ពីរនាក់ប្តីប្រពន្ធ ត្រូវបានស្លាប់ក្រោយពេលផ្ទុះកាំភ្លើង ៥គ្រាប់ គេសង្ស័យថា ដោយសារភ្លើងប្រចណ្ឌ !

(កំពង់ធំ) ៖
សមត្ថកិច្ចខេត្តកំពង់ធំ បានរាយការណ៍ថា ប្តីប្រពន្ធ មួយគូរបានស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងផ្ទះរបស់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដោយសារបុរសជាប្តី បានបាញ់ជាច្រើនគ្រាប់ ។

មន្ត្រីនគរបាលខេត្ត បានសន្និដ្ឋានបឋមថា ករណីនេះអាចផ្តើមចេញពីរឿងប្តីប្រច័ណ្ឌប្រពន្ធ ហើយយកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ មុននឹងបាញ់សម្លាប់ខ្លួនឯងជាក្រោយ ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់សម្ថកិច្ចថា ករណីបាញ់សម្លាប់នេះ កើតឡើង ក្រោយពេលស្ត្រីជាភរិយា ត្រឡប់មកពីហូបការសាច់ញាតិ ហើយក៏កើតរឿងជជែកប្រកែកគ្នា រហូតផ្ទុះអាវុធចំនួន ៥គ្រាប់ បណ្តាលឲ្យប្តីប្រពន្ឋទាំងពីរនាក់ស្លាប់នៅក្នុងថ្លុកឈាមដូចគ្នា នៅវេលាម៉ោង ៧.៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

អ្នកស្លាប់ទាំងពីរនាក់នេះ ប្តីឈ្មោះ ហេង សុវណ្ណរ៉ា ហៅខ្លឹង អាយុ ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ឋឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ហើយក្រោយមកក៏បានបាញ់ខ្លួនឯងចំសៀតផ្កា បណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលព្រហ្មទ័ណ្ឌ កម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំកម្លាំងជំនាញទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ហើយបានចេញជាលទ្ធផលបឋមបញ្ជាក់ថា អ្នកស្លាប់ទាំងពីរនាក់ គឺជាប្តីប្រពន្ឋ ហើយមានជម្លោះរឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌខាងស្រី ទើបអាចដល់ឈានដល់ការបាញ់សម្លាប់គ្នាតែម្តង ។

បើតាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋមួយគូរនេះ ធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសារ ដែលមួយរយៈកន្លងមកនេះ ប្តីធ្លាប់បានច្របាច់កប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ ប៉ុន្តែកាលនោះ មានបងប្អូនចូលទៅជួយទាន់ពេលវេលា ហើយសាច់ញាតិបានប្រាប់ប្អូនស្រីខ្លួនថា ឲ្យតមមាត់ តមសម្តី ខ្លាចក្រែងកើតមានរឿងធំ ដូចជាក់ស្តែងនៅពេលនេះ នាំឲ្យស្លាប់ទាំងពីរនាក់ដោយសាររឿងប្រច័ណ្ឌ ៕

93 Views