សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្ដម ជា សុផារ៉ា ចុះត្រួតពិនិត្យ សកម្មភាពចាក់ដី រំលោភចូលឆ្នេរសមុទ្រខ្មែរ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្ដម ជា សុផារ៉ា ចុះត្រួតពិនិត្យ សកម្មភាពចាក់ដី រំលោភចូលឆ្នេរសមុទ្រខ្មែរ

ខេត្តព្រះសីហនុ ៖
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី ១៨ កញ្ញា ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គឺអនុវត្តន៍តាមបទបញ្ជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះទៅត្រួតពិនិត្យ សកម្មភាពចាក់ដី រំលោភចូលឆ្នេរសមុទ្រខ្មែរ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដី ដែលបានចាក់បំពេញ យកចេញវិញ និងរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើម

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបានអោយដឹងថា ៖ គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមាន ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និង ចាត់វិធានការ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ ។

ឯកឧត្តមរដ្ឋមន្ដ្រីបានបន្តទៀតថា ក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់ ១០០ម៉ែត្រ ឬ ឆ្ងាយជាងនេះ ។ រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុន បំផ្លាញឆ្នេរដ៏ស្រស់ស្អាត ដែលកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ ។

ឯកឧត្តម ជា សុផារ៉ា ជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា « ដោយអនុវត្តន៍នូវបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវផ្អាកសកម្មភាពចាក់អាចម៍ដី រំលោភចូលឆ្នេរសមុទ្រ និង ត្រូវកាយយកអាចម៍ដី ដែលចាក់រួចចេញឲ្យអស់ ដើម្បីរក្សាបាននូវស្ថានភាពដើមវិញ »។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បាននិយាយថា ក្រុមហ៊ុន ដែលចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍ខ្មែរ របស់លោកស្រី ជឹង សុភាព ហៅ យាយភូ ។ ប៉ុន្តែ មន្ត្រីនៅសាលាខេត្តបានអះអាងនៅថ្ងៃទី ១៨ កញ្ញា នេះថា ឯកឧត្តម យន្ត មីន បានអញ្ជើញទៅចូលរួមកម្មវីធី ជាផ្លូវការ នៅប្រទេសចិន ជាច្រើនថ្ងៃមកហើយ ៕

63 Views