ប្រជាពលរដ្ឋ ៨២នាក់ ស្នើសុំអន្តរាគមន៍ ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ រឿងលោក ឈឿង គុណ ផ្នែកព្រៃឈើស្ទោង កាប់បំផ្លាញចោលដំណាំចន្ទី របស់ពួកគាត់អស់ជាង ៣០ ហិកតា នៅភូមិគគីរ !

ប្រជាពលរដ្ឋ ៨២នាក់ ស្នើសុំអន្តរាគមន៍ ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ រឿងលោក ឈឿង គុណ ផ្នែកព្រៃឈើស្ទោង កាប់បំផ្លាញចោលដំណាំចន្ទី របស់ពួកគាត់អស់ជាង ៣០ ហិកតា នៅភូមិគគីរ !

កំពង់ធំ ៖
ប្រជាពលរដ្ឋរស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ភាគច្រើន ជាពលរដ្ឋជនជាតិដើមភាគតិចគួយ កំពុងទន្ទឹងរង់ចាំអន្តរាគមន៍ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីបញ្ឈប់សកម្មភាពរបស់លោក ឈឿង គុណ ផ្នែករដ្ឋបាលព្រៃឈើស្ទោង និង លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ពីរឿងទៅកាប់បំផ្លាញចោលដំណាំស្វាយចន្ទីរបស់ពួកគាត់ជាង ៣០ ហិកតា ដែលដាំ នៅក្នុងចំការដំឡូងធ្លាប់អាស្រ័យផលជាង ១០ឆ្នាំមកហើយ ។

ជាក់ស្តែង សកម្មភាពរបស់លោកភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានចុះទៅកាប់ចោលដើម ស្វាយចន្ទី ដែលដាំនៅក្នុងចំការដំឡូងរបស់ធ្លាប់អាស្រ័យផលជាង ១០ឆ្នាំ មកហើយ ។ ចុះទៅកាប់លើកទី 1 នៅថ្ងៃ12/9/2018 លើកទី 2 ថ្ងៃទី 7 /11 /2018 ។

លោក យ៉ុង រុន អាយុ ៤០ឆ្នាំ ជាតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន ៨២ នាក់បានបញ្ជាក់ថា ដំណាំស្វាយចន្ទី ដែលពួកគាត់បានដាំដុះជាង ៣០ ហិកតា នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ។ រូបលោក ក៏មិនបានដឹងពីមូលហេតុដែល លោកមេព្រៃ ចុះមកកាប់បំផ្លាញចោលយ៉ាងដូច្នេះដែរ ។

លោកបន្តថា ដំណាំកសិកម្មដែលនឹងជិតហុចផលទៅហើយ តែមេព្រៃមកបំផ្លាញចោល គឺជាកន្លែងដែលពួកគាត់ធ្លាប់បានបង្កបង្កើនផលមានប្លង់ទទួលស្គាល់ ពីអាជ្ញាធរភូមិឃុំត្រឹមត្រូវ តាំងតែពីមុនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់រដ្ឋាភិបាលមកម្ល៉េះ ។ តែមេព្រៃ គឺលោក ឈឿង គុណ និង លោក ភោគ ច័ន្ទត្រានេះ នៅតែចុះមកកាប់បំផ្លាញស្វាយចន្ទីចាលពីរដងមកហើយ ។

ដូច្នេះ រូបលោក ក៏ដូចជាពលរដ្ឋរងគ្រោះទាំង ៨២នាក់ កើតទុក្ខមិនសុខចិត្ត ដាក់ពាក្យស្នើសុំអន្តរាគមន៍ ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ ឲ្យអ្នកបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋមកទូទាត់សងសំណងថ្លៃខូចខាតដំណាំរបស់់គាត់វិញ ពិសេសស្នើអាជ្ញាធរខេត្តពន្លឿនការចេញប្លង់កាន់កាប់ដីធ្លីស្របច្បាប់ឲ្យបានឆាប់រហ័ស សម្រាប់ពួកគាត់ផង ។

តំណាងសហគមន៍ព្រៃឈើសាលាឆ្តោម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ប្រជាពលរដ្ឋប្រមាណជាង ៦០គ្រួសារ ស្នើបង្កើតសហគមន៍ឡើងនៅឆ្នាំ ២០០៤ ហើយកាលនោះ មានប្រជាពលរដ្ឋ បានចូលទៅរស់នៅមុនគេ និងចាប់យកមុខរបប បង្កើតឡដុតធ្យូង ។ នៅអំឡុងឆ្នាំ ២០០៧ និងក្រោយឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្ន ប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាដាំដំណាំអាស្រ័យផលរហូតមក ។ ក្រោយមក ពួកគាត់បានលក់ដីស្រែចម្ការពីដូនតា និងនាំគ្នារស់នៅក្បែរតំបន់ព្រៃសហគមន៍ ហើយសង់លំនៅដ្ឋាន នៅទីនោះជាបន្ដបន្ទាប់ ។ ពលរដ្ឋនៅតំបន់នេះ ភាគច្រើន ជាជនជាតិដើមភាគតិចគួយ ប្រកបរបរធ្វើស្រែចម្ការ ដើរព្រៃ និងដាំដំណាំផ្សេងៗ ដែលជាមុខរបរតាមបែបប្រពៃណីដូនតារបស់ពួកគាត់ ។

ប្រភពដ៏ដែលបានឲ្យដឹងទៀតថា អាជ្ញាធរធ្លាប់បានចុះស្រាវជ្រាវ និងស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដោយថា នៅឆ្នាំ ២០១៦ អាជ្ញាធរបានរកឃើញ ចំនួន ៥៥ គ្រួសារ កំពុងរស់នៅអាស្រ័យផលតំបន់សហគមន៍ ។

បើយោងតាមឯកសាររបស់តុលាការខេត្តកំពង់ធំ ចំនួនពីរច្បាប់ ដែលយើងទទួលបាន បង្ហាញថា កន្លងមក ខាងតុលាការរកឃើញ មានម្ចាស់ប្លង់កម្មសិទ្ធិស្របច្បាប់ ដែលតុលាការតម្កល់ទុក មិនមានចំណាត់ការនោះទេ ព្រោះប្លង់ទាំងនោះ មានការចុះហត្ថលេខាទទួលស្គាល់ ដោយមន្ទីរសុរិយោដី និងនគរូបនីយ៍កម្ម និងសំណង់ខេត្តកំពង់ធំទៀតផង ។

មេឃុំសាលាវិស័យ លោក ជីន ហ៊ីន មានប្រសាសន៍ថា សហគមន៍សាលាឆ្ដោនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលថា អាចផ្ដល់ជាដីដំណាំ ជួយទប់មិនឲ្យមានជំនន់ទឹកភ្លៀង បំលាស់ប្ដូរអាកាសធាតុ និងទ្រទ្រង់ជីវភាពប្រជាជន ។

លោកបន្តថា ប្រជាពលរដ្ឋនៅឆ្នាំ ២០១៧ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង មានពលរដ្ឋសរុបចំនួន ២.៣៧៧នាក់ ស្មើនឹង ៣២៣គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចគួយ ដែលប្រកបរបរដើរព្រៃ កាប់អុសលក់ ធ្វើស្រែ និងដាំដំណាំបង្កាផ្សេងៗ ។

សហគមន៍ «សាលាឆ្តោ» មានទីតាំងស្ថិតក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ។ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ ២០០៤ និងត្រូវបានទទួលស្គាល់នៅឆ្នាំ ២០០៩ ។ ព្រៃសហគមន៍នេះ មានទំហំសរុបចំនួន ១០០៦ ហិកតា ។

បើតាមប្រភពពីមន្ដ្រីឃុំម្នាក់ បានឲ្យដឹងថា តាំងពីបង្កើតឡើង រហូតដល់ពេលបច្ចុប្បន្ន គណៈកម្មាការគ្រប់គ្រងព្រៃសហគមន៍ មានចំនួន ៣ អាណត្តិ ប៉ុន្ដែ មានប្រធានព្រៃសហគមន៍ចំនួន ២រូប គឺលោក ធួក និល និងលោក ជន ឃន ។

សូមបញ្ជាក់ថា សកម្មភាពរបស់លោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង និង លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានចុះទៅកាប់ចោលដើមស្វាយចន្ទី ដែលដាំនៅក្នុងចំការដំឡូងរបស់ពួកគាត់ធ្លាប់អាស្រ័យផលជាង ១០ឆ្នាំ មកហើយនោះ ។ កំពុងទន្ទឹងរង់ចាំអន្តរាគមន៍ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីជួយពួកគាត់ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់លោកមេព្រៃខាងលើ ៕

67 Views