ឈើក្នុងតំបន់ព្រៃព្រះរការ ខេត្តព្រះវិហារ កំពុងរងការកាប់ធ្វើអាជីវកម្មម៉ាសេរី ក្រោមស្នាដៃ មន្ត្រីបរិស្ថាន និង មន្ត្រីរដ្ឋបាល ព្រៃឈើខេត្ត!

ឈើក្នុងតំបន់ព្រៃព្រះរការ ខេត្តព្រះវិហារ កំពុងរងការកាប់ធ្វើអាជីវកម្មម៉ាសេរី ក្រោមស្នាដៃ មន្ត្រីបរិស្ថាន និង មន្ត្រីរដ្ឋបាល ព្រៃឈើខេត្ត!

ខេត្តព្រះវិហារ :
ព្រៃព្រះរកា ដែលជាតំបន់ប្រជុំ ៣ស្រុក គឺស្រុកឆែប ស្រុកជាំក្សាន្ត និង ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាព្រៃធំទី ២ របស់ប្រទេសខ្មែរ បន្ទាប់ពីព្រៃឡង់ ។ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃព្រះរការ កំពុងទទួលរងការកាប់ ធ្វើអាជីវកម្មខុសច្បាប់យ៉ាងធ្ងន់ធ្ងរពីក្រុមឈ្មួញ និង ក្រុមអ្នកមានអំណាចខ្លះ ហើយ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និង បរិស្ថាន មិនហ៊ានបង្ក្រាបនោះទេ ។

អ្នកកាប់ឈើខុសច្បាប់ យកទៅលក់ដូរ យកម៉ាស៊ីនអារឈើ ចូលក្នុងព្រៃព្រះរការ តាមភូមិពោន៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែប ខេត្តព្រះវិហារ យ៉ាងអនាធិបតេយ្យ ដូចជា ឈ្មោះ រស់ សុធី ត្រូវជាកូនប្រសារ លោក ស្រ៊ាង ស្នងការរងខេត្ត និង លោក ដេវីត មេការប្រមូលទិញឈើឲ្យលោក ហូឡា សោភ័ណ្ឌ ជាមេឧក្រិដ្ឋជន ព្រៃព្រះរការ យូរឆ្នាំមកហើយ គ្មានសមត្ថកិច្ចណាហ៊ានចាត់ការឡើយ ។

ប្រជាពលរដ្ឋ ដែលស្រឡាញ់ព្រៃឈើខ្លះ នៅខេត្តព្រះវិហារ ព្រួយបារម្ភថា៖ ដើមឈើធំៗក្នុងតំបន់ព្រៃព្រះរការ រួមទាំងដើមច្បោះជ័រ របស់ប្រជាពលរដ្ឋផង នឹងវិនាសហិនហោច ដោយសារតែក្រុមមេឈ្មួញ នាំមនុស្សចូលទៅកាប់ ហើយដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ ជារៀងរាល់ថ្ងៃយប់ គ្មានស្រាកស្រាន្ត ។

លោក ហេង ភួន មេឃុំម្លូព្រៃ១ ឱ្យដឹងថា អ្នកដែលពាក់ព័ន្ធ នឹងការប្រមូលទិញឈើទាំងនោះ មានទាំងសិប្បកម្មកែច្នៃឈើ ក្នុងស្រុក និង ក្រុមហ៊ុនផង ៖ «កាប់ដឹកជញ្ជូនលក់ ឱ្យឈ្មួញសិប្បកម្មអ៊ីចឹង ហើយទាំងដើមច្បោះជ័រ របស់ប្រជាពលរដ្ឋ ក្នុងឃុំម្លូរព្រៃ ១ ត្រូវបានគេលួចកាប់នៅ ពេលយប់ស្ទើរតែអស់ទាំងស្រុងទៅហើយ ។

បើយោងតាមសេចក្តីរាយការណ៍ របស់ក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា ការបំផ្លាញព្រៃឈើធ្ងន់ធ្ងរជាងគេ គឺកំពុងកើតមានជាច្រើនកន្លែង នៅក្នុងស្រុកឆែប ។

ទោះយ៉ាងណា អ្នកសារព័ត៌មានយើង មិនអាចទាក់ទងលោកលោក សេង លាង ជានាយផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីសុំការបកស្រាយជុំវិញ ព័ត៌មាននេះបានថា យ៉ាងណានៅឡើយ ដោយទូរស័ព្ទលោកខលចូល តែគ្មានអ្នកលើក កាលពីល្ងាចថ្ងៃទី ១៨ សីហា ២០១៨ នេះ ។

ណែកអ្នកដងជ័រក្នុងព្រៃព្រះរការម្នាក់ បានអះអាងថា បច្ចុប្បន្នមានមនុស្សជាច្រើនក្រុម តែងចូលទៅកាប់ឈើប្រភេទផ្ដៀក និង ឈើទាល មុខធំៗទំហំជាង ១ម៉ែត្រ និងឈើកកោះ ជាដើម៖ « ឈ្មួញមកពីខាងក្រៅ គេមកទាក់ទងឱ្យកាប់ ដល់ពេលគេកាប់បាន គឺគេដឹកយកទៅឱ្យពួកឈ្មួញ ដែលរង់ចាំទទួលទិញ » ។

ប្រភពដ៏ដែលបានចោទប្រកាន់មន្ត្រីបរិស្ថាន និង រដ្ឋបាលព្រៃឈើថា មិនបានយកចិត្តទុកដាក់បង្ក្រាប បទល្មើសព្រៃឈើទេ ដោយសារតែ អ្នកកាប់ឈើខុសច្បាប់ ទាំងនោះ តែងបង់លុយ ឱ្យរាល់ពេលចេញចូល ។

ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដី ៣ស្រុក បានផ្ដល់ប្រយោជន៍ឱ្យប្រជាពលរដ្ឋច្រើនជាង ២ម៉ឺន គ្រួសារ ជារៀងរាល់ឆ្នាំ ដូចជា ៖ ការចូលទៅរកអនុផលព្រៃឈើ ដកផ្សិតព្រៃ និង ការដងជ័រ ឬ ក៏បេះជ័រចុង យកទៅលក់ដូរជាដើម ។

សូមរំលឹកផងដែរថា ព្រៃឈើ គឺជាប្រភពធនធានមួយ ដែលចូលរួមចំណែកការពារបរិស្ថាន មានជីវចម្រុះគ្រប់ប្រភេទ សម្រាប់ជាប្រយោជន៍ជាតិ និង សម្រាប់ផលប្រយោជន៍ កូនចៅជំនាន់ក្រោយៗទៀត ទាំងនេះ ត្រូវតែទទួលបាន នូវកិច្ចការពារពីប្រជាពលរដ្ឋ និង រដ្ឋាភិបាលជាបន្ទាន់ ៕

295 Views