ជីវប្រវត្តិសង្ខេបរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ

យោងតាមគណនីហ្វេសបុកផ្លូវការរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានសរសេររៀបរាប់ថា ខ្ញុំព្រះករុណា ខ្ញុំបាទ សាងផ្នួសរយៈពេលខ្លី នៅវត្តឥន្រ្តីយ៍សំវរ: ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបំពេញកតញ្ញូតាធម៌តបគុណមាតាបិតា និងដើម្បីផ្សារភ្ជាប់ឧបនិស្ស័យចំពោះព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ ស្របពេលឯកឧត្តមបានចុះហត្ថលេខាធ្វើបុណ្យរាប់បាតព្រះសង្ឃជាង ២០០ អង្គនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ ស្អែកនេះ។

នេះជាទឹកចិត្តជ្រះថ្លាដ៏ល្អប្រពៃរបស់កុលបុត្រខ្មែរ ដើម្បីចូលរួមចំណែកស្វែងយល់ សិក្សាពីវិន័យត្រៃសិក្ខា និងច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្រ្ត អក្សសិល្ប៍ រួមទាំងការប្រតិបត្តិធម៌វិន័យផ្នែកព្រះសង្ឃនៅក្នុងពុទ្ធចក្រ។

សូមមើលជីវប្រវត្តិឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដូចខាងក្រោម ៖
លោក សុខ លូ កើតថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩៧១ នៅភូមិ សង្កែវារ ឃុំ បវេល ស្រុក បវេល ខេត្ត បាត់ដំបង។ លោកទទួលបានការសិក្សាអប់រំមធ្យមកំរិត ២ នៃវិទ្យាល័យព្រះមុនីវង្ស(ខេត្តបាត់ដំបង) មធ្យមសិក្សា ១៩៨០-១៩៨៩ ។
-ឆ្នាំ ១៩៩០-១៩៩៧ បានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្រ្ត និងវេជ្ជសាស្ត្រ ។
-ឆ្នាំ ១៩៩៥-១៩៩៩ បានបញ្ចប់មហាវិទ្យាល័យ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ ។
-ឆ្នាំ ២០០១ ទទួលបានលិខិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យបរទេសឆ្នាំទី៣ ។
-ឆ្នាំ២០០០-២០០១ បញ្ចប់ការសិក្សាសញ្ញាប័ត្រមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ។
លោក សុខ លូ ទទួលបានការបណ្តុះបណ្តាលលើចំណេះដឹងភាសារបរទេសនៅមជ្ឈមណ្ឌលភាសារអូស្ត្រាលី,វប្បធម៌ភាសារបារាំង និង ចូលរួមវគ្គបណ្តុះបណ្តាលជាមួយ ជប៉ុន ឥណ្ឌា ជាដើម ។

លោក សុខ លូ បានចូលបំរើការងារជាមួយនឹងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩៩៨ លោកមានបទពិសោធន៍ការងារដំបូងឡើយ ជាបុគ្គលិកផ្សព្វផ្សាយឱសថឲ្យក្រុមហ៊ុន Inntech International andaguettan ក្នុងឆ្នាំ ១៩៩៤-១៩៩៨។
-ឆ្នាំ ១៩៩៨-២០០០ ជាគ្រូពេទ្យនៅក្រសួងសុខាភិបាល ។
-ឆ្នាំ ២០០២-២០០៤ ជាមន្រ្តីនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល(ទីស្តីការគណៈរដ្ឋមន្រ្តី)។
-ឆ្នាំ ២០០៤-២០០៤ ជាមន្រ្តីជំនួយការសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៤-២០០៥ ជានាយរងខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៥-២០០៩ ជានាយខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៩ ជាអភិបាលរងខេត្តកំពង់ធំ។

ដោយឡែកលោក សុខ លូ ទទួលបានការកោតសសើរ និងមេដាយចំនួន១០ពីរាជរដ្ឋាភិបាល ក្នុងនោះមានប្រភេទ មេដាយប្រាក់,មាស,អស្សឬទ្ធី,មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ,មេដាយសារាភ័ណ្ឌថ្នាក់មហាសេនា,មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា និងមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍។

រហូតមកមកទល់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ លោក សុខ លូ ត្រូវបានព្រះមហាក្សត្ររាជប្រទានតែងតាំងជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំដល់សព្វថ្ងៃ និងនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ បានបួសជាបុព្វជិត(សាមណ:) នៅវត្តឥន្រ្តីយ៍សំវរ: ហៅវត្តកំពង់ធំ៕

127 Views