ហ្វេសប៊ុក​ជា​មធ្យោបាយ​បច្ចេកវិទ្យា​សំខាន់​ជាង​គេ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

ថ្ងៃទី06/03/2016
ខុស​ពី​ពេល​មុន ដែល​ប្រជាពលរដ្ឋ​ត្រូវ​ពឹង​ផ្អែក​លើ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ជូន​ក្តី​កង្វល់​របស់​ពួក​គាត់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ ពេល​នេះ បច្ចេកវិទ្យា ពិសេស​ហ្វេសប៊ុក (Facebook) បាន​កាត់​បន្ថយ​គម្លាត​ខ្លះៗ​រវាង​ប្រជាពលរដ្ឋ​តូចតាច និង​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ។

ដោយ​គ្រាន់​តែ​មាន​បណ្ដាញ​អ៊ីនធឺណិត និង​ឧបករណ៍​ភ្ជាប់ ដូចជា​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) ពលរដ្ឋ​សព្វថ្ងៃ​អាច​ប្រាប់​បញ្ហា​របស់​ពួក​គាត់​ផ្ទាល់​ទៅសម្តេច​នាយក​រដ្ឋមន្ត្រី។

image

តើ​បច្ចេកវិទ្យា ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ជួយ​បំបែក​ភាព​ស្ងៀមស្ងាត់​នៃ​ភាព​អយុត្តិធម៌​សង្គម​របស់​ប្រជាពលរដ្ឋ​កម្ពុជា បាន​កម្រិត​ណា?

រឿងរ៉ាវ​ជាប់​ពន្ធនាគារ​ដោយសារ​ប្រាក់ ៨០​ដុល្លារ​របស់​បុរស​ម្នាក់ ត្រូវ​បានសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍​ពី​ប្រសិទ្ធភាព​នៃ​ហ្វេសប៊ុក ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

កាល​ពី​ដើម​ខែ​កុម្ភៈ លោក គង់ ចំរើន ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម ចាប់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​លួច​ទ្រព្យ​ដែល​មាន​តម្លៃ ៨០​ដុល្លារ​របស់​ក្រុមហ៊ុន​មួយ។ ប្រពន្ធ​របស់​បុរស​នេះ​បដិសេធ​ថា ប្ដី​របស់​នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ទោះ​យ៉ាង​ណា សម្ថកិច្ច​មិន​បាន​ដោះ​លែង​ប្ដី​របស់​នាង ខណៈ​ដែល​រូប​នាង​អះអាង​ថា ប៉ូលិស​បាន​ទារ​ប្រាក់ ២​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។

ដោយ​គ្មាន​ប្រាក់ លោកស្រី ឡន ចិន្តា បាន​ថត​វីដេអូ​រយៈពេល ៥​នាទី និយាយ​រៀបរាប់​ពី​រឿងរ៉ាវ​របស់​ប្ដី​នាង បង្ហោះ​លើ​ហ្វេសប៊ុក ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មួយ​ថ្ងៃ​បន្ទាប់​ពី​បង្ហោះ​វីដេអូ​នេះ ប្ដី​របស់​នាង​ត្រូវ​សម្ថកិច្ច​ដោះ​លែង។

សំឡេង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «មន្ត្រី​របស់​យើង​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​លឿន​បំផុត​សម្រាប់​ប្រជាពលរដ្ឋ។ បញ្ហា​របស់​ប្រជាពលរដ្ឋ​មិន​តូចតាច​ទេ កុំ​មើល​ស្រាល ដែល​វា​លេច​ចេញ»។

បន្ទាប់​ពី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សរសេរ​រឿង​អយុត្តិធម៌ និង​បញ្ហា​ផ្សេងៗ​ដែល​ប្រជាជន​ជួប​ប្រទះ មក​ប្រអប់​សារ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ចាត់​ការ និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា។ សម្តេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ក្រសួង​រដ្ឋ បង្កើត​គណៈកម្មការ​តាម​ដាន​ហ្វេសប៊ុក​របស់​លោក ដើម្បី​ជួយ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​សំណូមពរ​របស់​ពលរដ្ឋ ដើម្បី​ប្រែ​ក្លាយ​ប្រព័ន្ធ​រដ្ឋបាល​ការងារ​រដ្ឋ ទៅ​ជា​រាជ​រដ្ឋាភិបាល​អេឡិចត្រូនិក (e-government)។

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ពី​កន្លែង​ផ្សេងៗ ចូល​សរសេរ​មតិ​យោបល់​របស់​ខ្លួន ដើម្បី​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ដឹង។

បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ លោក ហ្វ្រីមែន ឌីស៊ុន (Freeman Dyson) យល់​ថា ប្រព័ន្ធ​អ៊ីនធឺណិត​ជា​មធ្យោបាយ​បច្ចេកវិទ្យា​សំខាន់​ជាង​គេ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម ដោយ​ហេតុ​ថា វា​ផ្តល់​ឲ្យ​ប្រជាជន​នូវ​ឱកាស​ស្មើ​គ្នា​ចូលរួម​បង្ហាញ​ពី​រឿងរ៉ាវ​នៅ​ជុំវិញ​ខ្លួន។

ទិន្នន័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បង្ហាញ​ថា ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​២០១៥ មាន​ប្រជាជន ៥​លាន​នាក់​ភ្ជាប់​អ៊ីនធឺណិត ដោយ​ជាង ៩៨​ភាគរយ​ភ្ជាប់​តាម​ទូរស័ព្ទ​ស្មាតហ្វូត។

ប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា៖ ការ​បង្ហាញ​បញ្ហា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា​ហ្វេសប៊ុក ពិតជាងាយ​ស្រួល​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ទៀតផង។ ប្រជាពលរដ្ឋខ្មែរ​ស្វាគមន៍​ចំពោះសម្តេច ហ៊ុន សែន ដែល​​បើក​វេទិកា​ទទួល​យក​សំណូមពរ​តាម​ហ្វេសប៊ុក ដើម្បី​ចាត់​វិធានការ​ឆ្លើយ​តប​នឹង​បញ្ហា៖ «អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​ការ​បើក​ចំហ​ជា​ប្រព័ន្ធ​គ្រប់​វិស័យ​ទាំងអស់ មិន​ត្រឹម​តែ​សម្តេចនាយក​រដ្ឋមន្ត្រី​ទេ គ្រប់​ក្រសួង​ធ្វើ​ឲ្យ​មាន​តម្លាភាព។ ការ​ដែលសម្តេច​នាយក​រដ្ឋមន្ត្រី​បើក​ឲ្យ​មាន​ការ​ទទួល​ដំណឹង​តាម​ហ្វេសប៊ុក​ហ្នឹង​ជា​រឿង​ល្អ។ ​យើងទាំងអស់ចាំមើលថាតើមន្ត្រីដែលធ្លាប់តែឡេមឡឺមយកសជាខ្មៅ   យកត្រូវជាខុសកន្លងមកនោះ គេដើរផ្លូវណាទៀត?៕​

369 សរុប 2 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម