​បន្ទះ​ឈីប​ធំ​ជាង​គេ​របស់​ពិភពលោក និង​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Samsung Group ដែល​កំពុង​រីកចម្រើន​ខ្លាំង​នេះ​បាន​ស្ទុះ​ងើប​ផុត​ពី​បញ្ហា​រារាំង​ភាព​រីកចម្រើន​មួយ​ចំនួន ដើម្បី​ប្រកាស​ពី​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ត្រីមាស​ចុង​ក្រោយ​នេះ​។

ក្រុមហ៊ុន Samsung បាន​ប្រឈម​មុខ​នឹង​ការ​ប្រមូល​យក​មក​វិញ​ដ៏​គួរ​ឲ្យ​អាម៉ាស់​នូវ​ទូរស័ព្ទ​ម៉ូដែល Galaxy Note 7 របស់​ខ្លួន​ដោយសារ​ការផ្ទុះ​ថ្ម​ទូរស័ព្ទ​ក្នុង​ឆ្នាំ ២០១៦ ហើយ​កាលពី​ឆ្នាំ​មុន​លោក Lee Jae-yong អនុប្រធាន​ក្រុមហ៊ុន​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន Samsung ត្រូវ​បាន​ជាប់​ឃុំ ដោយសារ​ការពាក់ព័ន្ធ​របស់​លោក​ក្នុង​រឿង​អាស្រូវ​អំពើ​ពុករលួយ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ដែល​បាន​ធ្វើឲ្យ​លោកស្រី​ប្រធានាធិបតី Park Geun-hye ធ្លាក់​ពី​តំណែង​។

លោក​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​មក​វិញ បន្ទាប់ពី​ការចោទប្រកាន់​របស់​លោក​ត្រូវ​បាន​លុបចោល​វិញ​នៅ​តុលាការ​ឧទ្ធរណ៍ ហើយ​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន​នេះ​បាន​មើល​ឃើញ​វិញ​នូវ​កំណើន​តម្លៃ​របស់​ក្រុមហ៊ុន​។

ប្រាក់​ចំណេញ​សុទ្ធ​នៅ​ត្រីមាស​ទី​ ១ ​បាន​កើនឡើង ៥២ ភាគរយ​ដល់ ១១,៦៩ ពាន់​ពាន់​លាន​វ៉ុន (១០,៨​ពាន់​លាន​ដុល្លារ​) កើនឡើង​ពី​ចំនួន ៧,៦៨ ពាន់​ពាន់​លានវ៉ុន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ឯកសារ​និយតកម្ម​របស់​ក្រុមហ៊ុន​មួយ​នេះ​។

ប្រាក់​ចំណេញ​ប្រតិបត្តិការ​មាន​ចំនួន​ច្រើន​បំផុត ១៥,៦៤ ពាន់​ពាន់​លាន​វ៉ុន ស្រប​តាម​ការ​ព្យាករ​ដែល​មាន​ចំនួន ១៥,៦ ពាន់​ពាន់​លាន​វ៉ុន​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ណែនាំ​ជា​បឋម​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មេសា​នេះ​។

ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​៖ «​អាជីវកម្ម​ផលិត​ឧបករណ៍ semiconductor បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ខ្ពស់​ដែល​មាន​ប្រាក់​ចំណេញ​ប្រតិបត្តិការ​ចំនួន ១១,៥៥ ពាន់​ពាន់​លាន​វ៉ុន​លើ​ប្រាក់​ចំណូល​ចំនួន ២០,៧៨ ពាន់​ពាន់​លាន​វ៉ុន​ដោយសារ​តម្រូវការ​បន្ទះ​ឈីប​ខ្ពស់​»​។

លទ្ធផល​ប្រាក់​ចំណេញ​របស់​អាជីវកម្ម​ផលិត semiconductor នេះ​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​បន្ទះ​ឈីប​ជា​ឈុត​សម្រាប់​បណ្តាញ​កុំព្យូទ័រ​មេ (servers) ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់ និង​ផលិតផល​ក្រាហ្វិក​។

ការដាក់​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន​នេះ​គឺ​ទូរស័ព្ទ​ម៉ូដែល Galaxy S9 ក៏​ដូចជា​តម្រូវការ​ខ្ពស់​នៃ​បន្ទះ​ឈីប​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​ទូរស័ព្ទ​ទំនើប និង​សកម្មភាព ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​ក៏​បាន​ចូលរួម​ចំណែក​ផង​ដែរ​ចំពោះ​កំណើន​ប្រាក់​ចំណេញ​នេះ​៕ BP

393 Views