ម្ចាស់សណ្ឋាគារអង្គរអេរ៉ា បានលួចលាក់ធ្វើអាជីវកម្មកែច្នៃ និង ស្ងោរចំហុយឈើប្រណិត ដោយខុសច្បាប់ជាង១០ឆ្នាំមកហើយ គ្មានលោកធំណាម្នាក់ហ៊ានក្អកទេ!

ម្ចាស់សណ្ឋាគារអង្គរអេរ៉ា បានលួចលាក់ធ្វើអាជីវកម្មកែច្នៃ និង ស្ងោរចំហុយឈើប្រណិត ដោយខុសច្បាប់ជាង១០ឆ្នាំមកហើយ គ្មានលោកធំណាម្នាក់ហ៊ានក្អកទេ!

សៀមរាប៖
បើយោងតាមសេចក្ដីរាយការណ៍ ពីបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន បានបង្ហាញថា អស់រយះពេលជាង ១០ ឆ្នាំមកហើយនៅក្នុងទីតាំងសណ្ឋាគារអង្គរអេរ៉ា បានលួចលាក់ធ្វើអាជីវកម្មកែច្នៃ និងស្ងោរចំហុយឈើប្រណិតគ្រប់ប្រភេទ ដោយខុសច្បាប់ ដូចជា ឈើបេងធ្នង់ នាងនួន ក្រញូងជាដើម ដើម្បីនាំយកទៅលក់នៅក្រៅប្រទេស ។ រីឯមន្ត្រីជំនាញមេព្រៃ និងអ្នកធំក្នុងខេត្ត១នេះ បានសម្ងំដេកលក់ស្ងាត់ឈឹងជាង១០ឆ្នាំមកហើយដែរ មិនដែលឃើញចុះបង្ក្រាបម្តងណាទេ ។

ប្រភពព័ត៌មាន បានរាយការណ៍ថា ម្ចាស់សណ្ឋាគារនេះបានប្រមូលទិញឈើប្រណីតតាប់ និង សន្លឹកជាង១០ ឆ្នាំមកហើយ ដោយមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងជំនាញមេព្រៃ ខេត្តសៀមរាប ហើយសង្ស័យពួកមន្ដ្រី ទាំងនេះ បានទទួលផលប្រយោជន៍លាភសក្ការៈ ដុំកំភួនថែមទៀតផង ។ ថៅកែសណ្ឋាគារអង្គរអេរ៉ា ដ៏មានឥទ្ធិពលម្នាក់នេះ មកពីខេត្តកំពង់ចាម ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា សព្វថ្ងៃនេះថៅកែសណ្ឋាគារបានប្រគល់ការងារទៅអោយបុរសម្នាក់ឈ្មោះ ស៊ី ណា ជាអ្នករ៉ាប់រងប្រមូលទិញចូលឈើប្រណិតប្រភេទបេង ធ្នង់នាងនួន ដើម្បីយកមកស្ងោរក្នុងទ្បអោយស្វិតរួចហើយផែច្រៀកដោយម៉ាស៊ីនទំនើបកែច្នៃធ្វើជាគ្រឿងសង្ហារឹម រាងជាបន្ទះៗ ដើម្បីដឹកជញ្ជូនតាមរថយន្ដយកទៅលក់នៅក្រៅប្រទេស ។

សណ្ឋាគារលំដាប់ផ្កាយប្រាំ ឈ្មោះ ANGKOR ERA ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបានរកស៊ីជួញដូរឈើប្រណិតយ៉ាងសម្បើមអស្ចារ្យ ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានទៅរំខាន ឬ រារាំងមុខរបរដ៏កាក់កបនេះឡើយ ។ សត្វថ្ងៃឈើប្រណិតរាប់រយម៉ែត្រគីបមានប្រភេទ ធ្នង់ នាងនួន បេង ពិសេស ក្រញូង កំពុងត្រូវបានរក្សា និងស្តុកទុកផ្នែកខាងក្នុងបរិវេណអូតែលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមួយថ្ងៃៗគេឃើញ មានរថយន្តដឹកឈើប្រណិតគ្រប់ប្រភេទ ចូលដូចហែរកឋិន ។

តាមប្រភពព័ត៌មានពីឈ្នួញរកស៊ីប្រចាំខេត្តសៀមរាប ដែលនិយាយក្នុងលក្ខខ័ណមិនបញ្ចេញឈ្មោះ ធ្លាប់បាននិយាយឲ្យដឹងថា កន្លងមកឈើរបស់គេបានលក់ទៅអោយថៅកែសណ្ឋាគារអេរ៉ា មានចំនួនរាប់សិបម៉ែត្រគូប ហើយជាក់ស្តែងឈើនៅសល់ជាច្រើនម៉ែត្រគូបទៀត ដែលនៅជំពាក់គេ តែគេមិនខ្វល់ទេ ក្នុងការរកស៊ីឈើជាមួយលោកប្រធាន លី ស៊ីណាថៅកែ សណ្ឋាគារអង្គរអេរ៉ា ព្រោះថ្លៃថ្នូរណាស់ ហើយជួយលាក់ការបានខ្ពស់ទៀតផង ព្រោះនៅពេលណាមាន សមត្ថកិច្ចមកសួរនាំខាងសណ្ឋាគារគេថា ទិញឈើមានច្បាប់ ដើម្បី ផ្គត់ផ្គង់សំណង់សណ្ឋាគារ តែការពិត គឺទិញសុទ្ធតែឈើអត់ច្បាប់ដើម្បីទៅលក់យកចំណេញបន្ត ។

ប្រភពបានបន្តទៀតថា ខាងសណ្ឋាគារដែលជាអ្នកកម្មង់ទិញបានប្រាប់ថា បើលក់ឈើអោយគេកុំខ្លាចអី ព្រោះគេមានខ្សែស្រឡាយអ្នកធំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី ហើយសូម្បីតែគាត់ក៏មានងារជាឯកឧត្តមដែរ និងនៅភ្នំពេញក៏គេជាន់ផ្អៀងដែរ អ្នកណាមួយ ដែលគេមិនស្គាល់ថៅកែខារ៉ាអូខេ ស៊ូល នៅម្តុំ T85 នោះ ។

ជាង១០ឆ្នាំ រហូតមកដល់ថ្ងៃនេះ មិនមានសមត្ថកិច្ចណាម្នាក់ ហ៊ានក្អកជាមួយគេផង នោះគឺមកពីខ្លាចឥទ្ធិពលខ្សែស្រឡាយអ្នកធំហ្នឹងឯង ជាពិសេសទៅទៀតនោះ ។ មួយវិញទៀត បើយើងកត់សំគាល់មើលទៅមួយថ្ងៃៗ គេឧស្សាហ៍ឃើញសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានតាំងពីខាង មេព្រៃ ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលីសេដ្ឋកិច្ចក្រសួង ប៉េអឹមខេត្ត ប៉េអឹមផ្ទៃប្រទេសដែលទាំងអស់នោះ សុទ្ធសឹងជាអ្នកទទួលបន្ទុកបង្ក្រាប បទល្មើស ពិសេសមន្ត្រីសាលាខេត្តចូលទៅហាត់ប្រាណ ឬ ស្ទីមនៅក្នុងសណ្ឋាគារអេរ៉ា តែហេតុអ្វីបានជាមិនដឹងថា នៅក្នុងសណ្ឋាគារមានការជួញដូរឈើប្រណិតមកពីត្រូវថ្នាំសណ្តំរបស់លោក លី ស៊ីណា ថៅកែសណ្ឋាគារអស់ហើយ ។

អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងទៅលោក លី ស៊ីណា ម្ចាស់សណ្ឋាគារ អង្គរអេរ៉ា ដើម្បីបំភ្លឺបញ្ហានេះនៅឡើយទេ ។ ហើយមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធជាពិសេស អាជ្ញាធរខេត្តសៀមរាប ដែលបានដេកលក់ក្នុងរឿងនេះ ជាង១០ឆ្នាំមកហើយ ៕

ដោយ គឹម សារឿន 017 70 75 07, 088 55 35 950

79 Views