ប្រជានេសាទរស់នៅលើបឹងទន្លេសាបក្នុងខេត្តកំពង់ធំត្អូញត្អែរពីទិន្នផលត្រីថយចុះ!

ប្រជានេសាទរស់នៅលើបឹងទន្លេសាបក្នុងខេត្តកំពង់ធំត្អូញត្អែរពីទិន្នផលត្រីថយចុះ!


ខេត្តកំពង់ធំ ៖
ប្រជានេសាទភាគច្រើនរស់នៅ ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ស្ថានភាពត្រីនៅឆ្នាំ ២០១៨ នេះ គឺថយចុះជាងឆ្នាំមុនៗ ធ្វើឲ្យពួកគាត់កាន់តែប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលពួកគាត់នេសាទត្រី មិនសូវបានច្រើន ដូចឆ្នាំមុនៗឡើយ រហូតដល់ពេលខ្លះ ពួកគាត់ត្រូវរកចាប់ខ្យង ដើម្បីយកទៅលក់ជំនួស ឲ្យការរកត្រីទៅវិញ ។

មន្ត្រីជំនាញជលផលខេត្តថា ទិន្នផលត្រីមិនថយចុះទេ ប៉ុន្តែអាចដោយសារពលរដ្ឋប្រៀបធៀប មិនត្រូវតាមពេលវេលាប៉ុណ្ណោះ ។

ប្រជានេសាទនៅឃុំពាមបាង មិនទាន់ដឹងប្រាកដអំពីមូលហេតុ បណ្ដាលឲ្យទិន្នផលត្រីនៅតំបន់ពួកគេរស់នៅធ្លាក់ចុះជាងឆ្នាំមុនៗទេ ។ ពលរដ្ឋខ្លះយល់ថា អាចដោយសារ ទឹកឆ្នាំក្នុងឆ្នាំ ២០១៨ នេះឡើងគំហុកជាងឆ្នាំមុន ហើយឡើងខុសពេលវេលាត្រីពងផង ទើបធ្វើឲ្យត្រីខ្លះមិនទាន់ជម្រុះពងរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាត្រីថយចុះធ្វើឲ្យពួកគាត់ដែល រស់ពឹងអាស្រ័យលើការនេសាទតែមួយមុខនោះ ត្រូវជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមិនមានដីស្រែចម្ការសម្រាប់ធ្វើ ដូចពលរដ្ឋរស់នៅលើដីគោកឡើយ ។

ប្រជានេសាទរស់នៅឃុំពាមបាង មានប្រសាសន៍ដូចៗគ្នាថា ទិន្នផលត្រីនៅឆ្នាំនេះ ថយចុះខ្លាំងជាងឆ្នាំមុន ឆ្ងាយណាស់ ។ ពួកគាត់ថា កាលប៉ុន្មានឆ្នាំមុន បឹងអភិរក្សទន្លេឆ្មារីង និងមានត្រីងាប់ផង ប៉ុន្តែពេលទឹកឡើងមក ត្រីនៅមានច្រើនគ្រាន់បើ ដោយពួកគាត់នេសាទក្នុងមួយថ្ងៃអាចបានចន្លោះពី ៥០ ទៅ ១០០ គីឡូក្រាម ។ ចំណែកនៅខែ ១០ ឆ្នាំ២០១៨ នោះ ប្រជានេសាទរកត្រីបានក្នុងមួយថ្ងៃៗ មិនដល់ ១០គីឡូក្រាមផង ។

ជាក់ស្តែង ដោយសារទិន្នផលត្រីថយចុះខ្លាំងនៅឆ្នាំនេះ ពលរដ្ឋមួយចំនួននាំគ្នារកខ្យងដើម្បីលក់ដូរ គ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារទៀតផង ៖«អារឿងហ្នឹង ! វាពិបាកដែរ បងអើយ! មួយៗ ឮតែពោលដែរថា រកអីមិនបានសោះ ដាច់បាយហើយ ! អ្នកខ្លះទៅរាវខ្យងទាំងគ្រួសារ ៗ អស់ទៅហើយ ! » ។

ពលរដ្ឋភាគច្រើន្ឋត្អូញត្អែរថា ត្រីកាន់តែពិបាករក ចំណែកឧបករណ៍នេសាទរបស់ពួកគាត់ ជាលក្ខណៈគ្រួសាររស់នៅលើផ្ទៃទឹក ក៏កាន់តែពិបាកនេសាទថែមទៀត ព្រោះមន្ត្រីជំនាញតែងចុះបង្ក្រាបជានិច្ច ។ ពួកគាត់ ស្នើសុំឲ្យរាជរដ្ឋាភិបាលកំណត់ឧបករណ៍នេសាទ របស់ពួកគាត់ ដែលរស់ពឹងអាស្រ័យលើ មុខរបរមួយនេះ ឲ្យបានច្បាស់លាស់ និង ទូលាយជាងមុន ជៀសវាង ធ្វើឲ្យពលរដ្ឋកាន់តែពិបាកក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់ខ្លួន ។

មន្ត្រីយោធាម្នាក់ ដែលឈរជើងនៅលើភ្នំច្រមុសបាននិយាយ ដោយសម្គាល់ថា ទិន្នផលត្រីនៅឆ្នាំនេះ ពិតជាធ្លាក់ចុះប្រាកដមែន ។ ទិន្នផលត្រីថយចុះ នៅតំបន់ពួកគាត់រស់នៅ គឺបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ពីព្រោះអ្នកភូមិស្ទើរតែទាំងអស់ទៅហើយ ដែលរស់ពឹងអាស្រ័យលើរបរនេសាទ ។ លោកបញ្ជាក់ថា បទល្មើសនេសាទឆ្នាំនេះ ក៏មិនសូវមានច្រើនដូចមុនៗដែរ ប៉ុន្តែត្រីនៅតែមិនសូវសម្បូរ ៕

131 Views