បឹងឈូក ក្លាយជារមណីយដ្ឋាន អេកូទេសចរណ៍ ធម្មជាតិភ្នំក្រោម ជាទីលម្ហែរយ៉ាងត្រជាក់ចិត្ដ!

បឹងឈូក ក្លាយជារមណីយដ្ឋាន អេកូទេសចរណ៍ ធម្មជាតិភ្នំក្រោម ជាទីលម្ហែរយ៉ាងត្រជាក់ចិត្ដ!

សៀមរាប: ទីក្រុងអង្គរបញ្ចេញសម្រស់ និងកិត្ដិនាមដ៏ល្បីល្បាញទាក់ទាញចិត្ដភ្ញៀវទេសចរគ្រប់ច្រកល្ហកដែលពួកគេខំស្កាត់ពីប្រទេសនានាមកទស្សនាអច្ឆរិយវត្ថុតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃអស្ដង្គត។

តំបន់ពេញនិយម ម្តុំផ្សារចាស់ ក៏បានអន្ទងចិត្ដភ្ញៀវមកកម្សាន្ដ និងទិញទំនិញអនុស្សាវរីយ៍ផងដែរ។យ៉ាងណាក្តី ក្រៅពីប្រាសាទ និងក្លិបរាត្រី សៀមរាបក៏នៅមានរមណីយដ្ឋាន អេកូទេសចរណ៍ធម្មជាតិ ភ្នំក្រោមជាទីឋានផ្ដល់នូវផាសុកភាពពីជំនោរខ្យល់ល្ហើយត្រសៀកម្លប់ឈើត្រឈឹងត្រឈៃ សួនផ្កា និងស្រះឈូកជាច្រើនទ្រក្យូសលម្ហែ អ្វីដែលភ្ញៀវជាតិ និងអន្ដរជាតិប៉ងប្រាថ្នាក្រោយការដើរទស្សនាប្រាសាទនឿយហត់។

ផ្ដើមពីច្រកចូលស្ថិតលើវិថីទៅកាន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រភ្នំក្រោម ភ្ញៀវហាក់មានអារម្មណ៍ត្រជាក់ចិត្ដជាមួយនឹងម្លប់ឈើខ្យល់រំភើយ សួនកម្សាន្ដរបស់កុមារ ក្យូសគូស្នេហ៍ និងក្យូសជុំញាតិគ្រួសារមិត្ដភក្ដិសង់លើស្រះឈូក បន្ដពីស្ពានឈើសម្រាប់គយគន់សួនផ្កាចម្រុះពណ៌នៅចំកណ្ដាលទីធ្លា រួចបន្ដទៅស្រះធំសម្រាប់ភ្ញៀវជិះទាកម្សាន្ដ។

ស្ថិតនៅលើផ្ទៃដីលាតសន្ធឹងដ៏ធំល្វឹងល្វើយក្បែរភ្នំក្រោមក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោម ដែលបានបើកទ្វារស្វាគមន៍ភ្ញៀវពីព្រឹកព្រលឹមរហូតដល់ម៉ោង ៩ យប់រៀងរាល់ថ្ងៃជាមួយនឹងសេវាកម្មម្ហូបអាហារ ក្យូសលម្ហែ សួនផ្កា សួនកុមារ ជិះទាទឹក ស្ទូចត្រី និងរៀបចំកម្មវិធីជប់លៀងផ្សេង។

ចំពោះការចូលកម្សាន្ដ និងថតរូប ភ្ញៀវត្រូវទិញសំបុត្រ ១០០០ រៀលក្នុងម្នាក់ ហើយឡានមានតម្លៃ ២០០០ រៀល។ ប៉ុន្ដែរមណីយដ្ឋាន ផ្ដល់អាទិភាពភ្ញៀវមកទទួលទានអាហារ ដោយពួកគេអាចប្រើវិក្កយបត្រទូទាត់ប្រាក់មកប្ដូរប្រាក់ថ្លៃសំបុត្រវិញ ពោលគឺភ្ញៀវមកទទួលទានអាហារមិនត្រូវបានគិតប្រាក់ថ្លៃសំបុត្រចូលរីហ្សតឡើយ។

ក្រោមបរិយាកាសដ៏ស្រស់ត្រកាលនៃក្យូសសង់លើស្រះឈូក អមដោយសួនផ្កាចម្រុះពណ៌ និងសួនដំណាំហូបផ្លែដ៏ធំល្វឹងល្វើយ រីសតស្ទួយសម្រស់ធម្មជាតិមួយនេះមានភាពទាក់ទាញភ្ញៀវទាំងជាតិ និងអន្ដរជាតិខ្លាំង រួមទាំងតម្លៃសមរម្យ បើធៀបនឹងបណ្ដាភោជនីយដ្ឋានផ្សេង។

មានកម្មវិធីប្រូម៉ូសិនទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលធ្វើដំណើរទៅកម្សាន្ដលើបឹងទន្លេសាប ហើយដោយសារផ្លូវនេះ វាជាផ្លូវដែលពួកគេវិលចូលក្រុងសៀមរាបដើម្បីទទួលទានអាហារថ្ងៃត្រង់វិញ»។

ក្រៅពីមុខម្ហូបកុម្ម៉ង់ មានបន្ថែមមុខម្ហូបប៊ូហ្វេបែបខ្មែរមួយចំនួនទៀត សម្រាប់ជាសេចក្ដីត្រូវការរបស់ភ្ញៀវភ្លាមៗ ដ៏ទាន់ចិត្ដ។ បើសម្រាប់ឱកាសរៀបចំពិធីជប់លៀងពេលល្ងាចវិញ ទស្សនីយភាពកាន់តែរ៉ូមែនទិកជាមួយទិដ្ឋភាពថ្ងៃលិចអែបភ្នំក្រោម ខណៈសួនផ្ការំលេចសម្រស់គួបភ្លើងពណ៌ពេលរាត្រី»។

សូមបញ្ជាក់ថា តម្លៃម្ហូបអាហារពិតជាសមរម្យដែលអាចទទួលយកបានចំពោះភ្ញៀវក្នុងស្រុកដោយមិនថ្លៃជាងបណ្ដាភោជនីយដ្ឋានផ្សេងៗឡើយ៕

67 Views