ជំនឿលើ«បុណ្យបារមី»របស់សម្តេចឳនៅតែដិតដាមជាប់យ៉ាងរឹងមាំក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ រហូតមកទល់បច្ចុប្បន្ន!

ជំនឿលើ«បុណ្យបារមី»របស់សម្តេចឳនៅតែដិតដាមជាប់យ៉ាងរឹងមាំក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ រហូតមកទល់បច្ចុប្បន្ន!

ប្រជារាស្ត្រខ្មែរគ្រប់រូបចងចាំមិនភ្លេចទេរយៈពេល ៧ ថ្ងៃនៃការកាន់ទុក្ខ ក្នុងការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ កាលពីល្ងាចថ្ងៃទី ២៣ តុលា ។ ពិធីជួបជុំសូត្រធម៌ដ៏ធំមួយត្រូវបានរៀបចំធ្វើឡើងនៅមុខព្រះបរមរាជវាំងដោយមានព្រះសង្ឃ ១ ម៉ឺនអង្គ និងពលរដ្ឋមកពីគ្រប់ទិសទីចំនួនជាង ១០ ម៉ឺននាក់ ។

នេះសបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយ៍ភាពរបស់សម្តេចឳ មានសភាពធំធេងខ្លាំងណាស់នៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ។ ប្រជាប្រិយ៍ភាពដ៏ខ្លាំងក្លានេះ ត្រូវគេមើលឃើញថា បានមកពីអានុភាពពីរយ៉ាង គឺភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងជំនឿលើបុណ្យបារមីរបស់ព្រះអង្គ ។

ជាការពិតណាស់ សម្តេចឳជាអង្គព្រះមហាក្សត្រ និងជាអ្នកដឹកនាំដ៏មានទេពកោសល្យម្នាក់ ដែលពិបាកនឹងមានអ្នកណាធ្វើដូច ។ ទេពកោសល្យពិសេសរបស់ព្រះអង្គគឺការចេះដាក់ខ្លួននៅកៀកកិតជាមួយប្រជារាស្ត្រសាមញ្ញ ។ ក្នុងនាមជាមហាក្សត្រ និងជាអ្នកដឹកនាំ ព្រះអង្គបានបង្ហាញឲ្យប្រជារាស្ត្របានឃើញថា ទ្រង់មិនប្រកាន់ខ្លួនថាជាក្សត្រ ដែលត្រូវនៅពីលើខ្ពស់ផុតពីប្រជារាស្ត្រឡើយ ប៉ុន្តែ ព្រះអង្គបានដាក់ខ្លួនឲ្យនៅជាប់នឹងប្រជារាស្ត្រជានិច្ច ។ ម្យ៉ាងទៀត សមិទ្ធផលធំៗ ដែលព្រះអង្គសម្រេចបានសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រ គឺជាតឹកតាងមិនអាចប្រកែកបាន ។ នេះជាសមត្ថភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងនាមជាអ្នកដឹកនាំ ។

ប៉ុន្តែ ទន្ទឹមនឹងនោះដែរ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានពលរដ្ឋខ្មែរជាទូទៅជឿថា ជាអ្នកមាន « បុណ្យបារមី » លើសពីមនុស្សធម្មតា ។ ជំនឿនេះហើយដែលបានបន្ថែមប្រជាប្រិយភាពដល់ព្រះអង្គកាន់តែខ្លាំងឡើងថែមទៀត ។ មានហេតុការណ៍ច្រើនយ៉ាងណាស់ដែលគេអាចលើកជាឧទាហរណ៍បញ្ជាក់ពីនេះបាន ។ ជាក់ស្តែង តាំងពីព្រះអង្គស្ថិតនៅជាអ្នកដឹកនាំសង្គមរាស្ត្រនិយម ពលរដ្ឋខ្មែរជាទូទៅជឿថា ពេលដែលព្រះអង្គយាងចេញទៅទីណាម្តងៗ មេឃក៏ចាប់ផ្តើមស្រទំគ្មានពន្លឺថ្ងៃដែលអនុញ្ញាតឲ្យព្រះអង្គបានបំពេញព្រះរាជបេសកកម្មសួរសុខទុក្ខប្រជារាស្ត្រ ដោយគ្មានការរំខានពីអាកាសធាតុ ។ ហេតុការណ៍នេះ ត្រូវបានគេជឿថា បណ្តាលមកពីបុណ្យបារមីរបស់ព្រះអង្គ ។

ជំនឿបែបនេះនៅតែដិតដាមជាប់យ៉ាងរឹងមាំក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ ជាទូទៅរហូតមកទល់បច្ចុប្បន្នដោយឥតប្រែប្រួល បើទោះបីជាសង្គមមានការវិវឌ្ឍយ៉ាងណាក៏ដោយ ។ ជាក់ស្តែង ពេលដែលបានទទួលព័ត៌មានស្តីពីការសោយទិវង្គតរបស់ព្រះអង្គ កាលពីថ្ងៃទី១៥តុលា ពលរដ្ឋខ្មែរជាទូទៅបាននាំគ្នាសម្តែងក្តីរន្ធត់តក់ស្លុតយ៉ាងខ្លាំង ។ មហាជនរាប់លាននាក់ ដែលចេញមកដង្ហែព្រះបរមសពរបស់សម្តេចឳកាលពីថ្ងៃទី១៧ តុលា គឺជាឧទាហរណ៍មិនអាចប្រកែកបានអំពីទឹកចិត្តគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះអង្គសម្តេចឳ ។

លើសពីនេះ មានហេតុការណ៍មួយចំនួនដែលមហាជនខ្មែរនៅតែចាត់ទុកជា « អព្ភូតហេតុ » ដ៏អស្ចារ្យដែលភ្ជាប់ទៅនឹងបុណ្យបារមីរបស់ព្រះអង្គ ។ ឧទាហរណ៍ មហាជនបាននាំគ្នាផ្អើលនិយាយថា មេឃបានប្រែក្លាយជាស្រទំនៅពេល ដែលព្រះបរមសពរបស់ទ្រង់បានមកដល់ព្រលានយន្តហោះ ។ បន្ទាប់មកទៀត មហាជនទូទាំងប្រទេសបាននាំគ្នាផ្អើលមើលព្រះចន្ទកាលពីយប់ថ្ងៃទី ២១ តុលា ដោយពួកគេអះអាងថា បានឃើញព្រះភក្ត្រ័សម្តេចឳនៅក្នុងផ្ទៃព្រះចន្ទ ។

ទោះជាគ្មានអ្វីមកបញ្ជាក់ឲ្យបានច្បាស់លាស់, ទោះជារឿងពិត ឬ មិនពិត ? ទោះជាសមហេតុផល ឬ មិនសម ? និង ទោះជាអ្នកខ្លះចាត់ទុកជាជំនឿហួសសម័យ ប៉ុន្តែ នេះជាអ្វី ដែលមហាជនខ្មែរជាទូទៅនៅតែជឿយ៉ាងមុតមាំ ហើយជាជំនឿចេញពីបេះដូង ។ ដូច្នេះ គេប្រាកដជាអាចនិយាយបានថា ប្រជាប្រិយ៍ភាពគ្មានគូរប្រៀបរបស់អង្គសម្តេចឳ ពិតជាបានមកពីអានុភាពក្នុងខ្លួនផង និងក្រៅខ្លួនផងរបស់ព្រះអង្គ ។ ជំនឿនេះ នៅតែមានឥទ្ធិពលយ៉ាងខ្លាំង និងបានចាក់ ឬសយ៉ាងជ្រៅទៅក្នុងសង្គមតាំងពីយូរយាណាស់មកហើយ ៕

75 Views