ចិន​ខឹងអាមេរិក ក្រោយ​អាមេរិក​បញ្ចេញ​បញ្ជី​ទំនិញ​១៣០០​មុខ ដែល​តម្រូវ​ឲ្យ​ខ្លួន​បង់ពន្ធ​ច្រើន​

ចិន​ខឹងអាមេរិក ក្រោយ​អាមេរិក​បញ្ចេញ​បញ្ជី​ទំនិញ​១៣០០​មុខ ដែល​តម្រូវ​ឲ្យ​ខ្លួន​បង់ពន្ធ​ច្រើន​

នៅ​ថ្ងៃទី​៣ ខែមីនា អាមេរិក​បានបង្ហាញ​បញ្ជី​ផលិតផល​របស់​ចិន​ជាង​១៣០០​មុខ ដែល​ត្រូវ​បង់ពន្ធ​នាំចូល ដល់​ទៅ​៥០​ពាន់​លាន​ដ​ល្លារ​។ ចិន​បាន​ខឹងសម្បារ​យ៉ាងខ្លាំង នឹង​ការប្រកាស​របស់​អាមេរិក និង​ត្រៀមខ្លួន​ចាត់វិធានការ​តប​វិញ​។ ក្រុង​ប៉េកាំង ទើបតែ​ដំឡើង​ពន្ធ​ទំហំ​បី​ពាន់​លាន​ដុល្លារ លើ​ផលិត​អា​មេ  រិ​ក​១២៨​មុខ ដែល​ត្រូវ​នាំចូល​ទីផ្សារ​ចិន ជាការ​ឆ្លើយតប​នឹង​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​ចិន​។​

អាមេរិក និង​ចិន កំពុងតែ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពន្ធ​ហើយ​។ មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​ដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​ជាច្រើន​មុខ ដើម្បី​ឆ្លើយតប​ចំណាត់ការ​របស់​ប្រទេស​មួយទៀត​។ អាមេរិក​បាន​ផ្ដើម​សកម្មភាព តាមរយៈ​ការដំឡើង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម ឯ​ចិន​បាន​ឆ្លើយតប​វិញ​ដោយ​ដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​អាមេរិក​១២៨​មុខ​។ នៅ​មិន​ស្ងៀម​ឡើយ អាមេរិក​ក៏បាន​បញ្ចេញ​បញ្ជី​ទំនិញ​របស់​ចិន​ជាង​១៣០០​មុខ​ទៀត ដែល​ប្រឈមមុខ​ការបង់ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ទៀត​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា បញ្ជី​ទំនិញ​ទាំងអស់​រួមមាន សម្ភារ​អេឡិចត្រូនិក យន្តហោះ ថ្នាំពេទ្យ និង​ម៉ាស៊ីន​ជាដើម នឹងត្រូវ​សម្រេច​ចុងក្រោយ មុននឹង​អនុវត្ត​តែម្ដង​។ វិធានការ​នេះ ជា​ឆ្លើយតប​នឹង​បញ្ហា​ពាក់ព័ន្ធ​ចិន​លួច​បច្ចេកវិទ្យា និង​កម្មសិទ្ធិ​បញ្ហា​អាមេរិក តំណាង​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer និយាយថា បញ្ជី​នេះ​រៀបចំឡើង​ក្រោយ​ការវិភាគ​របស់​ទីភ្នាក់ងារ​សេដ្ឋកិច្ច​ជាច្រើន និង​សំដៅ​តែ​ផលិតផល​ដែល​ទទួលបាន​ប្រយោជន៍​ពី​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន តែ​កាត់បន្ថយ​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​។

​ក្រុង​ប៉េកាំង​ឯណោះ​វិញ ពិតជា​ក្ដៅស្លឹកត្រចៀក​មិន​ទែន ក្រោយ​អាមេរិក​ផ្សាយ​បញ្ជី​ផលិតផល​របស់ខ្លួន ដែល​នឹងរង​ការបង់ពន្ធ​ដ៏​ច្រើន​។ ស្ថាប័ន​ចិន​ជាច្រើន បាន​ចេញមុខ​ប្រឆាំង​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន និង​ជា​ចាត់ទុកជា​សកម្មភាព​ឯក​ភាគី​និយម និង​គាំពារ​និយម​។ ក្រសួងការបរទេស​ចិន តាម    រយៈ​អ្នកនាំពាក្យ​របស់ខ្លួន​លើកឡើងថា ចិន​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត នយោបាយ​របស់​អា​មេរិ​ក​។​

​ចំណែកឯ​ក្រសួងពាណិជ្ជកម្ម​ចិន​វិញ នៅ​ថ្ងៃទី​៤ ខែមេសា ក៏​ចេញមក​បង្ហាញ​ជំហរ​ជំទាស់​ដូចគ្នា​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងពាណិជ្ជកម្ម​ចិន ត្រៀមខ្លួន​ជាស្រេច ដើម្បី​វាយបក​អាមេរិក​វិញ​ផងដែរ​។ ចិន​បាន​ចោទ​អាមេរិក​ថា មិនបាន​ខ្វល់ខ្វាយ​ពី​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ប្រយោជន៍​ទៅវិញទៅមក លើ​វិស័យសេដ្ឋកិច្ច​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ហើយក៏​មិន​យកចិត្តទុកដាក់ លើ​ការតវ៉ា​របស់​បណ្ដា​ពាណិជ្ជករ​អាមេរិក និង​ចិន ក៏ដូចជា​អ្នកប្រើប្រាស់​ទូទៅ​។

​ការដំឡើង​ពន្ធ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺជា​នយោបាយ​បង្កើន​ប្រយោជន៍​អាមេរិក ដែល​លោក ត្រាំ អះអាងថា ត្រូវបាន​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន កេងប្រវ័ញ្ច​រាប់សិប​ឆ្នាំ​មកហើយ​។ សម្រាប់​ករណី​ជាមួយ​ចិន​វិញ ការដំឡើង​ពន្ធ​នេះ គឺជា​ការ​ចំណាត់ការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែលមាន​ជាង​៣៧០​ពាន់​លាន​ដុល្លារ ក៏​ជា​ទាញយក​ពន្ធ​ពី​ផលិតផល​ចិ ន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​ផង​៕

1 នាក់បានអាន