ពលរដ្ឋខ្មែរមកពីគ្រប់ទិសទី អញ្ជើញចូលរួមពិធីឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តព្រះអង្គធំ លើខ្នងភ្នំគូលែន អធិកអធមក្រៃលែង !

ពលរដ្ឋខ្មែរមកពីគ្រប់ទិសទី អញ្ជើញចូលរួមពិធីឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តព្រះអង្គធំ លើខ្នងភ្នំគូលែន អធិកអធមក្រៃលែង !

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នេះ ជាថ្ងៃសីល ប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិតជា បានចូលរួមក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ នៅតាមទីអារាមនានាទូទាំងប្រទេស ។

ដោយឡែកនៅវត្តព្រះអង្គធំ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប វិញ ប្រជាពលរដ្ឋជាពុទ្ធសាសនិកជន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងបរិយាកាសអធិកអធមក្រៃលែង ។

នៅក្នុងថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ នេះដែរលោកយាយ លោកតា និង លោក លោកស្រី ញាតិមិត្ត ជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តយ៉ាងអធិកអធមក្រៃលែង។

នៅលើសាលាឆ័ន ក្មេងចាស់ ប្រុសស្រី បានអញ្ជើញអុជធូប ទៀន ថ្វាយផ្កាភ្ញី បូជាព្រះពុទ្ធរូបព្រះអង្គធំ គ្រប់គ្នា ជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រៃ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើងថ្កាន ជាពិសេស នឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញ្ញាណ និងព្រះធម៌ដ៏វិសេសវិសាល បន្សល់ទុកឱ្យកូនចៅ ដែលកាន់សាសនាព្រះពុទ្ធ បានគោរពប្រតិ្តបត្តិចាប់តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន និងយាងចូលនិព្វាន្ត ព្រះសម្មាសម្ពុទ្ធបានកំណត់សាសនារបស់ព្រះអង្គ ក្នុងរយៈពេល ៥ពាន់ព្រះវស្សា ។

បន្ទាប់ពីថ្វាយគន្ធពិដោរ ដល់ព្រះបដិមាគ្រប់អង្គរួចមក លោក លោកស្រី ញាតិមិត្តគ្រប់ក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ ទាំងអស់បានអញ្ជើញប្រារព្ធ បទនមស្ការព្រះរតនត្រៃ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំព្រះសង្ឃ និងសមាទានសីលទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមកិច្ចដឹកនាំរបស់គណៈកម្មការអាចារ្យវត្ត ។

ពិធីបុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥ រោច ខែភទ្របទ ។ ពិធីនេះមានអាយុកាលយូរលង់ណាស់មកហើយ ដោយគោរពប្រត្តិបត្តិតាមពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលតម្រូវឱ្យពុទ្ធបរិស័ទ ទូទៅមានឱកាសបានធ្វើបុណ្យចែកទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជនមានមាតាបិតា ជូនដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ដើម្បីបានមកទទួលមគ្គផលកុសល ផលបុណ្យនៅរដូវបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ។

មានជំនឿតៗគ្នាមកថា ក្នុងរយៈពេល១៥ថ្ងៃនេះ វិញ្ញាណក្ខ័ន្ធសាច់សាលោហិត ដែលបានចែកឋានទៅ នឹងត្រូវបញ្ជូនឱ្យមកទទួលម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ ដែលកូនចៅឧទ្ទិសជូនតាមរយៈព្រះសង្ឃ នៅតាមវត្តអារាមនានា ហើយបើវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ រកមិនឃើញ កូនចៅ ឬ សាច់សាលោហិតរបស់ខ្លួន នៅគ្រប់៧វត្ត ពួកគេនឹពួកគេនឹងមានការសោកសង្រែង ដែលមួយឆ្នាំម្តង មិនមានកូនចៅណាធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគេ ។

អាស្រ័យដោយមានជំនឿយ៉ាងដូច្នេះ ទើបប្រទើបប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកគោរពប្រត្តិបត្តិព្រះពុទ្ធសាសនារៀងរហូត មកនៅក្នុងពិធីបុណ្យកាន់បិណ្ឌ ឬ ពិធីបុណ្យភ្ជុំបិណ្ឌម្តងៗ តែងតែនាំគ្នា យកនូវចង្ហាន់នំចំណី ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខ័ន្ធ បុព្វការីជន របស់គេរៀងៗខ្លួន ។

ម្យ៉ាងទៀត ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក៏ជាពិធីមួយ ដែលបានចូលរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អត្តសញ្ញាណរបស់ខ្មែរ ក៏ដូចជាបន្តបណ្តុះនូវផ្នត់គំនិតនៃវប្បធម៌សាមគ្គីគ្នា គោរពស្រឡាញ់គ្នា ក្នុងមហាគ្រួសារខ្មែរ មានចិត្តសទ្ធាជ្រះថ្លា ចេះជួយគ្នាទៅវិញទៅមក ចេះធ្វើបុណ្យ ធ្វើទានសន្សំកុសលសម្រាប់អនាគតជាតិ ក៏ដូចជាជួយរួមចំណែកផ្គត់ផ្គង់ដល់ព្រះសង្ឃ សាមណេរគ្រប់អង្គ ដែលគង់ចាំព្រះវស្សា សិក្សារៀនសូត្រធម៌វិន័យនៅតាមទីអារាមនីមួយៗ ដែលមិនអាចនិមន្តចេញទៅបិណ្ឌបាតបាន ដោយសាររដូវនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ខ្លាំង ។

ទន្ទឹមនឹងនេះ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌក៏ជាឱកាសដ៏៏ថ្លៃថ្លាបំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានមកជួបជុំគ្នាតាមគ្រួសារនីមួយៗ ដើម្បីសម្តែងនូវការនឹករលឹកចំពោះគ្នាទៅវិញទៅមក រវាងកូនចៅជាមួយមាតា បិតា ជីដូន ជីតា ញាតិមិត្តក្រុមគ្រួសារទាំងអស់ ដែលបានឃ្លាតទៅបំពេញការងារឆ្ងាយៗរៀងៗខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ៕

293 Views