សិស្សអនុវិទ្យាល័យជាង២០នាក់ បានដួលសន្លប់ ក្នុងកម្មវិធីសម្អាតបរិស្ថាន

បន្ទាយមានជ័យ÷
នៅក្នុងពិធីអបអរសាទរ យុទ្ធនាការផ្សព្វផ្សាយអប់រំអនាម័យ បរិស្ថានក្រុងប៉ោយប៉ែត ក្រោមប្រធានបទ ” តោះ ! យើងនាំគ្នាសម្អាតផ្ទះយើង ” ដែលធ្វើឡើងនៅថ្ងៃសុក្រ ទី ២១ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស លោកចៅសង្កាត់ទាំងបីសង្កាត់ រួមនឹងមេភូមិ ប្រជាការពារ សរុបប្រមាណជាង ៥០០នាក់ ។

បន្ទាប់ពីកម្មវិធីបញ្ចប់សព្វគ្រប់ ក៏មានហេតុការណ៍មួយបានកើតឡើងគួរអោយភ្ញាក់ផ្អើល ក្នុងវេទិការនោះ ដោយសារ សិស្សានុសិស្ស ចំនួនជាង ២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ឪពុកម្តាយរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទីនោះ ។ ក្រោយបានដួលសន្លប់ត្រូវបានរថយន្តសង្រ្គោះដឹកយកមកសង្គ្រោះនៅគ្លីនិក ឯកជនមួយ និងដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

បើយោងតាមការបញ្ជាក់ របស់ក្មេងស្រីម្នាក់ក្នុងចំណោម២០នាក់ ដែលបាមដួលសន្លប់បានរៀបរាប់ថា ពួកក្មួយៗ ដួលសន្លប់នេះ គឺបណ្ដាលមកពី ហេវហត់ព្រោះតែការមិនបានហូបអាហារពេលព្រឹក អ្នកខ្លះថា ដោយសារមិត្តភក្តិពួកគាត់ បានហូបទឹកច្រើនពេក ។

នៅក្នុងហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយនេះ សមត្ថកិច្ច កងរាជអាវុធហត្ថក្រុង និង កម្លាំងនគរបាលប៉ុស្តិ៍ និង នគរបាលក្រុង ព្រមទាំងមន្ត្រីសាលាក្រុង លោកគ្រូ អ្នកគ្រូ រួមនឹង មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការជួយសង្គ្រោះ នៅក្នុងស្ថានការណ៍ខាងលើនេះ ។

បើយោងតាមប្រភពពីអាជ្ញាធរ បានអោយដឹងថា ក្នុងហេតុការណ៍សិស្សានុសិស្សដួលសន្លប់នេះ ពុំមានរងគ្រោះថ្នាក់ ដល់ អាយុជីវិតឡើយ ។ តែយ៉ាងណាក៏ដោយ ក៏យើងនៅមិនទាន់ដឹងច្បាស់ពីប្រភពណាមួយថា បណ្តាលអោយក្មេងៗទាំងនេះដួលសន្លប់នៅឡើយទេ ៕
92 Views