បុគ្គលម្នាក់មានគោរមងារជាឧកញ៉ា កំពុងធំក្លិនស្អុយលើដីព្រៃរាប់រយហិកតា នៅឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ តែរកខ្មោចមិនទាន់ឃើញ!

ខេត្តព្រះវិហារ ៖
ប្រភពពីប្រជាពលរដ្ឋបានរាយកាណ៍មកថា ដីព្រៃស្រោងរាប់រយហិកតាជាដីព្រៃបម្រុងរបស់រដ្ឋ កំពុងទទួលរងការកាប់រាន្តទន្ទ្រាន្តពីសំណាក់មេឈ្មួញដីធ្លី ដែលមានគោរមងារឧកញ៉ា ស្ថិតនៅចំណុច ត្រពាំងស្មាច់ ឃុំ រម្មណីយ ស្រុក រវៀង ខេត្តព្រះវិហារ ។ ត្រូវបានប្រជាពលរដ្ឋសង្ស័យថា:- ឃុបឃិតគ្នាដោយស្ងាត់ៗ តាមរបៀបពុករលួយជាមួយមន្ត្រីខិលខូច ធ្វើឈូសឆាយទន្ទ្រាន្តកាន់កាប់ដីព្រៃស្រោងរាប់រយហិកតា ដោយអាងអំណាចខ្លួនមានគោរមងារជាឧកញ៉ា ។

ប្រភពខាងលើបន្តអះអាងថា មេឈ្មួញរកស៊ីគក់ជេរដី ដែលមានគោរមងារជាឧកញ៉ា បានឃុបឃិតគ្នា ជាប្រព័ន្ធជាមួយ នឹងអាជ្ញាធរមូលដ្ឋាន ដោយមិនចាំបាច់មាន ស.ជ.ណ ឬ អនុប្រយោគ ពីក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលអ្វីឡើយ ។

សេចក្តីរាយការណ៍បានបង្ហាញថា ខណៈពេលនេះ សកម្មភាពខាងលើនៅតែបន្តធ្វើយ៉ាងមមាញឹកឥតខ្លាចញញើត នឹងច្បាប់អ្វីឡើយ ។ ចំណែកអាជ្ញាធរ និងមន្ត្រីជំនាញវិញ កំពុងតែរុញដាក់គ្នា ទៅវិញ ទៅមក គ្មានការទទួលខុសត្រូវ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ ដែលចូលទៅដឹកអុសនៅកន្លែងទីតាំងខាងលើ បានប្រាប់ឲ្យដឹងទៀតថា សកម្មភាពការវៃព្រៃរុករាន្តទន្ទ្រាន្តយកដីនេះ បានធ្វើសកម្មភាពយូរថ្ងៃ ខែមកហើយ រហូតដល់ក្លាយទៅជាវាលល្វឹងល្វើយដាច់កន្ទុយភ្នែក ។ សកម្មភាពអេស្កាវ័តទ័រ វៃព្រៃបណ្តើរ អង្កន់ឈើ ព្រៃដុតបណ្តើរ ផ្សែងហុយពេញព្រៃ ដែលធ្វើឲ្យពលរដ្ឋខ្លះ ធ្វើដំណើរឆ្លងកាត់ទីនោះ ហួសចិត្ត អាណិតព្រៃព្រឹក្សា ដែលដូនតាបន្សល់ទុកឲ្យ តែត្រូវបានរលាយហិនហោចក្រោមស្នាដៃលោក មាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរគ្រប់គ្រងទៅវិញ ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ក្រុមអ្នកព័ត៌មានចំនួនពីរអង្គភាព បានចុះទៅដល់ទីតាំងឈូសឆាយវៃបំផ្លាញព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់របស់ក្រុមឈ្មួញដីទុច្ចរឹតខុសច្បាប់ ដែលស្ថិតនៅទីតាំងខាងលើ និងបានផ្តិតយករូបភាពជាក់ស្តែង ហើយបានរាយការណ៍ជូនលោក អៀ សុខា ប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ អំពីការកាប់រាន្តទន្ទ្រាន្តខាងលើ តែ ។ បែរជាលោក បានឆ្លើយយ៉ាងខ្លីថា លោក ជាប់រវល់នៅរៀន ។ លោកអោយទាក់ទងទៅខាងថ្នាក់ក្រោមរបស់គាត់ ។ តែនៅពេលអ្នកសារព័ត៌មានសួរនាំមន្ត្រីថ្នាក់ក្រោមរបស់លោក គឺ លោក មាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរខេត្តព្រះវិហារ លោកក៏បានឆ្លើយប្រាប់ឱ្យដឹងថា លោកកំពុងរវល់ប្រជុំនៅខេត្ត ដោយបញ្ជាក់ថា ដីព្រៃនៅតំបន់នោះ គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើទៅវិញ ។

ក្រោយមក ក្រុមអ្នកសារព័ត៌មានក៏បានភ្ជាប់ទូរស័ព្ទទៅខាងលោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដីព្រៃដែលរងការឈូសឆាយបំផ្លាញខាងលើ គឺគ្រប់គ្រងដោយលោក មាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ ។

ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងវិញ អ្នកសារព័ត៌មានយើង បានតេតាមប្រព័ន្ធទូរស័ព្ទផង តាមតេលេក្រាមផង តែបានត្រឹមតែមើលមិនមានការឆ្លើយតប ។

រហូតមកទល់ពេលនេះ អ្នកសារព័ត៌មានពុំទាន់ទទួលបានឯកសារណាមួយបញ្ជាក់ថា ដីនោះមានច្បាប់ឈូសឆាយបំផ្លាញរាប់រយហិកតានៅតំបន់ខាងលើនោះ នៅឡើយទេ ។

មហាជន និងប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ៖ តើនរណា ជាអ្នកទទួសខុសត្រូវ ចំពោះបញ្ហាការកាប់រុករាន្តទន្ទ្រាន្តដីព្រៃឈើស្រោងខាងលើនេះ ? ឬ មួយមន្ត្រីជំនាញច្រើនពេក គ្មានអ្នកទទួលខុសត្រូវ ? ។

បើទោះជាយ៉ាងណា សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមិនទាន់ស្គាល់ឈ្មោះ បុរសម្នាក់ ដែលមានគោរមងារជាឧកញ៉ា កំពុងបំផ្លាញព្រៃស្រោងរាប់រយហិកតារបស់រដ្ឋ នៅចំណុចខាងលើនោះឡើយ ៕ ( គឹម សារឿន)

90 Views