បារាំង​ហាម​កីឡាករ និង​មន្ត្រី​កីឡា​ស្លៀកខោ​ខូវប៊យ​លេង​ប៉េតង់​

បារាំង​ហាម​កីឡាករ និង​មន្ត្រី​កីឡា​ស្លៀកខោ​ខូវប៊យ​លេង​ប៉េតង់​

នៅលើ​ទីលាន​សម្រាប់​ការប្រកួត​ជើងឯក​កីឡា​ប៊ូល​-​ប៉េតង់​ថ្នាក់ជាតិ និង​តាម​បណ្តា​ក្លិប​នៅ​ប្រទេស​បារាំង ខោ​ខូវប៊យ​ពណ៌​ខៀវ និង​ខោរ​ហែក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ស្លៀក​ឡើយ​។ នេះ​ជា​លក្ខន្តិកៈ​ថ្មី​មួយ​ដែល​កំណត់ដោយ​សហព័ន្ធ​កីឡា​ប៉េតង់​បារាំង (FFPJP)​។​

«​ខោ​ខូវប៊យ​ពណ៌​ខៀវ ត្រូវបាន​ចាត់ទុក​ជាស​ម្លៀ​ក​បំពាក់​មិន​សមរម្យ និង​កខ្វក់​សម្រាប់​កីឡា​ប៉េតង់​ដែលជា​ប្រភេទ​កីឡា​លំដាប់​ខ្ពស់​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ FFPJP ដែល​ចុះហត្ថលេខា​រួមគ្នា​ដោយ​លោក Michel Le Bot អនុប្រធាន​ទទួលបន្ទុក​រដ្ឋបាល និង​លោក Joseph Cantarelli អនុប្រធាន​ប្រតិភូ​។​

​យោងតាម​ការផ្សាយ​រប​ស់ La Depeche សហព័ន្ធ​កីឡា​ប៉េតង់​បារាំង (FFPJP) បានកំណត់​លក្ខខណ្ឌ​បែបនេះ តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ប៉ុន្តែ​មិនមាន​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ​។ គណៈកម្មាធិការ​នាយក​របស់ FFPJP បាន​បញ្ជាក់ថា លក្ខខណ្ឌ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​វិន័យ​នៃ​ស្លៀកពាក់ ខណៈ​កីឡា​ប៉េតង់​ត្រៀម​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ។​

FFPJP បាន​បញ្ជាក់ថា កីឡាករ និង​មន្ត្រី​កីឡា នៅតែ​អាច​ស្លៀកខោ​វែង និង​ខោ​ត្រឹម​ស្នង​ជើង  ជាពិសេស​សម្លៀកបំពាក់​ដែល​សមស្រប​ទៅតាម​លក្ខ​ខណ្ឌ​កីឡា ដោយ​លើកលែងតែ​ខោ​ខូវប៊យ និង​ខោក​ខ្វក់​។ ទោះបីជា​យ៉ាងណា​ក៏ ក្រុម​កីឡាករ និង​សហព័ន្ធ​កីឡា​មួយចំនួន បាន​រិះគន់​ចំណាត់ការ​ថ្មី​នេះ​។​

​ប្រធាន​ក្លិប​កីឡា​ប៉េតង់​មួយ​ដែល​ស្ថិតនៅ​តំបន់ Haute-Saone បានចាត់ទុក​ការកំណត់​លក្ខន្តិកៈ​ថ្មី​របស់ FFPJP ជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​មួយ​។ លោក Nicolas Monnier បាន​ចំអក​ចំពោះ​លក្ខន្តិកៈ​ថ្មី​តាមរយៈ​ការ​ស្លៀកពាក់​ជា​ត្លុក​កំប្លែង​នៅលើ​ទីលាន​ប៉េតង់ ជំនួស​ឲ្យ​ខោ​ខូវប៊យ​៕

431 Views