ឈ្មោះវណ្ណា ជាមន្ត្រីបរិស្ថានជំរិតទារលុយពីពលរដ្ឋ ជាថ្នូរនឹងការដោះលែង

កំពង់ធំ:
មន្ត្រីបរិស្ថានម្នាក់ឈ្មោះ វណ្ណា ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឬស្សី ត្រូវបានបែក ធ្លាយរឿងជំរិតទារលុយពីប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះមួយគោយន្តកន្ត្រៃចំនួន 50,000រៀល ជាថ្នូរនឹងការមិនចាប់បង្ក្រាប ។

មន្ត្រីស្នាក់ការបរិស្ថានប្រចាំការនៅចំណុចត្រពាំងឬស្សី ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ កំពុងតែបើកដៃអោយមានបទល្មើសកាប់និងដឹកឈើខុសច្បាប់នៅតំបន់ព្រៃអង់តែន ដែលការពារដោយរដ្ឋយ៉ាងអនាធិបតេយ្យ ។ បើទោះបីជា មានការដាក់បទបញ្ជាយ៉ាងតឹងរឹង ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានយ៉ាងណាក៏ដោយ ក៏មន្ត្រីបរិស្ថានថ្នាក់ក្រោមជាតិមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្តការងារដែលថ្នាក់លើដាក់អោយអនុវត្ត អោយមានប្រសិទ្ធភាពនោះឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃនេះសកម្មដឹកឈើខុសច្បាប់តាមរយៈគោយន្តកន្ត្រៃចេញពីព្រៃអង់តែន ឆ្លងកាត់តាមស្រុកសន្ទុកក្នុងមួយយប់ៗរាប់សិបគ្រឿង តែមិនមានចំណាត់ការពីសំណាក់មន្ត្រីបរិស្ថាន ឬ មេព្រៃនោះឡើយ ។ ព្រោះអ្នករកស៊ីដឹកឈើខុសច្បាប់ទាំងនោះ បានបង់លុយអោយតាមការកំណត់របស់សមត្ថកិច្ចទាំងនោះរួច រាល់អស់ហើយ ។

ជាក់ស្តែងនៅយប់ថ្ងៃទី ៨ ខែ ធ្នូ ២០១៨ នេះក្រុមអ្នកសារព័ត៌មានបានប្រទះជួបគោយន្តដឹឈើខុសច្បាប់ និងបានធ្វើការសាកសួរ ហើយក្រោយមក គាត់បានឆ្លើយប្រាប់ថា សមត្ថកិច្ចបរិស្ថានម្នាក់មាន ឈ្មោះថា លោក វណ្ណា ដែលឈរជើងនៅស្នាក់ការបរិស្ថានត្រពាំងឬស្សី អ្នកទារលុយពីគាត់ ក្នុងគោយន្តកន្ត្រៃមួយគ្រឿងចំនួន 50,000 រៀល ទើបគាត់អាចដឹកឈើចេញពីព្រៃបាន ។

មហាជន និងពលរដ្ឋ បានសុំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាបើកការស្រាវជ្រាវរកការពិតផង ព្រោះបើវាពិតជា ដូចពលរដ្ឋលើកឡើងមែន វាធ្វើឱ្យខូចដល់មន្ត្រីគេល្អៗ ។

ទាក់ទងបញ្ហាខាងលើនេះ អ្នកសារព័ត៌មានយើងក៏ព្យាយាមដើម្បីស្វែងរកការបកស្រាយពីសំណាក់លោក វណ្ណា ដែលជាមន្ត្រីបរិស្ថានប្រចាំស្នាក់ការត្រពាំងឬស្សី ដែលត្រូវពលរដ្ឋដឹកឈើតាមគោយន្តកន្ត្រៃទម្លាយរឿងបង់លុយមួយគោយន្ត 50,000 រៀលដែរ ។ តែយើងមិនអាចទំនាក់ទំនងបាន ព្រោះគ្មានលេខទូរស័ព្ទ យើងនឹងទទួលការបកស្រាយ បើសិនជាមន្ត្រីខាងលើនោះ គាត់គ្មានការពាក់ព័ន្ធដូចការចោទប្រកាន់ ៕