តើអ្នកសារព័ត៌មានស្រុកយើង ជាតួអង្គសំខាន់ដែរឬទេ ក្នុងការប្រយុទ្ធប្រឆាំង និង អំពើពុករលួយនៅកម្ពុជា?

ជាច្រើនឆ្នាំមកហើយ ដែលយើងនៅចាំបានថា មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មាន គឺឯកឧត្តម ថាច់ ផែន បានស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយលួយ ជួយពិនិត្យពិចារណា អំពីវិធានការគាំពារតាមផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែក ដោយសុវត្ថិភាព ក្នុងបេសកកម្ម ដ៏ស្មុគស្មាញ សំដៅកសាងសង្គមកម្ពុជាមួយ មានការអភិវឌ្ឍ ក្រោមអភិបាលកិច្ចល្អ និងនីតិរដ្ឋ ប្រកបដោយយុត្តិធម៌ សមធម៌ និងចីរភាព ។

យើងសូមរំលឹកឡើងវិញ ទាក់ទងនឹងការស្នើនេះ កាលនោះ គឺរសៀលថ្ងៃទី ៩ ខែ ធ្នូ ក្នុងឆ្នាំ ២០១៤ ខណ:អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធី អបអរសាទរ ទិវាជាតិ និងអន្តរជាតិ ៩ ធ្នូ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ក្រោមមូលបទ “ តួនាទីដ៏វិសេសវិសាល នៃអ្នកសារព័ត៌មាន ក្នុងការប្រឆាំងអំពើពុករលួយ ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ។ សារព័ត៌មាន មានសិទ្ធិទទួលបានព័ត៌មាន ដែលស្ថិតក្នុងការគ្រប់គ្រង របស់រដ្ឋាភិបាល លើកលែងតែព័ត៌មានណា ដែលបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងទំនាក់ទំនង ជាមួយប្រទេសដ៏ទៃ និងមានការបំពានលើសិទ្ធិរបស់បុគ្គលម្នាក់ៗ ។

ឯកឧត្តមបានបន្តថា ដើម្បីពង្រឹងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តអនុវត្តន៍ ដោយដាច់ខាតនូវរាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ដែលមានរួមមានការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម ។ ក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមគាំទ្រទាំងស្រុង ចំពោះគោលការណ៍ និងវិធានការស្នូលរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ ជួយពិនិត្យពិចារណាអំពីវិធានការគាំពារតាមផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាព ។ សម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែក ដោយសុវត្ថិភាព ក្នុងបេសកកម្មដ៏ស្មុគស្មាញនេះ គឺសំដៅកសាងសង្គមកម្ពុជា មួយមានការអភិវឌ្ឍក្រោមអភិបាលកិច្ចល្អ និងនីតិរដ្ឋប្រកបដោយយុត្តិធម៌ សមធម៌ និងចីរភាព ។

ឯកឧត្តមបានបញ្ជាក់ថាៈ “ សារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងនូវគ្រប់ទិដ្ឋភាពជាក់ស្តែង នៃជីវិតសង្គមរួមទាំងរបបគ្រប់គ្រងរដ្ឋ នៅក្នុងប្រទេសនីមួយៗ រីកចម្រើនរុងរឿង ជឿនលឿនទៅបានលុះត្រាយើងទាំងអស់គ្នាចូលរួម ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ” ។

ចំណែក ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ថា៖ អ្វីៗផ្សេងទៀតក៏អាចបានជោគជ័យដែរ ប្រសិនបើយើងរួមគ្នា សាមគ្គីគ្នាពិតប្រាកដក្នុងការពង្រឹង ទប់ស្កាត់ លុបបំបាត់អំពើពុករលួយ ។ លទ្ធផលការប្រឆាំង អំពើពុករលួយកន្លងមក ក៏ដូចជា ការងារដ៏ច្រើនទៅមុខទៀត ពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែក ការគាំទ្រដោយផ្ទាល់ និងដោយប្រយោល ពីសំណាក់ដៃគូរ និង តួអង្គដ៏សំខាន់មិនអាចខ្វះបានមួយទៀត គឺវិស័យសារព័ត៌មាន ។

វិស័យសារព័ត៌មាន កាន់តែដើរតួសំខាន់ ជាកញ្ចក់មួយសម្រាប់ ឆ្លុះបញ្ចាំងពីតថភាពសង្គម ជាអ្នកអប់រំសង្គម ជាអ្នកផ្សព្វផ្សាយ ផ្តល់ព័ត៌មានដល់សង្គម និងជាអ្នកយល់ដឹងគ្រប់វិស័យ រួមទាំងការចូលរួម និងជំរុញដល់សាធារណជនទូទៅឲ្យប្រកាន់យកនូវទំលាប់ល្អ គោរពច្បាប់ គោរពខ្លួនឯង និងគោរពអ្នកដ៏ទៃ ក៏ដូចជា គោរពនូវភាពស្អាតស្អំ សុច្ចរិត ទៀងត្រង់ និងត្រឹមត្រូវ ។

ឯកឧត្តមបានបន្តថាៈ “ នៅក្នុងឆ្នាំ ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបោសសំអាតមន្ត្រីខ្មោចនៅតាមក្រសួងស្ថាប័នរដ្ឋ សំដៅកាត់បន្ថយភាពអសកម្ម នៃការគ្រប់គ្រងមន្ត្រីរាជការ និងបង្កើនសមត្ថភាពការងារ ” ។

ឯកឧត្តមបានថ្លែងថាៈ “អ្នកសារព័ត៌មាន បានប្រយុទ្ធប្រឆាំងអំពើពុករលួយ តាំងពីអង្គភាពប្រឆាំង អំពើពុករលួយ មិនទាន់បានបង្កើតមកម្ល៉េះ។ “ អ្នកសារព័ត៌មាន បានបញ្ចេញអត្ថបទរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ យ៉ាងសកម្មក៏ដូចពេលខាងមុខ និងពេលបច្ចុប្បន្ននេះ ។ យើងជឿជាក់លើអ្នកសារព័ត៌មាន យើងសង្ឃឹមថា សង្គមយើង នឹងមានរស្មីរុងរឿងថែមទៀត ប្រសិនបើកិច្ចសហប្រតិបត្តិការ របស់យើងម្នាក់ៗជាមួយអ្នកសារព័ត៌មានបានយ៉ាងជិតស្និទ្ធ ” ៕

113 Views