ការបំពាក់ម៉ាស៊ីនធំៗលើទូក ហើយប្រើកញ្ចែ្រងអូសលៀស គឺជាឧបករណ៍មួយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ តែមន្ត្រីជលផលបិទភ្នែកដេកលក់អស់ !

ការបំពាក់ម៉ាស៊ីនធំៗលើទូក ហើយប្រើកញ្ចែ្រងអូសលៀស គឺជាឧបករណ៍មួយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ តែមន្ត្រីជលផលបិទភ្នែកដេកលក់អស់ !

ខេត្តកំពង់ធំ ៖
ការបំពាក់ម៉ាស៊ីនលើទូកហើយប្រើកញ្ច្រែងអូសលៀសដោយម៉ាសីុន គឺជាឧបករណ៍មួយខុសច្បាប់ស្តីពីច្បាប់ជលផល ប៉ុន្តែទូកដែលបំពាក់ឧបករណ៍របៀបនេះមានប្រមាណជាង ១០ គ្រឿង ដែលកំពុងប្រព្រឹត្តល្មើសខុសច្បាប់រាល់ថ្ងៃ នៅចំណុចកោះតាបរ បឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី ២៥ ខែ តុលា ២០១៨ គេឃើញទូកឈ្មួញទិញលៀស និងទូកអ្នកអូសលៀស ដោយម៉ាស៊ីននេះ បានមកប្រមូលទិញលៀសតាមទូក ដែលកំពុងអូស នៅចំណុចកោះតាបរ ក្បែរស្នាក់ការ លោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ ។

យោងតាមប្រភពពីអ្នករកស៊ីអូសលៀស ដោយម៉ាស៊ីន ដែលភាគច្រើនជាជនជាតិវៀតណាមបានឱ្យដឹងថា ថៅកែលៀសបានរត់ការបង់លុយឱ្យសមត្ថកិច្ចជំនាញ ដើម្បីឱ្យពួកគាត់ចេញអូសលៀស ប៉ុន្តែអូសបាន ត្រូវតែយកមកលក់ឱ្យថៅកែ ។

ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងប្រមូលទិញលៀសនោះ បាននិយាយថា ក្នុងមួយថ្ងៃៗ ឈ្មួញទិញលៀសបានជាច្រើនការុង ហើយយប់ឡើង ទើបមានរថយន្តដឹកចេញយកទៅលក់នៅឧត្តុង្គ ឬ ភ្នំពេញ ។

នៅក្នុងបឹងទន្លេសាប យើងមិនអាចទាក់ទង លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ សុំការបកស្រាយតាមទូរស័ព្ទបានទេ នៅរសៀលនេះ ។

សូមបញ្ជាក់ថា ក្នុងច្បាប់ជលផលមាត្រាទី ២០ ចំណុច ១៤ គឺហាមដាច់ខាតចំពោះការនេសាទគ្រប់ប្រភេទ នៅក្នុងដែននេសាទ ដោយប្រើឧបករណ៍នេសាទទំនើបៗ នាំមកនូវការបំផ្លាញមច្ឆាជាតិ ។ ដូច្នេះការប្រើឧបករណ៍អូសលៀសដោយម៉ាស៊ីន គឺខុសនឹងច្បាប់ជលផល ៕

102 Views