ពលរដ្ឋខ្មែរស្ទើរ ១នគរ ឆ្ងល់ថា តើគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អស់សុពលភាពហើយ ឬ យ៉ាងណា បានជា…? !

បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ៧ ធ្នូ ឆ្នាំ ២០១៦ គឺមានសមាសភាពគ្រប់គ្រងស្ថាប័ននេះមានចម្រុះមកពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ ។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឲ្យឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាប្រធាននៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ ក្នុងនោះមានអនុប្រធាន គឺលោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ។

ចំណែកលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសមាជិក ។ ហើយ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង ២៥ ក៏ជាសមាជិកក្នុងគណៈកម្មការនេះផងដែរ ។

ក្នុងប្រការនៃសេចក្តីសម្រេចខាងដើម គណៈកម្មការដែលបានបង្កើតឡើងនេះ មានតួនាទី និងភារកិច្ចមួយចំនួនដូចតទៅ ។ គឺត្រូវចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់ទន្ទ្រាន្តយកដីរដ្ឋ ព្រមទាំងការរុករករ៉ែខុសច្បាប់នៅទូទាំងប្រទេស ។

អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងសកម្មភាពនៃបទល្មើសធនធានធម្មជាតិ ។ ចាប់ជនល្មើស និងវត្ថុតាង នៃបទល្មើសហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។ សហការជាមួយភាគី វៀតណាម ថៃ និងឡាវ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាពក្នុងករណីចាំបាច់ ។

ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គេនៅចាំបានថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានសិទ្ធិបង្កើតក្រុមការងារប្រតិបត្តិការ ដែលមានសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តាមការចាំបាច់ និងស្នើសុំកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមប្រតិបត្តិការ ។

គណៈកម្មការនេះ ក៏មានសិទ្ធិប្រើប្រាស់ត្រារបស់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាចទទួលថវិការសមស្របពីកញ្ចប់ថវិការពិសេសរបស់រាជរដ្ឋាភិបាល និងមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងារតាមការចាំបាច់ទៀតផង ។

ប៉ុន្តែ បច្ចុប្បន្ននៅក្នុងខេត្តស្ទឹងត្រែង មានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ មិនតិចជាង ២០ កន្លែងទេ ដែលកំពុងដំណើរការយ៉ាងរលូន ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន ។

ប្រភពខ្លះ បានលើកឡើងថា ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរកសិកម្ម និង មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចាត់ទុកសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងឃុំស្រែគរ ស្រុកសេសាន ជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ ទើបមិនចាត់វិធានការបង្ក្រាប ។

ជាងនេះ ទៅទៀតរោងសិប្បកម្មខ្លះ ត្រូវបានគេបើកធ្វើអាជីវកម្មនៅក្នុងផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម ២ តែម្តង ហើយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចណាហ៊ានទៅក្បែររោងសិប្បកម្មទាំងនោះទេ ។

ដូច្នេះ បើគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមានសុពលភាព មិនគួរបណ្តែតបណ្ដោយតទៅទៀតឡើយ ។ ព្រោះរោងសិប្បកម្មច្រើនកន្លែងក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងតែធ្វើឲ្យព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្សក្នុងស្រុកសេសាន ត្រូវប្រឈមនឹងសេចក្ដីវិនាស ។

ប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងដែរថា ចាប់តាំងពីមានការផ្លាស់ប្ដូរតំណែងមេឃុំរួចមក គឺមេឃុំថ្មី បានបើកដៃឲ្យក្រុមឈ្មួញ ក្រុមជនល្មើស បង្កើតរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។

ហើយម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំងនោះ ប្រមូលទិញឈើប្រណិត ឈើប្រភេទលេខ ១ ឈើប្រភេទលេខ ២ ដែលពលរដ្ឋ និងក្រុមជនល្មើសកាប់ដឹកចេញពីព្រៃអភិរក្ស ព្រៃការពារ និងព្រៃសហគមន៍ជាច្រើនកន្លែងក្នុងស្រុកសេសាន ។

ចំណែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងសប្បាយប្រមូលលុយពីម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំងនោះ យ៉ាងក្រអឺតក្រទមមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ៕

106 Views