សត្វ​ទន្សោង​ឈ្មោល​១ក្បាល រស់នៅ​ក្នុងព្រៃ​សហគមន៍​ ត្រូវគេបាញ់សម្្លាប់យ៉ាងសាហាវ.?

សត្វ​ទន្សោង​ឈ្មោល​១ក្បាល រស់នៅ​ក្នុងព្រៃ​សហគមន៍​ ត្រូវគេបាញ់សម្្លាប់យ៉ាងសាហាវ.?

ខេត្តកំពង់ស្ពឺ : ក្រុមព្រានព្រៃ បាញ់សម្លាប់ រួចព្រលះយកសាច់ដាក់ឡានបម្រុងនិងដឹកចេញ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងសមត្ថកិច្ចអភិរក្សសត្វព្រៃ សហការជាមួយកងរាជអាវុធហត្ថស្រុកថ្ពង ឃាត់ខ្លួនឧក្រិដ្ឋជននោះ បានម្នាក់និងរថយន្តវីហ្គោមួយគ្រឿង។
ប៉ូលិសស្រុកថ្ពងឲ្យដឹងថា ក្រុមអ្នកបរបាញ់សត្វព្រៃនេះ មិនមែនអ្នកស្រុករស់នៅក្នុងស្រុកថ្ពងទេ គឺមកពីភ្នំពេញ ដែលចូលចិត្តបរបាញ់សត្វ និងបានជួលព្រានព្រៃ ដើម្បីនាំផ្លូវ ចូលក្នុងព្រៃ ស្វែងរកបាញ់សត្វព្រៃទាំងនេះ។
ក្រោយឃាត់ខ្លួន បុរសជនសង្ស័យ ដែលបានបាញ់សម្លាប់សត្វព្រៃដ៏កម្រនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

ជនសង្ស័យ ដែលពាក់ព័ន្ធករណីបាញ់សម្លាប់សត្វទន្សោងដ៏កម្រនេះ មានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអង្គ្រង ឃុំស្វាយទាប ខេត្តស្វាយរៀង។
ករណីបាញ់សម្លាប់សត្វទន្សោងឈ្មោលនេះ គ្រាន់តែជាករណីមួយ ក្នុងចំណោមបទល្មើសសត្វព្រៃ ដែលកើតឡើងជាច្រើនទៀត ពិសេសនៅខេត្តភាគឥសាន្ត ដែលជាតំបន់ព្រៃភ្នំ ដូចជា នៅខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។ ពោលគឺសត្វព្រៃ ដូចជា ឈ្លុស ក្តាន់ ត្រកួត ជ្រូកព្រៃ ជាដើម នៅតែត្រូវបានគេទាក់ ចាប់ បាញ់សម្លាប់ យកមកលក់ ពិសេសស្ទើរតែគ្រប់ហាង និងនៅតាមតំបន់រមណីយដ្ឋាន ក្នុងខេត្តព្រៃភ្នំទាំងនេះ គេអាចកុម្ម៉ង់ទិញសាច់សត្វព្រៃទាំងនេះ ដើម្បីធ្វើម្ហូបបានគ្រប់ពេល។
ដូច្នេះ ពលរដ្ឋខ្មែរយើង គួរតែបង្កើនចិត្តស្រឡាញ់សត្វព្រៃ ពិសេសសត្វទន្សោងឈ្មោល ដែលមានរូបរាងស្រដៀងគោ ឬគេហៅថា គោព្រៃ គឺមានពណ៌សម្បុរស្រស់ស្អាត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

យើងម្នាក់ៗ មិនចាំបាច់ថា ថែរក្សាការពារអ្វីទេ គ្រាន់តែយើងម្នាក់ៗ ប្រកាន់ចិត្តថា មិនសម្លាប់សត្វព្រៃទាំងនោះ ហើយត្រូវតែហ៊ានបដិសេធមិនទិញ មិនទទួលទានសាច់សត្វព្រៃ កុំថាឡើយដល់ទៅទន្សោង គោព្រៃ ឬក៏ឈ្លុស ក្តាន់ ត្រកួត ជ្រូកព្រៃ ពស់ អណ្តើក… នោះក៏រាប់ថា យើងបានចូលរួមការពារសត្វព្រៃទៅហើយ។
រីឯអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់វិញ ក៏ត្រូវបង្កើនកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការខាងសត្វព្រៃ ក៏ដូចជាសហការជាមួយប្រជាពលរដ្ឋសហគមន៍ ត្រូវបង្កើនការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារសំខាន់សត្វព្រៃ ហើយឈប់សម្លាប់សត្វព្រៃ បែរជាថែរក្សាការពារ ដើម្បីទុកជាសម្បត្តិធម្មជាតិ ហើយអាចទាញចំណូលពីសត្វព្រៃ ក៏ដូចជាព្រៃឈើ តាមរយៈការបម្រើសេវាទេសចរណ៍ជំនួសវិញ។ កាលណា សត្វព្រៃមានច្រើន មិនថាឡើយអ្នកទេសចរជាពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅភ្នំពេញ គឺអ្នកទេសចរ ជាជនបរទេស ក៏ស្កាត់ទៅលេង ទៅមើលសត្វព្រៃទាំងនោះ ហើយប្រជាសហគមន៍នេះឯង ដែលជាអ្នកទទួលបានចំណូលយូរអង្វែងពីសត្វព្រៃ ពីព្រៃឈើ ដោយមិនមែនយកឆ្អែតតែមួយពេលពីរពេល ពីការសម្លាប់សត្វព្រៃទាំងនោះទេ។
ជនល្មើសខ្លួនឯង ដែលប្រព្រឹត្តបទល្មើសចាប់ សម្លាប់សត្វព្រៃ ជាការកម្សាន្ត ឬក៏ជាមុខរបរ ត្រូវតែប្តូរអាជីពនេះ ព្រោះថា មិនខ្វះទេ របៀបកម្សាន្ត ហើយក៏រឹតតែមិនខ្វះទៅទៀត មុខរបរដើម្បីចិញ្ចឹមជីវិត ឬក៏ត្រីសាច់ ជំនួសឲ្យសត្វព្រៃ សម្រាប់ធ្វើជាម្ហូបអាហារនោះ។ ដូចករណីនេះអីចឹង នៅពេលកងកម្លាំងមានសមត្ថកិច្ចតាមទាន់ គឺត្រូវជាប់គុក ហើយអស់ទាំងឡាននោះទៀត។
សរុបមក ទាំងប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗ ត្រូវតែបង្កើនចិត្តស្រឡាញ់សត្វព្រៃ។ រីឯជនល្មើស ដែលមិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួន ត្រូវតែភ្ញាក់រលឹក កែខ្លួន ឈប់សម្លាប់សត្វព្រៃ ហើយរកមុខរបរអ្វីផ្សេងធ្វើវិញ។ ប្រជាសហគមន៍ ក៏ត្រូវចូលរួមកាន់តែខ្លាំងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសត្វព្រៃ និងព្រៃឈើ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍ ដែលជាឧស្សាហកម្ម គ្មានផ្សែង ហើយបានចំណូលយូរអង្វែងតកូនតចៅផងដែរ៕

2 នាក់បានអាន