សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងព័ត៌មាន ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មានដើរជំរិតទារប្រាក់ !

ភ្នំពេញៈ
ថ្លែងចំពោះមុខអ្នកសារព័ត៌មានជាង ៥ពាន់នាក់ មកពីចម្រុះស្ថាប័នក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងព័ត៌មាន ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មានដើរជំរិតទារប្រាក់ ។ ដោយហេតុថា អ្នកសារព័ត៌មាន មិនមែនជាមន្ដ្រីនគរបាលយុត្តិធម៌ឡើយ ។

ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានជាង ៥ពាន់នាក់ នៅរសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ត្រូវខិតខំលុបបំបាត់ក្រុមព័ត៌មាន ដែលជំរិតទារប្រាក់ “។ ហើយសូមផ្ដាំដល់អ្នកព័ត៌មានទាំងអស់ថា ” អ្នកសារព័ត៌មានមិនមែននគរបាលយុត្តិធម៌ទេ អ្នកសារព័ត៌មានគ្មានសិទ្ធិ ដាក់ប៉ារ៉ាស់ចាប់ឡានគេ គឺអត់ទេ ” ។

សម្ដេចបន្ដថា អ្នកសារព័ត៌មាន មិនមែនជានគរបាលយុត្តិធម៌ឡើយ ។ ប៉ុន្ដែនាពេលកន្លងមក ក៏មានសារព័ត៌មានមួយចំនួនតូច បានបង្កបញ្ហាទាំងនេះផងដែរ ។ សម្ដេចថា មានមួយប្រភេទទៀត គឺអ្នកសារព័ត៌មាន គេឲ្យលុយ កុំឲ្យផ្សាយព័ត៌មាន ដូច្នេះបញ្ហាទាំងនេះ គឺខុសច្បាប់ ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីសង្ឃឹមថា “ អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយនៅកម្ពុជា មានច្រើនណាស់ ” ។ សម្តេចនាយករដ្ឋមន្ដ្រី ពន្យល់ថា ដើម្បីចូលរួមចំណែកក្នុងការបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិតចេញមក ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ គឺបាត់ដោយឯកឯង និងងាយស្រួលបំផុត ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នព័ត៌មាននៅកម្ពុជា ឲ្យមានជាភាសាបរទេស ជាពិសេសភាសាអង់គ្លេស ។ សម្ដេចថា បើអានព័ត៌មានជាភាសាបរទេសនៅតាមវិទ្យុ ឬ ទូរទស្សន៍ គឺដើរមិនទាន់គេឡើយ គឺត្រូវមានអនឡាញ ទើបទាន់ពេលវេលា ។ ក្នុងករណីនេះ សម្ដេចតេជោ ក៏បានស្នើឲ្យស្ថាប័នសារព័ត៌មាននានា រៀបចំឲ្យមានទូរទស្សន៍អនឡាញផងដែរ ។

សម្ដេចបន្ដថា ប្រទេសមួយតែងតែមានសារព័ត៌មានលឿនមួយ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់គេទទួលបានព័ត៌មានគ្រប់វិនាទី ។ ដូច្នេះសម្ដេចថា សារព័ត៌មានកម្ពុជា ត្រូវមានការប្រណាំងប្រជែងគ្នា ដើម្បីឲ្យព័ត៌មានលឿន និងព័ត៌មានពិត ។

បញ្ហាទាំងនេះ សម្ដេចបញ្ជាក់ថា នៅកម្ពុជាក្រសួងព័ត៌មាន គួរតែបង្កើតវគ្គបណ្ដុះបណ្ដាលផ្នែកសរសេរសារព័ត៌មាន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា និងធ្វើឲ្យធនធានចេះសរសេរព័ត៌មានគ្រប់គ្រាន់ផងដែរ ហើយការងារបណ្ដុះបណ្ដាលនេះ គឺជាអាទិភាពមុនគេ ។ ប៉ុន្តែសម្ដេចតេជោ ចង់ធ្វើយ៉ាងណាឲ្យកម្ពុជា នៅតែជាប្រទេស ដែលមានសេរីភាពសារព័ត៌មាន ខណៈការសរសេរព័ត៌មានមួយ មិនអាចតម្រូវចិត្តមនុស្សទាំងគ្នាបានឡើយ ។

ឆ្លើយតបទៅនឹងគម្រោងរបស់ក្រសួងព័ត៌មាន គ្រោងបង្កើតប៉ុស្តិ៍ទូរទស្សន៍ ៣ ឬ ៤ ថ្មីបន្ថែមនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបដិសេធមិនឲ្យបង្កើតនោះទេ ។ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា “ រួចទៅទារបង្កើតទូរទស្សន៍ពីរ ឬ បីអីណាទៀត អត់ទេ ខ្ញុំអត់លេងចូលទេអាហ្នឹង បង្កើតនាំតែអស់លុយ ” ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដាច់ដោយឡែកថា ដើម្បីជំរុញការនាំចេញរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុង ចំពោះការអនុគ្រោះពន្ធពីអឺរ៉ុប ឬ សហរដ្ឋអាមេរិកនោះ ប្រមុខរាជរដ្ឋាភិបាល បានតម្រូវឲ្យមានស្ថាប័នតែ ២ប៉ុណ្ណោះ ក្នុងការនាំចេញតាមច្រកព្រំដែនអន្តរជាតិនានា នោះ គឺស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍ ។ ក្រៅពីនេះ ស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀត ត្រូវជម្រុះចោលទាំងអស់ ។ ការនេះ ក៏ដើម្បីឲ្យអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើនផងដែរ ៕

65 Views