នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យធ្វើអធិការកិច្ច ទៅលើមេ PM ខេត្តស៊ីដាច់លុយឧបត្ថម្ភ ចំនួន ៨០លានរៀល !

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យធ្វើអធិការកិច្ច ទៅលើមេ PM ខេត្តស៊ីដាច់លុយឧបត្ថម្ភ ចំនួន ៨០លានរៀល !

ភ្នំពេញ ៖
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស បានបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចចុះធ្វើអធិការកិច្ច រឿងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ត្រូវបានកូនចៅក្រោមឱវាទចោទប្រកាន់ថា បានស៊ីដាច់លុយឧបត្ថម្ថចំនួន ៨០លានរៀល ដែលជាលុយឧបត្ថម្ភ ដល់អង្គភាព ដើម្បីចែកមន្ត្រីអាវុធហត្ថ ។

គណៈកម្មការ ចំពោះកិច្ចបានចុះ ទៅដល់ខេត្តព្រះវិហារ ហើយកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី ១៨ ខែ កញ្ញា នេះ បានចាប់ផ្តើម ធ្វើការស្រាវជ្រាវស៊ើបអង្កេត ករណីចោទប្រកាន់ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ដើម្បីឲ្យដឹងការពិត ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានស៊ីដាច់លុយ របស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ប្រមាណ ៨០លានរៀល ដែលបានឧបត្ថម្ភ ដល់អង្គភាព “ ខ 262 ” កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ។ ក្រៅពីលុយ ៨០លានរៀល លោកឧត្តសេនីយ៍ត្រី កង សៅគុណ បានធ្វើសកម្មភាពមិនប្រក្រតីជាច្រើនទៀត ។

ប្រភពដដែលបានទម្លាយទៀតថា សកម្មភាពមិនប្រក្រតីធំៗ របស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មានដូចជាៈ
១ . យកដីអង្គភាព មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជា ដីនៅស្នាក់ការស្រយ៉ង់ និង ដីស្នាក់ការកំពង់ស្រឡៅ ។
២ . បង្ខំមេបញ្ជាការមូលដ្ឋាន តាមបណ្តាលក្រុង/ស្រុក កាត់ប្រាក់ខែ ក្នុងមួយខែ ៥០ម៉ឺនរៀល ដើម្បីធ្វើអគារថ្ម តាមបណ្តាក្រុង-ស្រុក ហើយអួតថា ខ្លួនជាអ្នកកសាង ។
៣.គំរាមគំហែងមេបញ្ជាការរង រហូតដល់យុទ្ធជន ប្រមាថចាប់ដាក់គុក កាត់ឈ្មោះចោល ។
៤.ចាប់ឡានដឹកឈើ ខុសច្បាប់ នៅស្រុកជ័យសែន ជំរិតទារប្រាក់ចំនួន ៦លានរៀល កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៨ ជាថ្នូរ នឹងការដោះលែងទៅវិញ ។
៥ .ចំពោះឡានដឹកឈើខុសច្បាប់ ចេញពីដេប៉ូនៅក្នុងខេត្ត គឺត្រូវបង់ក្នុងមួយឡានចំនួន ៥០០ដុល្លារ ។
៦.ចំពោះឡានយីឌុបដឹកឈើ ខុសច្បាប់ផ្សេងៗទៀត ដែលឆ្លងកាត់ក្នុងខេត្តត្រូវបង់ក្នុងមួយឡានចំនួន ១៥០ដុល្លារ ។

មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់អះអាងទៀតថា៖ ការទទួលប្រាក់ ពីសកម្មភាពផ្ទុយច្បាប់នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ឲ្យលោក កង ពុទ្ធា ជាប្អូនបង្កើតរបស់លោក ជាអ្នកយកលុយ នៅចំណុចស្នាក់ការសន្តិសុខ នៅព្រំប្រទល់ខេត្តព្រះវិហារ និង កំពង់ធំ ហើយលោក ចាន់ សី ជាអ្នកចាំយកលុយ នៅស្នាក់ការសន្តិសុខ ព្រំប្រទល់ខេត្តព្រះវិហារ និង សៀមរាប ។

ចំណែក លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបដិសេធថា លោកមិនបានប្រព្រឹត្ត ដូចអ្វី ដែលចោទប្រកាន់នោះទេ ។ ហើយរឿងនេះ ទុកឲ្យគណៈកម្មការ ចំពោះកិច្ចពិនិត្យមើលចុះ ! ៕

លោក កង សុគុណ
លោក កង សុគុណ មេប៉េអឹមខេត្តព្រះវិហារ
170 Views