លី សៀន​ឡុង​៖មិនទាន់មាន​សំណើរ​សុំ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង ត្រាំ និង គីម នៅ​សិង្ហ​បុរី​ឡើយ​

លី សៀន​ឡុង​៖មិនទាន់មាន​សំណើរ​សុំ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង ត្រាំ និង គីម នៅ​សិង្ហ​បុរី​ឡើយ​

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​បង្ហើប​ថា វា​មិនទាន់មាន​សំណើរ​ជា​ផ្លូវ​ការសុំ​រៀបចំ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​នៅឡើយ​ទេ​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បែបនេះ​កើតឡើង​ក្រោយ​កាសែត​កូរ៉េខាងត្បូង​ផ្សាយ​ថា សិង្ហ​បុរី និង​ម៉ូ​ហ្គោ​លី​ជា​ជម្រើស​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។​

​នៅ​ថ្ងៃ ២៨ ខែមេសា​នេះ លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បានបញ្ជាក់​យ៉ាងច្បាស់​ថា សំណើរ​សុំ​រៀបចំ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​នោះ​មិនទាន់​មកដល់​ដៃ​លោក​ឡើយ​។​
​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ស្ថិតនៅក្នុង​សន្និសីទ​ព័ត៌មាន​ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ លោក លី ដែលជាប្រធានអាស៊ានឆ្នាំនេះផងនោះ បាន​និយាយ​ដូច្នេះ​៖«​យើង​បាន​អាន​ព័ត៌មាន​មួយចំនួន​ដូច​អ្នកកាសែត​ផ្សេងទៀត​ដែរ​ពី​ទីកន្លែង​ដែល​អាច​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​។ យើង​មិនទាន់​បានទទួល​សំណើរ​ឬ​លិខិតអញ្ជើញ​ណាមួយ​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​»​។
«​វា​ត្រូវមាន​ការសម្រេចចិត្ត​ដោយ​អាមេរិក និង​កូរ៉េខាងជើង​ពាក់ព័ន្ធ​បញ្ហា​នេះ​។ ខ្ញុំ​នៅ​គិតថា វា​មិនទាន់មាន​ការសម្រេចចិត្ត​នៅឡើយ​ទេ​»​។ លោក លី បន្ថែម​ដូច្នេះ​។
​កាលពី​ថ្ងៃ ២៤ ខែមេសា​ដ មន្ត្រី​ដែល​ស្និទ្ធ​នឹង​ការសម្រេច​ចិត្តបាន​ប្រាប់​កាសែត​កូរ៉េខាងត្បូង JoongAng Ilbo ថា ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ដែល​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ឲ្យ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។
​បន្ទាប់ពី​លោក ត្រាំ និង​លោក គីម យល់ព្រម​ជួបគ្នា​ទល់មុខ គេ​វាយតម្លៃថា ប្រទេស​អឺរ៉ុប​ដូចជា​ស្វ៊ី​ស និង​ស៊ុយអែត ស្ថិតក្នុង​ការពិចារណា​ព្រោះតែ​ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​អាមេរិក និង​កូរ៉េខាងជើង ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ជា​ប្រទេស​អ​ព្យា​ក្រឹត្យ​ផង​នោះ​។ ចុងក្រោយ បេក្ខភាព​ប្រទេស​ទាំងនេះ​ត្រូវបាន​ដកចេញ​វិញ ដោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ពិបាកធ្វើ​ដំណើរ ។ ដូច្នេះ​ទើប​អាមេរិក និង​កូរ៉េខាងជើង កំពុង​ចរចា​ដើម្បី​ជ្រើសរើស​ប្រទេស​អាស៊ី​ទាំងពីរ​ខាងលើ​វិញ​។​
​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា នេះ លោក គីម ជុង​អ៊ុន បានសម្រេច​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ក្នុងជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​បី​នៅ​តំបន់​គ្មាន​យោធា​។ ជំនួប​នេះ​ក្លាយជា​ចំណុច​ចាប់ផ្តើម​ថ្មី​នៃ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ ហើយ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ប្តេជ្ញា​បង្កើត​សន្ធិសញ្ញា​សន្តិភាព បន្ថយ​ការប្រឈមមុខ​ដាក់គ្នា ស្វែងរក​ការ​បង្រួប​ប​ង្រូ​ម​និង​ផ្សះ​ផ្សាយ​កូរ៉េ រួមទាំង​រំសាយ​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​
​ពាក់ព័ន្ធ​នឹង​សញ្ញា​វិជ្ជមាន​នៃ​ជំនួប​នេះ លោក លី សៀន​ឡុង បាន​ស្វាគមន៍ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​កាយវិការ​វិជ្ជមាន​នេះ​ដូចគ្នា​។ «​វា​ជា​រឿង​ល្អ​ដែល​កូរ៉េ​ទាំងពីរ​ជួបគ្នា​។ វា​ល្អ​ដែល​លោក ត្រាំ នឹង​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន​។ សំណួរ​នៅពេលនេះ​គឺថា តើ​គ្រប់យ៉ាង​នឹង​ទៅមុខ​របៀប​ម៉េច​»៕
294 Views