ការប្រយុទ្ធគ្នារវាងទាហានសៀម និង ក្រុមនាំថ្នាំញៀនភូមា ស្លាប់៣នាក់

ការប្រយុទ្ធគ្នារវាងទាហានសៀម និង ក្រុមនាំថ្នាំញៀនភូមា ស្លាប់៣នាក់

ប្រទេសថៃ ៖
ស្នូរកាំភ្លើងដៃបានផ្ទុះឡើងតបតគ្នា ប្រមាណជាងកន្លះម៉ោង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ថៃ.ភូមា ទាំងកណ្តាលអាធ្រាត្រជាលទ្ធផល ជនសង្ស័យចំនួន ៣នាក់ ជាក្រុមឧទ្ទាមរកសុីរត់ពន្ធថ្នាំញៀនលើខ្សែបន្ទាត់ព្រំដែនត្រូវបានស្លាប់នៅលើសមរភូមិ ។
ហេតុការណ៍នៃការផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ២.៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចព្រៃបុងង៉ាម ដែលជាតំបន់ ព្រៃរបោះ និងចំការពោត មួយកន្លែងក្នុងភូមិ ១១ឃុំពីងខូង ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ ។

នៅមុនពេលកើតហេតុ ក្រោយពីបានទទួលព័ត៌មានថា អាចមានក្រុមឧទ្ទាមដែលតែងតែរកសុីរត់ពន្ធគ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែន ថៃ-ភូមា រួចមកកម្លាំងតម្រួតការពារព្រំដែនលេខ ៣៣៥ បានទទួលបទបញ្ជាពីលោកមេបញ្ជការ ដើម្បីចេញដាក់កម្លាំងត្រៀម ដើម្បីបង្ក្រាបលើករណីជួញដូរដ៏ធំនេះ ។ ការឃ្លាំចាំនេះ បានអូសបន្លាយពេលរហូតដល់រំលងអាធ្រាត្រ ទើបឃើញមុខសញ្ញាបានបង្ហាញខ្លួន ដោយពួកគេមួយក្រុមកំពុងដើរតម្រង់មករកកន្លែង ដែលកម្លាំងបានត្រៀមរួចជាស្រេច ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានផ្តល់ជាសញ្ញា សុំត្រួតពិនិត្យ ប៉ុន្តែក្រុមនេះ បានប្រាស់ខ្លួនធ្វើការបាញ់រះ តបតមកលើសមត្ថកិច្ចវិញ ថែមទាំងបានគប់គ្រាប់បែកបន្ថែមទៀត ។ទើបធ្វើអោយកម្លាំង បានធ្វើការបាញ់ទប់ទល់អស់រយៈពេលប្រមាណជាង ៣០ នាទី ។ស្នូរគ្រាប់កាំភ្លើងមានសភាពស្ងប់ស្ងាត់ដូចដើមវិញ ទោះបីជាស្ងាត់បែបនេះក្តី ក៏កម្លាំងមិនបានចាកចេញពីទីលានប្រយុទ្ធឡើយ ដោយម្នាក់ៗបានសំងំរហូតដល់ភ្លឺស្រាងៗទើបចូលទៅពិនិត្យ ។


ជាក់ស្តែងនៅលើសមរភូមិ គេប្រទះឃើញមានមនុស្ស ៣នាក់ ស្លាប់ដោយនៅដៃម្នាក់ៗ មានកាន់កាំភ្លើងផងដែរ ព្រមទាំងបានរឹបអូសនូវសាក់កាដូយោធាចំនួន ៥ ដែលក្នុងនោះមាន ៣សាក់កាដូ គឺថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ៣ សែនគ្រាប់ ។ រីឯសាក់កាដូ ២ ទៀតមានថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ១០ ដុំ ស្មើនិង ១៦ គីឡូក្រាម ។

បច្ចុប្បន្នវត្ថុតាងទាំងនេះ ត្រូវបាននាំយកទៅប្រគល់អោយអង្គភាពជំនាញ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ ៕

153 Views