លោក ត្រាំ មិន​គិតថា​លោក គីម ជុង​អ៊ុន កំពុង​លេងសើច​នោះទេ

លោក ត្រាំ មិន​គិតថា​លោក គីម ជុង​អ៊ុន កំពុង​លេងសើច​នោះទេ

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​ដោយបាន​ថ្លែង​នៅឯ​សេត​វិមាន​ជាមួយនឹង​វត្តមាន​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merke លោក ត្រាំ បាន​និយាយថា «​ខ្ញុំ​មិន​គិតថា​លោក គីម កំពុង​លេងសើច​នោះទេ​។ មិនដែល​បានមក​ដល់​ជំហាន​នេះ​ទេ​»​។​

​កាលពី​ថ្ងៃ​សុក្រ លោក គីម បាន​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង ដែល​បាន​ឈាន​ជើង​ចូលក្នុង​ទឹកដី​កូរ៉េខាងត្បូង នៅពេល​លោក​ដើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ចាប់ដៃ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in​។​

​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​ធ្វើការ​រួមគ្នា​ដើម្បី​លុបចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​ពី​ឧ​បទ្ទីប​កូរ៉េ​ទាំងមូល​។ ពួកគេ​ក៏បាន​សច្ចា​ថា​នឹង​បន្ត​កិច្ចចរចា​ដែល​នឹង​នាំ​ឲ្យ​មានការ​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ​។​

​ប្រទេស​កូរ៉េខាងជើង​ធ្លាប់បាន​ប្តេជ្ញាចិត្ត​ស្រដៀង​គ្នា​នេះ​កាលពីពេល​កន្លងទៅ អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​អនុវត្ត​។ នៅពេល​សួរថា​តើ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្រុង​ព្យូ​ង​យ៉ាង​នៅពេលនេះ ជា​ការពិត​ដែរឬទេ​? លោក ត្រាំ បាន​ឆ្លើយថា «​យើង​នឹងមិន​ឲ្យ​គេ​បោក​បញ្ឆោត​នោះទេ​»​។​

​លោក ត្រាំ បាន​និយាយ​បន្ថែមថា «​រដ្ឋបាល​នេះ​មិន​ដូច​រដ្ឋបាល​ពេលមុន​ទេ​។ យើង​មិន​លេងសើច​នោះទេ​។ រដ្ឋបាល​មុនៗ​បណ្តោយ​ឲ្យ​គេ​កេងចំណេញ​ពី​អាមេរិក​» ។ កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​កិច្ចប្រជុំ​ដែល​អាច​កើតឡើង​រវាង​លោក គីម និង​លោក ត្រាំ បានបង្ហាញ​ពី​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់ ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​ជាច្រើន​ធ្លាប់បាន​គិតពី​ការផ្ទុះ​ឡើង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​។​

​លោក ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នោះទេ​។​

​លោក​បាន​និយាយថា ក្រុមមន្ត្រី​កំពុង​ពិចារណា​អំពី​ទីតាំង​ប្រជុំ​ពីរ​បី​កន្លែង ប៉ុន្តែ​លោក​មិនបាន​និយាយ​អំពី​ឈ្មោះ​ទីតាំង​ទាំង​នោះទេ​៕

98 Views