រឿងអាស្រូវរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ ក្រោមខ្សែភ្នែកលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល មិនអាចបិទបាំងជិតទេ !

រឿងអាស្រូវរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ ក្រោមខ្សែភ្នែកលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល មិនអាចបិទបាំងជិតទេ !

ខេត្តបន្ទាយមានជ័យ:

ប្រភពពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកមួយចំនួន បានអំពាវនាវ សុំឲ្យឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើល រឿងអាស្រូវរឿងអាស្រូវរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ ក្រោមខ្សែភ្នែកលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ជាបន្ទាន់ ។
ដោយហេតុថា ថ្មីៗនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល កំពុងធំក្លិនស្អុយ បញ្ច្រាសខ្យល់ ត្រូវបានមន្ត្រីតូចតាច នៅក្រោមឱវាទ បើកកកាយ ពីរឿងអាស្រូវពុករលួយ ប្រមូលលុយ តាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមាន ធ្វើបាន ផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម ។ ដោយសារតែអំពើពុករលួយ របស់មន្ត្រី ដៃដប់ជើងម្ភៃ ទាំងនោះហើយ ទើបឈ្មួញខិលខូច អាចនាំទំនិញ ខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និង ចំណីអាហារមានផ្ទុកសារធាតុគីមី មកលក់ចែកចាយពេញ ទីផ្សារ ក្នុងប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋខ្មែរ ។

ប្រភពពី បណ្តាញផ្សព្វផ្សាយ ព័ត៌មានមួយចំនួន និង មន្ត្រីតូចតាចខ្លះនៅក្នុង អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហើបថា ការដែលមន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិ ឬ ច្រកព្រំដែន ជាប់ព្រំប្រទល់យួន-សៀម ហ៊ានឃុបឃិត ឲ្យឈ្មួញ នាំចូលទំនិញខូចគុណ ទំនិញហួសកាលកំណត់ ប្រើប្រាស់ បន្លែបង្ការ មានផ្ទុកសារធាតុគីមី ដូចជា សាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និង ប្រហិត មានលាយសារធាតុគីមីជាដើម គឺដើម្បីប្រមូលលុយ យកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់ ។
មន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួន ក៏បានបង្ហើបឲ្យ ដឹងដែរថា ពួកគេត្រូវបង់លុយ តាមការកំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ ។ ហេតុនេះហើយ ទើបពួកគេហ៊ានធ្វើអ្វីៗ គ្រប់យ៉ាង តាមតែអំពើចិត្ត ដោយមិនខ្វល់ និងច្បាប់ប្រឆាំងអំពើពុករលួយអ្វីឡើយ ។
មន្ត្រីតូចតាច ក្នុងអគ្គនាយកដ្ឋានកាំកុងត្រូល មួយចំនួនទៀត បានលើកឡើងថា ចាប់តាំងពី ទទួលបានតំណែង ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពានិជ្ជកម្ម រួចមកលោក ម៉ក់ ពេជ្ជរិទ្ធ បានប្រើអំណាច ប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយ តាមគ្រប់រូបភាព គ្មានញញើតអ្វីទាំងអស់ ។
ជាក់ស្តែង តាំងពីដើមឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ មន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀង ជាប់ព្រំដែនយួន-សៀម បានបើកដៃឲ្យឈ្មួញ នាំចូល ទំនិញខូចគុណភាព ចំណីអាហារ មានលាយសារធាតុគីមី បន្លែបង្ការ មានផ្ទុកសាធាតុគីមី និង ជ្រូកក្រហម ជ្រូកត្រចៀកខៀវ ចូលប្រទេសកម្ពុជា យ៉ាងពេញបន្ទុក រកទីបបញ្ចប់គ្មាន ។
តួយ៉ាងដូចជា នៅខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវបានបណ្តាញផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន ចុះផ្សាយលាតត្រដាង ជាបន្តបន្ទាប់ អំពីក្លិនស្អុយ របស់លោក សាន វិជ្ជាសារ៉ាវុធ ។
ប្រភពព័ត៌មានខ្លះ បានបង្ហាញថា ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចំណាយប្រាក់ប្រមាណ ជាង៣០០០ដុល្លារ ដើម្បីបិទបាំង ក្លិនស្អុយបញ្ច្រាសខ្យល់ របស់ខ្លួន ។
ប្រភពព័ត៌មានខ្លះទៀត បានប្រាប់ថា លោក សាន វិជ្ជាសារ៉ាវុធ កន្លងមក បានដឹកនាំ បែបបក្សពួកនិយម គាបសង្កត់មន្ត្រី ក្រោមឱវាទ បណ្តេញមន្ត្រី ក្របខណ្ឌ ឲ្យទៅធ្វើការពិនិត្យរទេះ និង ពិនិត្យឡានតាមផ្លូវ គឺមិនឲ្យដឹងពីល្បិចកល របស់ខ្លួនឡើយ ។ មិនតែប៉ុណ្ណោះ លោក សាន វិជ្ជាសារ៉ាវុធ បានជួល ជនស៊ីវិល ត្រូវជាសាច់ញាតិខ្លួន ចំនួន ២នាក់ ឲ្យមកធ្វើការ ជំនួសមន្ត្រី ក្របខណ្ឌទៅវិញ ។ ហើយ ឃុបឃិតជាមួយឈ្មួញធំៗ នាំចូលទំនិញ គ្រប់ប្រភេទ ដូចជា គ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និងប្រហិត ជាដើម ។ល។ ដោយនាំចូលពីថៃ តាមច្រកប៉ោយប៉ែត និងតាមច្រករបៀងផ្សេងទៀត គ្មានការត្រួតពិនិត្យ ត្រឹមត្រូវឡើយ ។ គឺតម្រូវឲ្យឈ្មួញ បង់លុយប្រចាំខែ រាប់តែក្បាលឡាន យកលុយ ឈរលើគំនរទុក្ខ និង បំផ្លាញសុខភាពពលរដ្ឋខ្មែរ ស្ទើរមួយនគរ ។
គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗនេះ គេបានឃើញលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលើកទី២ មិនដឹងថា មកធ្វើអ្វី គឺស្នាក់នៅតែក្នុងសណ្ឋាគារ យ៉ាងស្ងប់ស្ងាត់ ហើយវិលត្រលប់ទៅភ្នំពេញវិញ ដោយគ្មានវាចាមួយម៉ាត់ ។

គួរបញ្ជាក់ថា ៖ កន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យម្នាក់នេះ តែងតែយកឈ្មោះអ្នកធំនេះ អ្នកធំនោះ មក ប្រើប្រាស់ គាបសង្កត់ មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់ របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានៈស្មើអគ្គនាយក ។ ហើយការឃុប ឃិត ជាមួយឈ្មួញរកស៊ីខុសច្បាប់ ដាក់ខែ រាប់ក្បាល ឡានដឹកទំនិញ១គ្រឿង ១០០បាត/១ថ្ងៃ មានឡានប្រមាណពី ៣០០ ទៅ ៥០០ឡាន ។ លោកប្រធានសាខាកាំកុងត្រូល រូបនេះ អាចរកចំណូលក្រោមតុ ពីឈ្មួញបានរាប់ម៉ឺនបាត ។ ចំណូលទាំងនោះ លោក សាន វិជ្ជាសារ៉ាវុធ អះអាង ចំពោះមុខកូន ចៅថា មួយចំនួនគឺ ទុកសម្រាប់ដោះស្រាយក្នុងអង្គភាព ។
ពាក់ពន្ធ័ករណីខាងលើនេះ អ្នកសារព័ត៌មានយើង បាន ខលទៅសម្ភាសន៍ លោកផងដែរ កាលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ តែគួរឲ្យសោកស្តាយ ដែលទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ ។
មហាជនរង់ចាំមើលថា តើក្រសួងពានិជ្ជកម្ម និង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហ៊ានចាត់ការ មន្ត្រីដៃដប់ ជើងម្ភៃ ដូចលោក សាន វិជ្ជាសារ៉ាវុធ និង លោក ម៉ក់ ពេជ្ជរិទ្ធ ដែលកំពុងធំក្លិនស្អុយ បញ្ច្រាសខ្យល់ដែរឬទេ ? ៕
ដោយ គឹម សារឿន០១៧ ៧០ ៧៥ ០៧

335 Views