កាហ្វេស្រុកខ្មែរ កំពុងមានទីផ្សារ

កាហ្វេស្រុកខ្មែរ កំពុងមានទីផ្សារ

មណ្ឌលគិរីៈ
កសិករដែលធ្វើការដាំដុះដំណាំកាហ្វេនៅក្នុងតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី លែងព្រួយបារម្មណ៍ លើតម្លៃលក់កាហ្វេទៀតហើយ ខណៈដែលសព្វថ្ងៃក្រុមហ៊ុនមួយ បានចុះមកទទួលទិញទិន្នផលកាហ្វេបញ្ជួនទៅក្រៅប្រទេស ដោយផ្តល់ជូននូវតម្លៃសមរម្យដល់កសិករ ។

កសិករនៅឯខាងស្រុកពេជ្រាដា ថាតម្លៃកាហ្វេស្ងួតលក់បានរហូតដល់ទៅ ១ ម៉ឺនរៀល បើធៀបនឹងឆ្នាំមុន គឺលក់បានតម្លៃថ្លៃបំផុតត្រឹមតែ ៧ ពាន់រៀលប៉ុណ្ណោះ ។ កសិករឈ្មោះ រ៉ូយ ទើបរស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា គ្រួសាររបស់គាត់មានផ្ទៃដីដាំកាហ្វេចំនួន ៨ ហិកតា ហើយសព្វថ្ងៃកំពុងប្រមូលផល ។

លោក រ៉ូយ ទើប បន្តថា កាហ្វេជាដំណាំមួយប្រភេទងាយស្រួលដាំនឹងថែទាំ មិនពិបាកដូចដំណាំម្រេចទេ ។ ចំណែករយៈពេលនៃការប្រមូលផល មានរយៈពេល ២ ឆ្នាំកន្លះ ដោយគិតចាប់ពីថ្ងៃដាំ ។

កសិករដដែលបានបញ្ជាក់ថា តម្លៃកាហ្វេកាលពីឆ្នាំ ២០១៧ បានត្រឹម ៦ ពាន់រៀលទៅ ៧ ពាន់រៀលប៉ុណ្ណោះ តែនៅឆ្នាំនេះគាត់អាចលក់បានតម្លៃមួយគីឡូក្រាមរហូតដល់ ១ ម៉ឺនរៀល ចំពោះគ្រាប់កាហ្វេស្ងួត ឯគ្រាប់កាហ្វេស្រស់វិញក្នុងមួយគីឡូក្រាមតម្លៃ ៤ពាន់រៀល ដែលបានធ្វើឲ្យគាត់រួម នឹងកសិករដទៃទៀត ទទួលបានផលចំណេញច្រើនពីដំណាំនេះ ។ ចំណែកទិន្នផលដែលទទួលបាន គឺមួយហិកតា បានគ្រាប់កាហ្វេស្រស់ប្រមាណ ៧ ទៅ ៨ តោន ហើយបើហាលស្ងួតអាចនៅសល់ត្រឹម ៤ ទៅ ៥ តោន ។

តំណាងក្រុមហ៊ុន Coffe Timor ប្រចាំខេត្តមណ្ឌលគិរី លោក យស ចាន់ថា បានឲ្យដឹងថា ក្រុមការងាររបស់លោកបាននឹងកំពុងបង្កើនសកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជាដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅក្រៅប្រទេស ហើយទទួលបានតម្លៃថ្លៃ ។

លោក បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោក បានចុះធ្វើសកម្មភាពជួយដល់ប្រជាកសិករដាំកាហ្វេ នៅស្រុកពេជ្រាដារយៈពេល ២ ឆ្នាំមកហើយ ដោយបានផ្តល់ជាបច្ចេកទេស ឧបករណ៏ប្រើប្រាស់ ដើមទុន រួមនឹងទទួលទិញគ្រាប់កាហ្វេពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារធម្មតា ។ តែបានតម្លៃថ្លៃសម្រាប់តែគ្រាប់កាហ្វេ ដែលដាំដោយគ្មានប្រើជីកសិកម្មគីមីប៉ុណ្ណោះ ។

តំណាងក្រុមហ៊ុន Caffe Timor បានបង្ហាញពីការថែទាំកាហ្វេ គឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំងឲ្យបានក្នុង ១ គុម្ព ចំណុះទឹក ១០ទៅ ២០ លីត្រ ក្នុង១ថ្ងៃ ។ បើនៅរដូវវស្សាទឹកមិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី ។ តែបើដីស្ងួតអាចស្រោចទឹក ៣ ថ្ងៃម្ដង និងថែមជីក្នុង ១ គុម្ព ២ បង្គីសម្រាប់ជីកំប៉ុស្ត ។

គាត់បានអះអាងថា ការថែទាំកាហ្វេដិតដល់វានឹងហុចផលក្នុងរយៈពេល ៣ ឆ្នាំ នៅឆ្នាំទី ៤ ទើបគេចាប់ផ្ដើមប្រមូលផលមែនទែន ។ ដើមកាហ្វេ បើគេអាចថែទាំវាបានល្អស្រោចទឹកដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជិត ២០ ឆ្នាំ ហើយវាអាចផ្តល់ទិន្នផលប្រមាណពី ៣ ទៅ ៦ តោនក្នុងមួយហិកតា ។

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា «សព្វថ្ងៃផ្ទៃដីដាំដំណាំកាហ្វេក្នុងខេត្ត មានសរុបចំនួន ២៨៥ ហិកតា ក្នុងនោះ កាហ្វេក្រុមហ៊ុន ចំនួន ១៣៥ ហិកតា ។ ចំណែកទីផ្សារកាហ្វេសព្វថ្ងៃនេះ លោកប្រធានមន្ទីរបានឲ្យដឹងថា កំពុងមានតម្រូវការខ្ពស់ ដោយសារតែប្រជាពលរដ្ឋនិយមពិសារកាហ្វេបានយល់ដឹងច្បាស់ ពីផលប្រយោជន៏នៃកាហ្វេធម្មជាតិ និងកាហ្វេគីមីមានភាពខុសគ្នាដូចម្តេច ៕

144 Views