ទូកអូសលៀសដោយម៉ាស៊ីនធំៗជាច្រើនគ្រឿង កំពុងបំផ្លាញធនធានជលផលនៅកោះតាបរ លោកនាយផ្នែកជលផលផាត់សណ្តាយថា ពិបាកបង្ក្រាបខ្លាំងណាស់!

ទូកអូសលៀសដោយម៉ាស៊ីនធំៗជាច្រើនគ្រឿង កំពុងបំផ្លាញធនធានជលផលនៅកោះតាបរ លោកនាយផ្នែកជលផលផាត់សណ្តាយថា ពិបាកបង្ក្រាបខ្លាំងណាស់!

ខេត្តកំពង់ធំ៖ មន្ត្រីជលផល បាននិយាយដូចៗគ្នាថា៖ នៅក្នុងច្បាប់ស្តីពីជលផលបានអនុញ្ញាតឲ្យអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃតែប៉ុណ្ណោះ។ ចំពោះមុខរបរអូសលៀសដោយម៉ាស៊ីនធំៗជាលក្ខណៈសិប្បកម្ម គឺជាអំពើខុសច្បាប់ត្រូវហាមឃាត់ ព្រោះវាបំផ្លាញធនធានជលផលជាតិ មានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាដើមនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជម្រកត្រី។

កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិយាយថា ការអូសលៀសជាលក្ខណៈគ្រួសារក្នុងបឹងទន្លេសាប នៅចំណុចកោះតាបរ អ្នកប្រកបមុខរបរអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃនោះគ្មានទៀតទេ។ ដោយហេតុថា ក្នុង១ថ្ងៃៗពួកគាត់អាចអូសលៀសបានពី ១០០ ទៅ ១៥០គីឡូ ស្នើនឹិង៣ការ៉ុង តែប៉ុណ្ណោះ ហើយមុខរបរនេះរកបានតែ ក្នុងរដូវទឹកស្រកប៉ុណ្ណោះ ព្រោះក្នុងរដូវវស្សាខែទឹកឡើង ទឹកជ្រៅ និងទឹកហូរមិនអាចរកបានឡើយ។ ចំពោះមុខរបរអូសលៀស នេះ គឺមានការលំបាក ត្រូវព្យាយាមតស៊ូនៅក្រោមកំដៅថ្ងៃ កណ្តាលទន្លេរៀងរាល់ថ្ងៃ។

ម្យ៉ាងទៀត ពេលរកលៀសបានត្រូវដឹកយកទៅលក់ដុំអោយឈ្មួញនៅមាត់កំពង់ផ្សារភូមិឆ្នុកទ្រូ។ ចំណែកឈ្មួញគេបានដឹកលៀសយកទៅលក់នៅតាមបណ្តាទីប្រជុំជនតាមផ្សារនៅខេត្តនានា បានថ្លៃទ្វេរដង តាមទីជិតឬឆ្ងាយ ចំណែកអ្នកហាលលៀសលក់រាយវិញ លក់បានថ្លៃក្នុង១កំប៉ុង១៥០០ ទៅ ២០០០រៀល ។

ប្រជានេសាទអូសលៀសជាលក្ខណៈគ្រួសារ សុំសំណូមពរដល់សមត្ថកិច្ចជលផលមេត្តាជួយទប់ស្កាត់ និងបង្ក្រាបអ្នកអូសលៀសខុសច្បាប់ដោយម៉ាស៊ីនធំៗ ជាច្រើនគ្រឿងផងដែរ នៅក្នុងភូមិសាស្ត្រកោះតាបរ ដែលក្នុង១ថ្ងៃៗពួកគេអាចអូសលៀសបានរាប់សិបតោនដឹកយកមកលក់អោយឈ្មួញ ដែលធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលជាតិ ។

ដោយឡែកលោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ បានឲ្យដឹងថា៖ អ្នកអូសលៀសភាគច្រើនមកពីឆ្នុកទ្រូ សមត្ថកិច្ចពិតជាជួបការលំបាកក្នុងការទប់ស្កាត់ និងបង្ក្រាបខ្លាំងណាស់ ព្រោះបទល្មើសជលផលត្រូវតែបង្ក្រាបក្នុងពេលប្រព្រឹត្តជាក់ស្តែង ប៉ុន្តែកំលាំងជលផលយើងមានគ្នាតិច ពួកអ្នកប្រព្រឹត្តបទល្មើសមានគ្នាច្រើន ឥលូវនេះ យើងកំពុងតែស្នើកម្លាំងចម្រុះ ចុះបង្រាប ចាប់ផាកវិន័យ តាមច្បាប់ជលផល ៕

84 Views