ឈ្មួញឈើឈ្មោះ ជឹន គឹមអ៊ន និង ប្តីឈ្មោះ វិញ រ៉យ កំពុងតែសម្រុកទិញឈើអនាធិបតេយ្យចូលដេប៉ូរបស់ខ្លួនដើម្បីឱ្យក្លាយទៅជាឈើស្របច្បាប់

ឈ្មួញឈើឈ្មោះ ជឹន គឹមអ៊ន និង ប្តីឈ្មោះ វិញ រ៉យ កំពុងតែសម្រុកទិញឈើអនាធិបតេយ្យចូលដេប៉ូរបស់ខ្លួនដើម្បីឱ្យក្លាយទៅជាឈើស្របច្បាប់

កំពង់ធំ៖
ឈ្មួញរកស៊ីទិញឈើខុសច្បាប់ឈ្មោះ ជឹន គឹមអ៊ន ហៅ (ស្រីអូន) និងប្តីឈ្មោះ វិញ រ៉យ កំពុងតែលេងឆ្ពិនភ្នែកជាមួយសមត្ថកិច្ច ខណៈជំនួញឈើខុសច្បាប់របស់ពួកគាត់ជ្រកក្រោមដេប៉ូស្របច្បាប់ ។

បើតាមប្រភពព័ត៌មានពីមហាជន និងពលរដ្ឋដែលរស់នៅចំណុចថ្នល់បំបែកបានអោយដឹងថា សព្វថ្ងៃនេះ ឈ្មួញឈើពីរនាក់ប្តីប្រពន្ធខាងលើ កំពុងតែប្រមូលទិញឈើខុសច្បាប់ ពីបណ្តាក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់ តាមរយៈរថយន្តសាំងយ៉ុង រថយន្តកូូរ៉េចំណុះ ៥តោន និងរថយន្តយីឌុប យ៉ាងគគ្រឹកគគ្រេងចេញពីខេត្តព្រះវិហារ និងក្នុងទឹកដីខេត្តកំពង់ធំ ។ តែគេមិនដែលឃើញវត្តមានលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ កំពូលមហាស្ពឹកចុះមកពិនិត្យ ឬ អើតឈ្ងោកនោះទេ ប្រហែលជាលោកនាយខណ្ឌរូបនេះ មានភាគរយក្នុងការទទួលលាភសក្ការៈក្រាស់ក្រែលហើយមើលទៅ ! ទើបមេឈ្មួញឈើពីរនាក់ប្តីប្រពន្ធខាងលើនេះ ប្រព្រឹត្តដោយរលូនបែបនេះ …។

បើតាមច្បាប់ស្តីពីព្រៃឈើបានបញ្ជាក់ថា ដេប៉ូមានច្បាប់អនុញ្ញាតក៏ពិតមែន តែមិនអាចមានសិទ្ធប្រម៉ូលទិញឈើអានាធិបតេយ្យខុសច្បាប់បាននោះទេ ពោលគឺអាចមានសិទ្ធិទទួលទិញតែឈើពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស្របច្បាប់ ដែលបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តអោយដឹងថា គេមិនដឹងថាពេលណាទេ ទើបលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចុះបង្ក្រាប ឬ ត្រួតពិនិត្យមើលដេប៉ូឈើរបស់ថៅកែឈ្មោះ ជឹន គឹមអ៊ន ហៅ (ស្រីអូន) និងប្តី ឈ្មោះ វិញ រ៉យ ? ឬ ប្រហែលទាល់តែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ចុះមកពិនិត្យផ្ទាល់ហើយមើលទៅ ! ទើបការងារមានប្រសិទ្ធភាព ?

ប្រភពពីសមត្ថកិច្ច និងពលរដ្ឋមួយចំនួនបានលួចខ្សឹបថា តាំងពីលោក ប៊ុន សុធី ឡើងកាន់ដំណែងជា នាយខណ្ឌរដ្ឋបាលព្រៃឈើមក បទល្មើសដឹកឈើកើនឡើងទ្វេរដងតាមបណ្តាស្រុកក្រុង មួយចំនួនដូចជា ស្រុក សណ្តាន់ ស្រុក សន្ទុក ស្រុក ស្ទោង ស្រុក កំពង់ស្វាយ ស្រុក ប្រាសាទបល្ល័ង្ក ប្រាសាទសំបូរ និងក្រុង ស្ទឹងសែនតែម្តងឈើដឹកចេញពីព្រៃអង់តែន និងព្រៃឡង់យ៉ាងគគ្រឹកគគ្រេងយកមកចែកចាយតាមបណ្តាដេប៉ូ ជាពិសេសដេប៉ូរបស់ឈ្មួញខាងលើនោះតែម្តង ។ ប៉ុន្តែលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ពូកែម្យ៉ាង ខាងបញ្ជាកូនចៅ ឲ្យដើរកាប់បំផ្លាញចោលដំណាំស្វាយចន្ទីបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ដោយជ្រកក្រោមលេះថា ដីសហគមន៍ ដីគម្របព្រៃឈើ និង ដីស្តារឡើងវិញ ដើម្បីស្វែងរកប្រយោជន៍សម្រាប់បក្សពួកបុគ្គលខ្លួន តែប៉ុណ្ណុោះ ។

ពលរដ្ឋ និងមហាជនទូទៅបានទទូចសំណូមពរដល់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការចំពោះទីតាំងដេប៉ូខាងលើនោះផងទាន ! ព្រោះបើចាំមើលចំណាត់ការរបស់ លោក នាយខណ្ឌ ប្រហែលទាល់តែចាំ ត្រីភ្ទក់ដុះស្នែង ត្រីអណ្តែងដុះស្រការហើយ ទើបមានប្រសិទ្ធភាព ! ៕https://youtu.be/8QyYiBFrPps

49 Views